នាវាទេសចរណ៍ WESTERDAM  នាំភ្ញៀវទេសចរបរទេសជិត ២.០០០នាក់ ចូលចត​កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

AKP ព្រះសីហនុ  ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — តាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នៅ ព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ  WESTERDAM បាន នាំភ្ញៀវទេស ចរ​ចម្រុះជាតិសាសន៍ជិត២.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើ​ទស្សន​កិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល១ថ្ងៃ មុននឹងចាក ចេញទៅកាន់ប្រទេស វៀតណាម ។

នាវាទេសចរណ៍ WESTERDAM មានសញ្ជាតិ Natherland មានបណ្ដោយ ២៨៥.២២ ម៉ែត្រ ទទឹង ៣២.២៥ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ មានភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ២.០០០នាក់ ក្នុងនោះភ្ញៀវ​ទេស​ចរចំនួន ១.៩២៤នាក់ ស្រី ១.០៣២នាក់ មាន ៤៣សញ្ជាតិ និងមាននាវិកសរុបចំនួន ៧៨៨នាក់ ស្រី ១៤០នាក់ មាន ៤២សញ្ជាតិ។ នាវាទេសចរណ៍ WESTERDAM បាននាំភ្ញៀវទេសចរបរទេសមកពីប្រទេសថៃ ចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង៧ និង១០នាទី នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវាក៍មានគម្រោងចាកចេញពីដែនទឹក នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង២១ ថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសវៀតណាម។

ភ្ញៀវទេសចរបានធ្វើដំណើរកម្សាន្តតាមតំបន់រមនីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ ទីប្រជុំជនផ្សារ តំបន់នេសាទទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ និងតាមឆ្នេរសមុទ្រក្នុងក្រុង ខេត្តព្រះសីហនុ។

សូមរម្លឹកថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវាទេសចរណ៍ WESTERDAM ក៏បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ២.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពេញមួយថ្ងៃផងដែរ។ នៅដើមខែវិច្ឆិកានេះ មាននាវាទេសចរណ៍មកពីតំបន់អឺរ៉ុប និងអាស៊ី ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុជាបន្តបន្ទាប់ ព្រោះចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០១៩ និងដល់ខែមេសា ដើមឆ្នាំ ២០២០​ខាងមុខ ជារដូវប្រាំង ការធ្វើដំណើរ តាមផ្លូវសមុទ្រ មានភាពងាយស្រួល មិនជួបហានិភ័យនូវព្យុះ ភ្លៀង ដូចរដូវវស្សា៕

ដោយ ងូ សុមុនី