អភិបាលខេត្តកំពង់ចាម៖  យើងត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពធនធានបានពីថ្នាក់ជាតិ  ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងមូលដ្ឋាន 

AKP កំពង់ចាម ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — យើងត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិតាមរយៈក្រសួង ឬធនធានពីដៃគូនានា ដើម្បីបន្តការអភិវឌ្ឍជារៀងរាល់ឆ្នាំលើហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត ដើម្បីនឹងចូលរួមដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងធ្វើយ៉ាង ណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់មានភាពប្រសើរឡើង។

នេះជាការលើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពិគ្រោះ យោបល់របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស លើសេចក្តីព្រាងកម្មវិធីវិនិយោគ បីឆ្នាំរំកិលខេត្ត ឆ្នាំ២០២០-២០២២ នានៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ  ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ​មន្ទីរ​ផែន​ការ​ខេត្ត​កំពង់ចាម​ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអភិបាល អភិបាលរងក្រុង ស្រុកទាំង១០របស់ខេត្ត។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានលើកឡើងថា យើងត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិតាមរយៈក្រសួង ឬធនធានពីដៃគូនានា ដើម្បីបន្តការអភិវឌ្ឍជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទាំងអស់មានភាពប្រសើរឡើង និងចូលរួមដោះស្រាយបញ្ហាប្រឈម នៅមូលដ្ឋានឱ្យបានទាន់ពេលវេលា។ ការរៀបការងារកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល​ ២០២០-២០២២ នេះពិតជាឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ អាណត្តិទី៦របស់រដ្ឋសភា និងគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិយ៉ាងពិតប្រាកដ។

ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា កិច្ចប្រជុំស្ដីពីការពិគ្រោះយោបល់របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២០-២០២២ ពិតជាមានសារៈសំខាន់ណាស់ ដោយប្រទេសជាតិមានការរីកចម្រើនលើកគ្រប់វិស័យ កំណើនសេដ្ឋកិច្ចគ្រួសារ បានកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ហើយកំណើនសេដ្ឋកិច្ចក្នុងខេត្ត  បីឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តបានរក្សាកំណើនសេដ្ឋកិច្ចនៅរង្វង់៦ភាគរយ ក្នុងមួយឆ្នាំៗបានរួម ចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ប្រជាពលរដ្ឋបានរួចផុតពី បន្ទាត់ក្រីក្រជាបន្តបន្ទាប់។

ឯកឧត្តម​ ​ អ៊ុន ចាន់ដា បាន​បញ្ជាក់ឱ្យដឹងថា តាមលទ្ធផលសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ឃុំ/សង្កាត់ ក្រុង/ស្រុក យើងទទួលបាននូវគម្រោង សរុបចំនួន២.៦៥៧គម្រោង ស្មើនឹង៥៥ភាគរយនៃគម្រោងស្នើឡើងចំនួន៤.៨២៥គម្រោង ដែលតាមមន្ទីរ អង្គភាពគាំទ្របានចំនួន២.៣២៧គម្រោង អង្គការសង្គមស៊ីវិលគាំទ្រ បានចំនួន៣២៩គម្រោង និងសប្បុរសជនចំនួន០១គម្រោង។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានឱ្យដឹថា  គម្រោងវិនិយោគកំពុងដំណើរការ មានចំនួន២៤គម្រោង ដែលត្រូវចំណាយថវិកាសរុបអស់ ៥០.៣១២លានរៀល និងគម្រោងដែលមានថវិកាគាំទ្រ មានចំនួន៣៧០គម្រោង ដែលត្រូវចំណាយថវិកាអស់ ៣៨៩.២៣០លានរៀល ដែលត្រូវអនុវត្តន៍ក្នុងឆ្នាំ២០២០ ហើយគម្រោងទាំងនេះ ពិតជាស្ដែងឡើងនូវការរីកចម្រើនលើកគ្រប់វិស័យ ធ្វើឱ្យប្រជាពលរដ្ឋមានកំណើនសេដ្ឋកិច្ច គ្រួសារកាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុក ហើយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត និងការអភិវឌ្ឍប្រទេសជាតិ ដើម្បីឱ្យប្រជាពលរដ្ឋបានឆ្លង រួចផុតពីបន្ទាត់ក្រីក្រជាបន្ត បន្ទាប់ផងដែរ​៕

ដោយ ឆាយ ម៉ុត