ស្រូវវស្សា​ជាង​១.២០០​ហិកតា ក្នុងស្រុក​ចំនួន​ពីរ  របស់ខេត្តកំពង់ចាម ត្រូវបានជួយសង្គ្រោះរួចផុតពីការខូចខាត

AKP កំពង់ចាម ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — លោក អ៊ុម វិបុល ប្រធានមន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ចាម បានឱ្យទីភ្នាក់ សារព័ត៌មានកម្ពុជា AKP ដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ  ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា កន្លងមកដោយមាន ការយក ចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមអភិបាលខេត្ត ​មន្ត្រី​ជំនាញ​មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម ​និងមន្ត្រី​ជំនាញកសិកម្ម​ រួមទាំង​អាជ្ញាធរស្រុកបាន​ចុះជួយអន្តគមន៍​សង្គ្រោះ​ដំណាំ​ស្រូវវស្សា​​នា​ចុងរដូវ​នៅក្នុងស្រុកពីររបស់ខេត្ត គឺ​ស្រុក​ព្រៃឈរ និង​ស្រុក​ស្រី​សន្ធរ​ បាន​ចំនួន ១.២៣១ហិកតា ដែលបានរងផលប៉ះពាល់ដោយខ្វះខាតទឹក ដោយយើងមានប្រភព ទឹកជួយសង្គ្រោះបាន។

​លោក​ប្រធាន​មន្ទីរ​បាន​ឱ្យ​ដឹង​ទៀតថា មកដល់ត្រឹម​ថ្ងៃទី​២៨ ខែវិច្ឆិកា ​ឆ្នាំ​២០១៩​នេះ​ក្នុងខេត្តកំពង់ចាម យើង​នៅ​មិនទាន់​បានទទួល​ព័ត៌មាន​ពី​មូលដ្ឋានអំពីដំណាំស្រូវ ជួបការខ្វះទឹកចិញ្ចឹមក៏ដូចជាការខ្វះ​ទឹក​ស្រោចស្រព​នោះទេ​ទោះជាយ៉ាងនេះក្តី យើង ក៏បានធ្វើណែនាំ​ដល់​អាជ្ញាធរ​ជួយតាមដានពិនិត្យ​លទ្ធភាព​ ជាក់ស្តែង​អំពី​តម្រូវការ​ក្នុងការ​ប្រើប្រាស់​ទឹក​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់មិនតែប៉ុណ្ណោះ យើងបានធ្វើការ អប់រំផ្សពផ្សាយដល់ប្រជាពលរដ្ឋយើងអំពីប្រទេសយើងទទួសម្ពាធ El Nino ធ្វើឱ្យយើងជួបភាពរាំងស្ងួតក្នុងរយៈពេលវែង ប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ ក៏ដូចការងារកសិកម្ម ប្រជាកសិករ​ត្រូវចេះ​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ខ្ពស់​ពោល ចៀសវាង​ការបង្ហូរ​ដាក់​ស្រែ​ពេញ​ហូរហៀរ​ចោល ឬ​ពេលខ្លះ គិតពី​ផលប្រយោជន៍​ផ្ទាល់ខ្លួននោះយើង និងជួបការលំបាកនៅកង្វះទឹកប្រើប្រាស់។​

លោក អ៊ុម វិបុល បានឱ្យដឹងថា ក្នុងខេត្តកំពង់ចាម​មាន​ប្រព័ន្ធធារាសាស្ត្រ​សរុប​ចំនួន ២៦២កន្លែង បាន​ជួសជុល​ឡើងវិញ​ចំនួន៨៥​កន្លែង ​និង​ស្តារ​ប្រឡាយ​ប្រវែង​សរុប​ចំនួន​៣៩៧,៨២​គីឡូម៉ែត្រ ​សម្រាប់​ជួយ​អន្តរាគមន៍​ជួ​យស​ង្រោះស្រូវ​រដូវប្រាំង និង​ស្រូវវស្សា​ដែល​ជួប​បញ្ហា​ខ្វះ ហើយខេត្តមាន​ផ្ទៃដី​កសិកម្មផ្ទៃដីបង្កបង្កើនផល​ទាំង​ស្រូវ​រដូវវស្សា និង​ទាំង​រដូវប្រាំង​សរុប​ចំនួន ១២៨.៥៤០ហិកតា គឺ​ក្នុងនោះ​ស្រូវវស្សា​មាន​ចំនួន ៨៦.៥៤០ហិកតា និង​ស្រូវប្រាំង​ចំនួន ៤២.០០០ហិកតា​៕

ដោយ ឆាយ ម៉ុត