U22 កម្ពុជា ឈ្នះក្រុមU22 ទីម័រខាងកើត ៥-០ វគ្គសន្សំពិន្ទុពូលA ស៊ីហ្គេម នៅប្រទេសហ្វីលីពីន

AKP ម៉ានីល, ប្រទេសហ្វីលីពីន ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ធ្វើបានយ៉ាងល្អនៅក្នុងប្រកួតទី២ ជាមួយក្រុមU22 ទីម័រខាងកើត ដោយលទ្ធផលបច្ចេកទេស ៥ទល់០ នៃវគ្គជម្រុះក្នុងពូលA ស៊ីហ្គេមលើកទី៣០ ប្រទេសហ្វីលីពីន ឆ្នាំ២០១៩។ នៅវគ្គទី២ក្រុមជម្រើសជាតិកម្ពុជាបានបើកការនាំ​មុខលើក្រុម​ជម្រើសជាតិទីម័រខាងកើត ១ទល់០ ដោយធ្វើសម្រេចដោយកីឡាករ ស៊ិន កក្កដា ដោយទាត់​បាល់ Free-Kick បះខ្នងកីឡាករខ្សែការពារ ទីម័រខាងកើត ហើយចូលទីបានយ៉ាងល្អ។ គ្រាប់​ទី២​ធ្វើសម្រេចដោយកីឡាករ រ៉ឹង ប៊ុនហៀង នៅនាទី៧០ បន្ទាប់ពីបញ្ជូនបាល់បានយ៉ាង​ល្អ​ពីកីឡាករ កែវ សុខផេង ខណៈគ្រាប់ទី៣រកបានដោយកីឡាករ សៀង ចន្ថា នៅនាទី៧៨ ដែលទើបនឹងប្តូរចូល។ ចំពោះគ្រាប់ទី៤ កីឡាករ កែវ សុខផេង ទាត់បញ្ជូលទីបានយ៉ាងល្អ នៅនាទី៨២ ក្រោយបញ្ជូនបាល់ពី សៀង ចន្ធា ស្របពេលដែលគ្រាប់ទី៥រកបាន​ដោយ​កីឡា​ករ រ៉ឹង ហ៊ុនហៀង ដដែល នាទី៩០បូក២។ ចប់ការប្រកួតក្រុមកម្ពុជា ៥ និងទីម័រខាងកើត ០។ ជាមួយនឹងជ័យជម្នះនៅប្រកួតទី២នេះបានធ្វើឱ្យក្រុមកម្ពុជា ឈរនៅលើកំពូលតារាង​បណ្តោះ​អាសន្ន ក្នុងពូលA ដោយមាន៤ពិន្ទុ ដោយកាលពីប្រកួតទីកម្ពុជាស្មើជាមួយក្រុមម្ចាស់ផ្ទះ ហ្វីលីពីន១ទល់១។ ចំពោះ២ប្រកួតបន្ទាប់គឺក្រុមកម្ពុជានឹងត្រូវជួបជាមួយក្រុមមីយ៉ាន់ម៉ា នាថ្ងៃ​ទី០២ ខែធ្នូ និង១ប្រកួតចុងក្រោយជាមួយក្រុមរងជើងឯក ឆ្នាំ២០១៧ ម៉ាឡេស៊ី ដែលជា​ម្ចាស់ផ្ទះនាពេលនោះ។

សូមរម្លឹកថា ពូលA មាន៥ក្រុម រួមមានម្ចាស់ផ្ទះ ហ្វីលីពីន កម្ពុជា ទីម័រខាងកើត មីយ៉ាន់ម៉ា ម៉ាឡេស៊ី ខណៈពូលB មាន៦ក្រុម រួមមាន៖ ថៃ វៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី ឡាវ និងប្រ៊ុយណេ៕

ដោយ ហេង ណាលីន