អាជ្ញាធរសង្កាត់សៀមរាបអះអាងថា សំរាមនៅក្នុងស្ទឹងសៀមរាបនៅតែមាន ដោយសារការចូលរួមរបស់ប្រជាពលរដ្ឋនៅមានកម្រិត

AKP សៀមរាប ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — លោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប បាន​ថ្លែងនៅក្នុង​យុទ្ធានាការសម្អាតបរិស្ថាន នៅក្នុងស្ទឹងសៀមរាប​នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា អាជ្ញាធរសង្កាត់សៀមរាប សហការជាមួយអង្គការមូលនិធីទំពាំងស្នងឫស្សី មន្រ្តីបរិស្ថាន និងប្រជាពលរដ្ឋនៅក្នុងសង្កាត់ បានធ្វើយុទ្ធនាការសម្អាតបរិស្ថាននៅក្នុងសង្កាត់ ទាំងនៅតាមបណ្តាយផ្លូវសំខាន់ៗ និងនៅ ក្នុងស្ទឹងសៀមរាប​ ដើម្បីធ្វើយ៉ាងណាឱ្យបរិស្ថាននៅក្នុងសង្កាត់របស់លោកមានអនាម័យ បរិស្ថានល្អ ព្រោះនៅក្នុង​សង្កាត់សៀមរាប​នេះ មាន​ភូមិកសិទេសចរណ៍ដែលមាន​ភ្ញៀវទេសចរជាច្រើនមកកម្សាន្តសប្បាយនៅតំបន់នេះ។

លោកបាន​បញ្ជាក់ថា បើទោះបីអាជ្ញាធរខិតខំសម្អាតបរិស្ថានយ៉ាងណាក៏ដោយ ក៏បញ្ហា សំរាមនេះនៅតែមានរាយប៉ាយ ជាពិសេសនៅក្នុងស្ទឹងសៀមរាបផ្នែកខាងក្រោម គឺដោយ សារការចូលរួមរបស់ប្រជាពលរដ្ឋនៅមានកម្រិត។ លោកថា អាជ្ញាធរនឹងចាប់ផ្តើមធ្វើការ ផាកពិន័យចំពោះប្រជាពលរដ្ឋណា ដែលយកសំរាមទៅបោះចោលតាមទីសាធារណៈ ជាពិសេសនៅក្នុងស្ទឹងសៀមរាប​ចាប់ពីដើមឆ្នាំ២០២០នេះទៅ បន្ទាប់ពីអាជ្ញាធរ ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានទូលំទូលាហើយនោះ។

លោក ស៊ា សុផល ប្រធានអង្គការមូលនិធីទំពាំងស្នងឫស្សី ដែលជាអ្នកសម្រប សម្រួលកម្មវិធីនេះ បានមានប្រសាសន៍ថា ទិវានេះធ្វើឡើងដើម្បីអបអរសាទរទិវា អនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០១៩ ក្រោមប្រធានបទ«ភូមិស្អាត សុខភាពល្អ» ផងដែរ ស្របពេលដែលរដូវទឹកសម្រកបឹងទន្លេសាប ដោយផ្តោតសំខាន់លើចលនាកម្លាំង គ្រប់ស្រទាប់វណ្ណៈ ក្នុងការចូលរួមធ្វើអនាម័យបរិស្ថាន ហើយកម្មវិធីនេះមានគោលបំណង ដើម្បីបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យ ចេះស្រឡាញ់ ថែរក្សា និងជាពិសេសធ្វើការសម្អាតអនាម័យបរិស្ថាននៅកម្ពុជា។ យុទ្ធនាការសម្អាតបរិស្ថានរដូវ ទឹកសម្រកបឹងទន្លេសាបនេះ នឹងកា្លយជាចលករមួយជំរុញឱ្យមានការផ្តើមធ្វើសកម្មភាព មេត្រីបរិស្ថានចេញពីសហគមន៍នីមួយៗ ពីបុគ្គលម្នាក់ៗក្នុងការចេះទទួលខុសត្រូវរៀបចំ ទុកដាក់កាកសំណល់ដោយមិនបោះចោលពាសវាលពាសកាលតាមទីសាធារណៈ ជា ហេតុធ្វើឱ្យប៉ះពាល់ដល់សោភណភាពបរិស្ថាន ជំរុញការចូលរួមពីសាធារណជនក្នុង ការកាត់បន្ថយ និងការបំពុលដោយប្លាស្ទិកក្នុងកិច្ចគាំពារបរិស្ថាននៅកម្ពុជា ជាពិសេស គឺការបំពុលប្រព័ន្ធជីវៈចម្រុះបឹងទន្លេសាបដែលបង្កឡើងដោយសំរាមប្លាស្ទិក។

លោកបន្តថា ទិវាអនាម័យបរិស្ថាននេះ បានធ្វើកម្មភាពសម្អាតបរិស្ថានចាប់ពីសង្កាត់ សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប, ថ្ងៃទី២៨ ចាប់ពីចំណុចស្ពានផ្លូវ ក្រវាត់ក្រុង ក្នុងភូមិកក្រាញ់ ដល់ចុងស្រុកក្នុងភូមិអារញ្ញ, ថ្ងៃទី២៩ នៅសហគមន៍មេជ្រៃ ស្ថិតនៅភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក, ថ្ងៃទី៣០ នៅសង្កាត់ចុងឃ្នៀស និងនៅថ្ងៃទី០១ ខែធ្នូ ធ្វើនៅសហគមន៍ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប៕

ដោយ ឃុត សៅ