Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

សន្និសីទមេគង្គ-ឡានឆាង ស្តីពីទេសចរណ៍បេតិកភណ្ឌ វប្បធម៌ និងធម្មជាតិ ត្រូវបានបញ្ចប់ដោយជោគជ័យ ស្របពេលនឹងការមកដល់កម្ពុជា នៃក្បួនរថយន្តទេសចរណ៍ខ្នាតធំលើកដំបូង CARAVAN ពីប្រទេសចិន

Published

on

AKP​ សៀមរាប ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩–បន្ទាប់ពីដំណើរការអស់រយៈពេល០៣ថ្ងៃនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមក សន្និសីទមេគង្គ-ឡានឆាង ស្តីពីទេសចរណ៍បេតិកភណ្ឌ វប្បធម៌ និងធម្មជាតិ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជា ដោយមានការចូលរួមពីគណៈប្រតិភូជាង១៥០នាក់ មកពីបណ្ដាប្រទេស មេគង្គ-ឡានឆាងទាំង ០៦ រួមមាន៖ ប្រទេសកម្ពុជា ចិន ថៃ ឡាវ វៀតណាម និងប្រទេសមីយ៉ាន់ម៉ា ត្រូវបានបញ្ចប់ដោយជោគជ័យ។ ដែលកិច្ចប្រជុំនេះបានចែករំលែកបទពិសោធន៍ល្អៗលើការអភិវឌ្ឍ និងផ្សព្វផ្សាយផលិតផលទេសចរណ៍ បេតិកភណ្ឌ វប្បធម៌ និងធម្មជាតិ និងបានឯកភាពគ្នាលើដំណើរឆ្ពោះទៅមុខ ដើម្បីជំរុញកិច្ចសហប្រតិបត្តការទេសចរ ណ៍រួមគ្នា។

លទ្ធផលចម្បងៗរបស់អង្គសន្និសីទ រួមមាន៖ ១. អង្គសន្និសីទបានរំលេចតួនាទីកាន់តែសំខាន់នៃទេសចរណ៍បែបវប្បធម៌ និងធម្មជាតិ ដែលជាទម្រង់ការនៃការពង្រឹងកិច្ចសហប្រតិ បត្តិការលើវិស័យទេសចរណ៍ និងបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាង និង បានផ្តោតលើភាពចាំបាច់ចំពោះមុខក្នុងការពង្រឹង ការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍រវាងប្រទេសសមា ជិកលើការអភិវឌ្ឍទេសចរណ៍ ជាពិសេសការពង្រឹងសមត្ថភាពធនធានមនុស្ស សំដៅពង្រឹងការយល់ដឹង និងការបកស្រាយអំពីវប្បធម៌ និងធម្មជាតិ តាមបណ្តាប្រទេសមេគង្គ-ឡានឆាង ។ ២. អង្គសន្និសីទបានស្នើឱ្យមានការសិក្សាស្រាវជ្រាវបន្ថែម ចងក្រងឯកសារ ជំរុញឱ្យមានការតភ្ជាប់គ្នារវាងភាពល្អឯកនៃប្រទេសមួយទៅប្រទេសមួយទៀត សំដៅលើកកម្ពស់ពហុវប្បធម៌ និងមោទនភាពជាតិ តាមបណ្តាប្រទេសមេគង្គ-ឡានឆាង និង បានស្នើឱ្យប្រទេសជាសមា ជិក សិក្សាលទ្ធភាពបង្កើតខ្សែទស្សនកិច្ចទេសចរណ៍វប្បធម៌ និងធម្មជាតិ រវាងប្រទេសសមា ជិកមេគង្គ-ឡានឆាង (Mekong-Lancang Natural and Cultural Routes) ។ ៣. អង្គសន្និសីទ ក៏បានសំណូមពរឱ្យមាន វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់ប្រតិបត្តិករទេសចរណ៍     ផ្សេងៗបន្ថែមទៀត សំដៅពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងតំបន់។

ឯកឧត្តម ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍ដល់ប្រទេសជាសមាជិកមេគង្គ-ឡានឆាង ជាពិសេសក្នុងវិស័យទេសចរណ៍កម្ពុជា ស្របតាមខ្លឹមសារនៃឆ្នាំវប្បធម៌ និងទេស ចរណ៍ កម្ពុជា-ចិន ឆ្នាំ២០១៩ ខណៈដែលកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ក្រសួងទេសចរណ៍កម្ពុជា បានសហការជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា រៀបចំការសម្តែងសិល្បៈរួមគ្នា សំដៅពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវប្បធម៌ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។

ឯកឧត្តម ហោ មុនីរ័ត្ន បានបញ្ជាក់ទៀតថា តាមរយៈវិស័យទេសចរណ៍ ដែលជាវិស័យចលករនៃការជំរុញចំណងមិត្តភាព ការតភ្ជាប់គ្នារវាងប្រជាជាតិ និងកិច្ចសហប្រតិបត្តិការវប្បធម៌ និងសេដ្ឋកិច្ច ប្រជាជនក្នុងតំបន់មេគង្គ-ឡានឆាង កាន់តែខិតជិតគ្នាបន្ថែមទៀត ស្របតាមចក្ខុវិស័យសហគមន៍អនាគតតែមួយ រួមគ្នាប្រកបដោយសន្តិភាព និងវិបុលភាព (Community of Shared Future of Peace and Prosperity)។

សូមបញ្ជាក់ថា ស្របពេលដែលសន្និសីទមេគង្គ-ឡានឆាង បានបិទបញ្ចប់ និង ដើម្បីចូលរួមអបអរសាទរសន្និសីទនេះ ក្រសួងទេសចរណ៍កម្ពុជា បានទទួលក្បួនរថយន្ត Caravan Tour ពីប្រទេសចិន ដែលឆ្លងកាត់ប្រទេសឡាវមកកម្ពុជា សម្រាប់អបអរសាទរ កិច្ចសហប្រតិ បត្តិការទេសចរណ៍តំបន់មេគង្គ-ឡានឆាង ជាពិសេសបង្ហាញពីការសម្រួលការធ្វើដំណើរផ្លូវគោក តាមប្រទេសជាសមាជិកមេគង្គ-ឡានឆាង។

ក្បួនរថយន្តទេសចរណ៍នេះ បានធ្វើដំណើរចេញពីទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន ក្រោមការប្រកាសបើកផ្ទាល់ដោយ ឯកឧត្តម ឡ ស៊ូកាន រដ្ឋមន្រ្តីវប្បធម៌ និងទេសចរណ៍ចិន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនឹងស្នាក់នៅកម្ពុជារហូតដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ៕

ដោយ ឃុត សៅ

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន