រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ស្តីពីការជំរុញចលនាភូមិមួយ ផលិតផលមួយ

AKP ព្រះសីហនុ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ស្តីពីការជំរុញចលនាភូមិមួយ ផលិតផលមួយ ដោយមានការចូលរួមពីអភិបាលរងក្រុង ស្រុក អនុប្រធានមន្ទីរជុំវិញខេត្ត ។

លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា តាមគោលនយោ បាយជាតិ ស្តីពីជំរុញចលនាភូមិមួយ ផលិតផលមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ២០១៦ -២០២៦ ដើម្បីរុញច្រានផលិតផលរបស់ប្រទេសជាតិ ដែលមានសេដ្ឋកិច្ចរីកចម្រើន យើងត្រូវ បង្កើនយន្តការរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យឈានទៅមុខលើវិស័យមួយចំនួនដូចជា៖ វិស័យ កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដូច្នេះក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបង្កើនចលនាប្រជាពលរដ្ឋ ដោយជំរុញលើកទឹកចិត្ត ផលិតនូវវត្ថុធាតុដើម ការកែច្នៃវត្ថុអនុស្សាវរីយ៍ ដាក់លក់នៅលើទីផ្សារក្នុងខេត្ត ដែលខ្លួនបានផលិត។

លោកអភិបាលរងខេត្តបានបន្តថា ចលនាភូមិមួយ ផលិតផលមួយ មានចរិតជាការ អភិវឌ្ឍសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍចម្រុះនៅតាមសហគមន៍ចលនានេះ មានដើមកំណើត នៅខេត្តអយតា ប្រទេសជប៉ុននាទស្សវត្សរ៍ ឆ្នាំ១៩៧០ ចលនានេះ ត្រូវបានប្រទេសកំពុង អភិវឌ្ឍន៍យកទៅអនុវត្តន៍ប្រែក្លាយជាចលនាសកល ស្របតាមភូមិសាស្ត្រសេដ្ឋកិច្ច នយោបាយ និងសង្គម ដោយពឹងផ្អែកលើគោលការណ៍គ្រឹះសំខាន់ៗគឺ៖ ១.គិតជាសកល ដោយធ្វើតាមមូលដ្ឋាន សំដៅលើគំនិតផ្សាភ្ជាប់ជាមួយវប្បធម៌ ប្រពៃណីតាមមូលដ្ឋាន បង្កើតផលិតផល រកទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ២.ពឹងផ្អែកលើខ្លួនឯង និងការច្នៃប្រឌិត រស់រវើក ហើយរដ្ឋបាលមូលដ្ឋានមានភារ កិច្ចសម្របសម្រួលផ្នែកបច្ចេកទេស និងទីផ្សារ។ ៣. ជម្រុញការអភិវឌ្ឍធនធានមនុស្ស ចាំបាច់ក្នុងការអភិវឌ្ឍសហគមន៍មួយ ឆ្លើយតបប្រកប ដោយការច្នៃប្រឌិតរស់រវើក។ គំនិតនៃការជំរុញចលនាភូមិមួយ ផលិតផលមួយ  ឬផលិត ផលនៅតាមតំបន់ ឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ ប្រពៃណីតាមបែបបុរាណ និងតាមបែប សម័យទំនើប ដែលផ្តល់នូវកិត្យានុភាព និងមោទនភាពចំពោះភូមិឋាន ដោយពង្រឹងពង្រីក បរិមាណ គុណភាព និងសោភណភាព ដើម្បីរកកម្រៃបន្ថែម ជួយបង្កើនប្រាក់ ចំណូលប្រចាំគ្រួសារ។ ចក្ខុវិស័យផ្តោតលើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ធ្វើឱ្យ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ និងចូលរួមលើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋកាន់ តែល្អប្រសើរឡើង សំដៅជំរុញការអភិ វឌ្ឍផលិតកម្មជាទំនិញ និងសេវាកម្មនានា នៅតាមភូមិឋាន ឬសហគមន៍ទូទាំងខេត្ត ធានាការចូលរួមអភិវឌ្ឍន៍ប្រកបដោយចីរភាពលើគ្រប់វិស័យ រួមមាន សេដ្ឋកិច្ច បរិស្ថាន និងសង្គមក្នុងកម្រិតភូមិឋាន សហគមន៍ប្រទេសជាតិ និងសកលលោក ។

លោក គង់ វិតាណៈ បានធ្វើការណែនាំឱ្យអាជ្ញាធរក្រុង ស្រុក បង្កើតក្រុមការងារជំរុញ ចលនាភូមិមួយ ផលិតផលមួយឱ្យបានផុលផុសស្របតាមកំណើន នៃការវិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន៕

ដោយ ងូ សុមុនី