រដ្ឋបាលខេត្តបាត់ដំបងរៀបចំវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣

AKP បាត់ដំបង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩–នៅថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ស្តីពីការផ្តល់សេវា និង ការអភិវឌ្ឍមូលដ្ឋាន ដោយមានការអញ្ជើញចូលរួម ពី ឯកឧត្តម ងួន រតន: និងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុក ប្រធាន អនុប្រធានការិយាល័យ អង្គភាពជុំវិញស្រុក មេឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើនអញ្ជើញចូលរួម ។

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បានចុះរៀបចំវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត នៅតាមបណ្តាស្រុកចំនួន ០៨ស្រុក រួមមាន៖ ក្រុមទី១-ស្រុករុក្ខគិរី និងស្រុកមោងឫស្សី ដែលមានអញ្ជើញជាអធិបតីពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក យឹម សៀប អភិបាលរងនៃគណៈអភិបាលខេត្ត។ ក្រុមទី២-ស្រុកបវេល និងស្រុកថ្មគោល ដែលមានអញ្ជើញជាអធិបតីពី ឯកឧត្តម អេ សារុម សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត។ ក្រុមទី៣-ស្រុកសំឡូត និងស្រុករតនមណ្ឌល ដែលមានអញ្ជើញជាអធិបតីពី ឯកឧត្តម មុំ ក្រាត សមា  ជិកក្រុមប្រឹក្សាខេត្ត និងលោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត។ ក្រុមទី៤-ស្រុកសង្កែ ដែលមានអញ្ជើញជាអធិបតីពី ឯកឧត្តម សុខ គង់ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្ត ។ ក្រុមទី៥-ស្រុកសំពៅលូន ដែលមានអញ្ជើញជាអធិបតីពី ឯកឧត្តម សាន ហាក់ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងនៃគណៈអភិបាលខេត្ត ។

សូមជម្រាបជូនថា អង្គវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ ឆ្នា២០១៩ របស់ក្រុមប្រឹក្សាខេត្ត មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយធ្វើការបែងចែកជា ៥ក្រុម ទូទាំង ១៤ក្រុង ស្រុក ។

នៅក្នុងអង្គវេទិកាបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួម បានលើកឡើងអំពីបញ្ហា ក្តីកង្វល់ សំណើ និងសំណូមពរ ដែលកើតមានឡើងនៅក្នុងមូដ្ឋានរបស់ខ្លួន ជូនដល់គណៈអធិបតី ដើម្បីធ្វើការដោះស្រាយ និងស្រាយបំភ្លឺជូនអង្គវេទិកា និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងយកបញ្ហាសំណើ សំណូមពរទាំងអស់នេះយកដាក់បញ្ចូលនៅក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តផងដែរ ៕

ដោយណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)