ប្រតិភូកីឡាកម្ពុជាមកដល់ប្រទេសហ្វីលីពីន ជាបន្តបន្ទាប់ ដើម្បីចូលរួមស៊ីហ្គេម ២០១៩

AKP ម៉ានីល, ប្រទេសហ្វីលីពីន ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ — ក្រុមប្រតិភូ កីឡាករ កីឡាការិនីកម្ពុជាបានមកដល់ទឹកដីនៃប្រទេសហ្វីលីពីន ជាបន្តបន្ទាប់ ដើម្បីចូលរួមប្រកួតប្រជែងមេដាយមេដាយនៅក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣០ នៅ​ប្រទេសហ្វីលីន ដែលគ្រោងនឹងប្រារព្ធពិធីបើកជាផ្លូវការពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ កាលពីយប់រំលងអាធ្រាត ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មាន៣ប្រភេទកីឡា​គឺទូក​ក្តោង កាយសម្ព័ន្ធ និងបាល់ទះឆ្នេរខ្សាច់ និងមន្ត្រីថ្នាក់ដឹកនាំគណៈកម្មការ​ជំនាញ​នានានៃ​CAMSOC ដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេមកម្ពុជាបានអញ្ជើញ​ដល់គោលដៅប្រកបដោយសុវត្ថិភាព។ ចំពោះនៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ២០១៩ រំលង​អាធ្រាត ម៉ោង ០០:៤៥នាទី ក្រុមប្រតិភូ កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា លើ៩ប្រភេទ​​គ្រោងនឹងចេញដំណើរបន្តទៀត ដោយ៩ប្រភេទកីឡានេះរួមមាន៖ កីឡារាំ វាយសី បាល់ទះ​ក្នុងសាល វាយកូនបាល់ ទូកក្តោង ទ្រីយ៉ាត្លុង សីប៉ាក់តាក្រ និងបាល់បោះ ៣ទល់៣ និង​៥ទល់៥។ ក្រុមប្រតិភូកីឡាករ កីឡាការិនីលើប្រភេទកីឡាផ្សេងៗទៀត​ក៏នឹងត្រូវបន្តចេញពី​កម្ពុជាជាបន្តបន្ទាប់រហូតដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ដែល៣ប្រភេទកីឡា គឺកាយកសម្ព័ន្ធ ជឺជីតស៊ូ និងចំបាប់ នឹងត្រូវចេញដំណើរក្រោយគេបង្អស់។

ឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេមកម្ពុជាបានសម្តែងការដឹងគុណយ៉ាង​ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់អនុសាសន៍ណែនាំ ក៏ដូចជា​ការឧបត្ថម្ភលើកទឹកចិត្តជូនដល់ប្រតិភូកីឡាកម្ពុជា ដើម្បីឱ្យកីឡាករ កីឡាការិនីទាំអស់​ប្រឹង​ប្រែងប្រកួតឱ្យអស់ពីសមត្ថភាព ប្រយោជន៍ប្រជែងយកមេដាយជូនជាតិ នៅក្នុងបេសកកម្ម​កីឡាកម្រិតអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩នេះ។ ឯកឧត្តមនាយបេសកកម្មស៊ីហ្គេមកម្ពុជា​បាន​អះអាងទៀតថា ស៊ីហ្គេមឆ្នាំនេះជាស៊ីហ្គេមយុទ្ធសាស្ត្រ ក្នុងដំណើរឆ្ពោះទៅរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ក្នុងនាមតំណាងប្រតិភូកីឡាកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព រក្សាឱ្យបាននូវកិត្តិយស សេចក្តី​ថ្លៃថ្នូរ​បស់ជាតិឱ្យបានខ្ជាប់ខ្ជួនបំផុត៕

ដោយ ហេង ណាលីន