មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹកជំរុញអាជ្ញាធរដែនដីផ្នែកពាក់ព័ន្ធប្រជាពលរដ្ឋ​នៅ ខេត្តបន្ទាយមានជ័យត្រូវរក្សាទឹកទុកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់នារដូវប្រាំងខាងមុខ

AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩–រដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយម ឯកឧត្តម ចាន់ យុត្ថា បានជំរុញដល់អាជ្ញាធរដែនដី មន្ត្រីផ្នែកពាក់ព័ន្ធតំណាងសហ គមន៍ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ត្រូវចាត់​វិធានការក្នុងការថែរក្សាទឹកទុកនៅតាម មូលដ្ឋានរបស់ខ្លួន ដើម្បីសម្រាប់ប្រើប្រាស់បានគ្រប់​​គ្រាន់ នារដូវប្រាំងខាងមុខនេះ។

ការជំរុញបែបនេះរបស់ឯកឧត្តម ចាន់ យុត្ថា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​សារាចរស្តីពីការចាត់វិធានការថែរក្សាទឹកទុករបស់រាជរដ្ឋាភិបាលកម្ពុជា ដល់អាជ្ញាធរដែនដី​មន្ត្រីពាក់ព័ន្ធជុំវិញខេត្ត និងតំណាងប្រជាពលរដ្ឋតាមសហគមន៍ នៅសាលាខេត្តកាលពីថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩​។

ក្នុងឱកាសនោះឯកឧត្តម ចាន់ យុត្ថា បានលើកឡើងថា បើយោងតាមការព្យាករណ៍ ក៏ដូចជាស្ថានភាពជាក់ស្តែងបានបង្ហាញយ៉ាងច្បាស់ថាក្នុងឆ្នាំ២០១៩ព្រះរាជាណាចក្រកម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែលនីណូ

(ElNino) ដោយបានបង្កឱ្យមានកត្តាអវិជ្ជមានជាច្រើន ដូចជា ធាតុអាកាសមានសភាពក្តៅ ហួតហែងខ្លាំង រដូវវស្សាមកដល់មានសភាពយឺតយ៉ាវ របាយទឹកភ្លៀងមានភាពរអាក់រអួល មិនស្មើគ្នា របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ពិសេសជំនន់មានតែមួយលើកហើយ បន្ទាប់មកក៏បានស្រកចុះជាបន្តបន្ទាប់ដល់កម្រិតទាបបំផុតមួយ ដែលមិនធ្លាប់ជួបប្រទះក្នុង រយៈកាលកន្លងមក ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមរូបនេះបានផ្តល់អនុសាសន៍​មួយចំនួនលើវិធានការត្រៀមបង្កាក្នុងការថែរក្សាទឹក និងសន្សំសំចៃទឹកឱ្យបានត្រឹមត្រូវគឺ មិនត្រូវប្រើប្រាស់ខ្ជះខ្ជាយ ឬបូមបាចប្រភពទឹកដើម្បីចាប់ត្រី។ ចំពោះស្រែប្រាំងគឺធ្វើបានតែ មួយ​ដងគត់និងមានការទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សាទឹកទុកហើយត្រូវត្រៀមអន្តរាគមន៍​សង្រ្គោះស្រូវចុងរដូវនៅពេលស្រូវជិតប្រមូលផល និងត្រៀមវិធានការបែងចែកទឹកសម្រាប់ ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាការថែរក្សាប្រភពទឹកសម្រាប់ស្រោចស្រពដំណាំរួម ផ្សំផងដែរ។

ឯកឧត្តម ចាន់ យុត្ថា បានផ្តាំផ្ញើឱ្យមន្ត្រីជំនាញរបស់មន្ទីរយកចិត្តទុកដាក់លើកិច្ចដំណើ រការគ្រប់គ្រងបែងចែកទឹកស្រោចស្រព ជូនប្រជាកសិករ និងត្រូវយកចិត្តទុកដាក់ថែទាំសមិទ្ធ​ផលលើវិស័យធនធានទឹកដែលមាននៅក្នុងខេត្ត ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង។

ជាមួយគ្នានោះដែរ ​លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទោះបីជាក្នុងឆ្នាំ២០១៩នេះ ពិសេសនៅរដូវវស្សាក្នុងតំបន់ខ្លះ នៃខេត្តបន្ទាយមានជ័យទទួល បានរបាយទឹកភ្លៀងតិច តែទោះជាយ៉ាងណាក៏អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ រួមជាមួយមន្ទីរជំ នាញបាននឹងបន្តខិតខំ តាមគ្រប់មធ្យោបាយទាំងអស់ នាំយកទឹកទៅស្រោចស្រពសង្គ្រោះ ស្រូវបំពេញសំណូម​​ពរ និងដោះស្រាយទុក្ខកង្វល់ជូនប្រជាពលរដ្ឋ៕

ដោយ ឈុន សារ៉ាត