ឯកឧត្តម ជា សុផារ៉ា អញ្ជើញពិនិត្យការស្ថាបនាផ្លូវក្រវាត់ក្រុង នៅស្រុកព្រៃនប់

AKP ព្រះសីហនុ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដំណើរដោយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ និងមានការចូលរួមពីមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ និងអភិបាលស្រុក ព្រៃនប់ បានអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវក្រវាត់ក្រុង ចាប់ពីខាងមុខព្រលានយន្ត ហោះអន្តរជាតិកងកេង ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រហូតដល់ឆ្នេររាម បានបន្តដំណើរពិនិត្យផ្លូវភ្នំ ជំទាវម៉ៅ ចូលមកក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម ជា សុផារ៉ា ក៏បានណែនាំដល់មន្ត្រីជំនាញ ស្ថាបនាផ្លូវក្រវាត់ ក្រុង និងផ្លូវក្នុងក្រុងព្រះសីហនុ ត្រូវតែមានបរិមាណ គុណភាពធានាការប្រើប្រាស់បានយូរ ព្រោះការស្ថាបនាផ្លូវទាំង៣៤ខ្សែនេះ ត្រូវប្រើពេល៨ខែ។ ដូច្នេះការស្ថាបនាផ្លូវនេះត្រូវបាន បង្កើនសោភណភាព បរិស្ថានល្អ  ដើម្បីជាការទាក់ទាញអ្នកវិនិយោគទុន ក៏ដូចជាអ្នកទេសចរ ជាតិ-អន្តរជាតិ មកកាន់ខេត្តមាត់សមុទ្រកាន់តែច្រើនឡើង នាពេលខាងមុខ។

សូមរម្លឹកថា ការស្ថាបនាផ្លូវ ៣៤ខ្សែនោះ មានក្រុមហ៊ុន និងកងវិស្វកម្មចំនួន៨ គឺ ១.ក្រុមហ៊ុន រ៉ូយ៉ាល់មេគង្គ ខនស្ត្រាក់សិន & ឌីវេឡុបមិន, ២.កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប, ៣.ក្រុមហ៊ុន ហេងសម្បត្តិ, ៤.កងវិស្វកម្មលេខ ១៧៨ ស្ពាន ថ្នល់ , ៥.ក្រុមហ៊ុន SCE, ៦.ក្រុមហ៊ុន VT Engineering & Construction, ៧. ក្រុមហ៊ុន សាជីវកម្មពិស្ណុការ អន្តរជាតិ , ៨. ក្រុមហ៊ុន K.B.H Construction Co Ltd៕

ដោយ ងូ សុមុនី