Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

អនុប្រធានទី១ រដ្ឋសភា ស្នើដល់អនុគណៈកម្មការទាំងអស់អនុវត្ដន៍កិច្ចការឱ្យបានល្អ ក្នុងការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ASEP-11

Published

on

AKP ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តមបណ្ឌិត​ ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈកម្មការ រៀបចំកិច្ចប្រជុំ ASEP-11 បានស្នើឱ្យអនុគណៈកម្មការទាំងអស់បន្តអនុវត្ដន៍កិច្ចការរបស់ខ្លួន ឱ្យបានសមស្របតាមប្រតិទិនការងារដែលបានរៀបចំរួចហើយ ទាំងលើការរៀបចំរបាយ ការណ៍ និងឯកសារ ដើម្បីគោរពសូមគោលការណ៏ពីថ្នាក់ដឹកនាំ អំពីមូលបទ និងប្រធានបទ តាមវិស័យនីមួយៗ  កាលបរិច្ឆេទ និងទីកន្លែងប្រជុំ ASEP លើកទី១១នេះឱ្យបានជោគជ័យ។

នៅក្នុងកិច្ចប្រជុំត្រៀម នៃការរៀបចំកិច្ចប្រជុំភាពជាដៃគូ សភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកានេះ នៅវិមាន រដ្ឋសភា​ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានបញ្ជាក់ថា ជោគជ័យក្នុងការរៀបចំកិច្ច ប្រជុំជា អន្តរជាតិនេះ ជាកិត្តិយស សម្រាប់ប្រទេសជាតិ ប្រជាជន និងថ្នាក់ដឹកនាំកម្ពុជាយើងទាំង អស់ ដែលត្រូវត្រៀមលក្ខណ: សម្បត្តិឱ្យបានល្អជាមុន។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានលើកឡើងថា សភាកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំ ភាពជាដៃគូ សភាអាស៊ី-អឺរ៉ុប ដែលមានឈ្មោះជាភាសាអង់គ្លេស “Asia-Europe Parliamentary Partnership Meeting (ASEP)លើកទី១១ នៅចុងឆ្នាំ២០២០ខាងមុខ។ ការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ  (ASEP) គឺជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ដែលរាជរដ្ឋាភិបាលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២០នោះផងដែរ ដែលស្នើឱ្យអនុគណៈកម្មការទាំងអស់ បន្តអនុវត្ដន៍កិច្ចការរបស់ខ្លួនឱ្យបានសមស្រប តាមប្រតិទិនការងារ ដែលបានរៀបចំរួចហើយ ទាំងលើការរៀបចំរបាយការណ៍ និងឯកសារ ដើម្បីគោរពសូមគោលការណ៍ពីថ្នាក់ដឹកនាំ អំពីមូលបទ និងប្រធានបទតាមវិស័យនីមួយៗ, កាលបរិច្ឆេទ និងទីកន្លែងប្រជុំ ASEP លើកទី១១នេះឱ្យបានជោគជ័យ។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិ ASEP-11 បានឱ្យដឹងថា កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមនាពេលនេះ មានការចូលរួមពសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា ដែលជាសមាជិកគណៈកម្ម ការរៀបចំនៃកិច្ចប្រជុំ ASEP – 11 និងមន្រ្តីសភាទំាងពីរ ដែលជាសមាជិកលេខាធិការ ដ្ឋានជាតិ ASEP-11។ កិច្ចប្រជុំនេះ បានលើកពីបញ្ហាមួយចំនួនមកពិភាក្សា​ ដូចជា​ ការកំណត់ទីកន្លែងប្រជុំ ASEP-11 ពេលវេលា និងសេវាកម្មមួយចំនួនដែលបម្រើដល់ការប្រជុំ ដូចជាសេវាដឹកជញ្ជូន​ និងការងារបដិសណ្ឋារកិច្ចជាដើម។

ទាក់ទងនឹងលទ្ធផលត្រៀមលក្ខណ:ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ មកដល់ពេលនេះ លេខាធិការដ្ឋានជាតិ បានបែងចែកការងារ និងបានដាក់ចេញនូវប្រតិទិនការងារ ដែលត្រូវអនុវត្តន៍ពីខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ខែតុលា​ ឆ្នាំ២០២០ ដែលក្នុងនោះ​ បានព្រាងនូវ និមិត្តសញ្ញាសម្រាប់កិច្ចប្រជុំ ព្រាងលិខិតអញ្ជើញ កម្មវិធីព័ត៌មានទូទៅ និងព្រាងនូវគេហទំព័រ ASEP លើកទី១១ ដែលគ្រោងនឹងដំណើរការ នៅក្នុងខែធ្នូ ខាង មុខនេះ។

ចំណែកក្រុមការងារខ្លឹមសារ ឯកសារ បានកំពុង ធ្វើការយ៉ាងសកម្ម ដោយព្រាង នូវមូលបទ ប្រធានបទកិច្ចប្រជុំជាដើម។ នៅក្នុងកិច្ចប្រជុំនេះ​ មានការចូលរួមមតិ​ យោបល់​ យ៉ាងផុលផុស​ ពីអនុគណៈកម្មការនានា​ នៃគណៈកម្មការរៀបចំនៃកិច្ចប្រជុំ ASEP-11​ ផងដែរ។
សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិក សភាអាស៊ី-អឺរ៉ុប ASEP នៅក្នុងឆ្នាំ២០០៤ នៅទីក្រុងវេរ ប្រទេសវៀតណាម បន្ទាប់ពីចូលជាសមាជិករួចមក សភាកម្ពុជាបានចូលរួមកិច្ចប្រជុំចំនួនពីរលើកផងដែរ គឺនៅឆ្នាំ២០១២ ក្នុងកិច្ចប្រជុំលើកទី៧ ដែលរៀបចំធ្វើឡើងនៅទីក្រុងវៀងចន្ទ ប្រទេសឡាវ និងកិច្ចប្រជុំលើកទី១០ នៅឆ្នាំ២០១៨ ដែលរៀបចំធ្វើឡើងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក សម្រាប់ឆ្នាំ២០២០ខាងមុខនេះ កម្ពុជានឹងទទួលរៀបចំជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើកទី១១ (ASEP-11)នៅភ្នំពេញ៕

ដោយ ប៉ាល់ សុង

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន