វត្តរាជបូណ៌ជាវត្តដ៏ចំណាស់មានលក្ខណៈស្ថាបត្យកម្មល្អឯក ត្រូវបានជួសជុល និង អភិរក្សដោយអាជ្ញាធរជាតិអប្សរា

AKP សៀមរាប ថ្ងៃទី​​​២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — វត្តរាជបូណ៌ ជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តដទៃទៀតនៅក្នុងខេត្តសៀមរាប ដែលស្ថិតនៅក្នុងក្រុងតាមដងស្ទឹងសៀមរាប ពោលគឺស្ថិតក្នុងភូមិសាស្ត្រភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ អារាមមួយនេះមានព្រះវិហារមួយដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក ហើយប្រហែលជាសាងសង់ឡើងក្នុងរាជព្រះបាទនរោត្តម។ នេះបើយោងតាមការឱ្យដឹងពីសំណាក់មន្រ្តីអាជ្ញាធរជាតិអប្សរា។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០១៩ថា នៅលើជញ្ជាំងព្រះវិហារផ្នែកខាងក្នុងមានសិល្បៈដ៏រស់រវើកល្អវិចិត្រគឺគំនូរបុរាណរឿង «រាមកេរ្តិ៍» ដែលជារឿងល្បីល្បាញនៅអាស៊ីអាគ្នេយ៍ គូរនៅរវាងឆ្នាំ១៩២០-១៩២៤ ដោយជាងឈ្មោះ ប៉ិល និងក្មួយរបស់គាត់ឈ្មោះ ឌិត។ ជាងគំនូរទាំង២នាក់នេះ គឺជាជាងធ្វើណាំងសម្រាប់ល្ខោនស្បែកធំ ទើបគំនូរមានទម្រង់កាយវិការបែបដូចស្បែកធំ។ ចំណែកនៅផ្នែកខាងក្រៅមានចម្លាក់លៀនយ៉ាងរស់រវើកនៅលើទ្វារ និងបង្អួច ដោយលោកកុសលបានបញ្ជាក់ថា ព្រះវិហារដ៏ចំណាស់មួយនេះធ្លាប់មានការជួសជុលតាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ។ បច្ចុប្បន្នមានសភាពទ្រុឌទ្រោមដោយអន្លើៗ ដោយសារអាយុកាល និងអាកាសធាតុជាដើម ដែលតម្រូវឱ្យមានការជួសជុលជាចាំបាច់ ។

លោក ឡុង កុសល បានឱ្យដឹងទៀតថា ដើម្បីរួមចំណែករក្សាមរតកនេះឱ្យគង់វង្សតទៅទៀត អាជ្ញាធរជាតិអប្សរាបានសហការជាមួយអ្នកជំនាញអ៊ីតាលីចាប់ផ្តើមជួសជុលផ្នែកសំខាន់ៗនៃព្រះវិហារនៅឆ្នាំ២០១៤។ ចំពោះសន្លឹកទ្វារ សន្លឹកបង្អួច គំនូរ និងបដិមាក្នុងវិហារជាដើម សុទ្ធតែបានជួសជុលនិងសម្អាតតាមបច្ចេកទេសដោយអ្នកអភិរក្ស ដែលកិច្ចការទាំងអស់នេះតែងមានព្រះទ័យយកចិត្តទុកដាក់ខ្ពស់និងការផ្តល់ឱកាសដ៏ពេញលេញអំពីព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិការវត្តរាជបូណ៌។

លោក ឡុង កុសល បានឱ្យដឹងទៀតថា កិច្ចការអភិរក្ស និងជួសជុលព្រះវិហារនេះត្រូវបានធ្វើឡើងជា២ដំណាក់កាល ពោលគឺដំណាក់កាលទី១ គឺសិក្សាគម្រោងសម្រង់ប្លង់ចាស់និងធ្វើដំបូលដែកគ្របលើវិហារ ដោយប្រើប្រាស់ថវិការបស់ពុទ្ធបរិស័ទ ក្រោមការផ្តួចផ្តើមពីព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ។ ដំណាក់កាលទី២ ការជួសជុលដំបូលវិហារ

ដោយផ្តោតលើការជួសជុលគ្រឿងបង្គុំដំបូលដើម្បីរក្សាលំនឹងរបស់ដំបូល សម្លាប់មេរោគ និងសត្វល្អិតស៊ីសាច់ឈើ ជួសជុលសម្អាតហោជាងដែលមានចម្លាក់ក្បាច់ និងគ្រឿងលម្អដំបូលទាំងអស់ឡើងវិញរួចរាល់បាន១០០ភាគរយហើយ ក្រោមការផ្តល់ថវិកា និងលក្ខណៈបច្ចេក ទេសពីអាជ្ញាធរជាតិអប្សរា។

លោក ឡុង កុសល បានបញ្ចេញទស្សននៃការអភិរក្សកេរមរតកវប្បធម៌នេះ ពីសំណាក់ អាជ្ញាធរជាតិអប្សរាថា ជាឧទាហរណ៍ដ៏ល្អ ព្រោះយើងទាំងអស់គ្នាបានរួមចំណែក «បង្រស់»សម្បត្តិវប្បធម៌នៃមនុស្សជំនាន់មុន ឱ្យនៅបន្តរស់ទៅដល់អ្នកជំនាន់ក្រោយទៀត ក្នុងការប្រើប្រាស់ និងសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសិល្បៈរបស់ខ្លួន៕

ដោយ ហង្ស សៀក