Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

ឯកឧត្ដម ថោ ជេថា ជំរុញឱ្យអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធក្នុងខេត្តក្រចេះ ត្រូវចាត់វិធានការថែរក្សាទឹកទុកឱ្យបានត្រឹមត្រូវ

Published

on

AKP ក្រចេះ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩– ឯកឧត្ដម ថោ ជេថា រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានជំរុញឱ្យអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តក្រចេះ ត្រូវយកចិត្តទុកដាក់ក្នុងការការពារ និងថែរក្សាទឹកទុក ដើម្បីជាប្រភពផ្គត់ផ្គង់ទឹកសម្រាប់រដូវរាំងស្ងួតខាងមុខ ។ ការជំរុញបែបនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនៅសាលាខេត្តក្រចេះកាលពីរសៀលថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ឯកឧត្ដម រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា រាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្តីពីការថែរក្សាទឹកទុករួចមកហើយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដើម្បីផ្សព្វផ្សាយ និងណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវត្រៀមវិធានការរក្សាទឹកទុកសម្រាប់ផ្គត់ផ្គង់នៅក្នុងរដូវរាំងស្ងួតខាងមុខ ។ ឯកឧត្ដមបញ្ជាក់ថា រាជរដ្ឋាភិបាលមានការព្រួយបារម្ភពីបញ្ហាគ្រោះធម្មជាតិរាំងស្ងួត បណ្ដាលមកពីឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែល នីណូ (El nino )ដែលបានបង្កឱ្យមានកត្តាអវិជ្ជមានជាច្រើន ដូចជាធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង រដូវវស្សាមកដល់មានភាពយឺតយ៉ាវ របាយទឹកភ្លៀងមានភាពរអាក់រអួលមិនស្មើគ្នា របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ។  ឯកឧត្ដម ថោ ជេថា បានលើកយកអត្ថន័យក្នុងសេចក្តីណែនាំមកបញ្ជាក់ថា ទោះបីចាប់ពីខែកក្កដា ឆ្នាំ២០១៩ បាតុភូត អែលនីណូ បានថមថយឥទ្ធិពលបណ្តើរៗ ទន្ទឹមនឹងអាងទឹកនានាក្នុងពេលកន្លងមកបានរក្សាទឹកទុកស្ទើរតែ១០០ភាគរយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសយ៉ាងណាក្តី បញ្ហាគ្រប់គ្រង និងប្រើប្រាស់ទឹក នៅតែត្រូវបានចាត់ទុកជាអាទិភាព ដើម្បីបម្រើឱ្យស្រូវធ្ងន់ចុងរដូវវស្សា ស្រូវប្រាំង ឆ្នាំ២០១៩-២០២០ និងការប្រើប្រាស់ប្រចាំថ្ងៃរហូតដល់មានភ្លៀងកក់ខែនាឆ្នាំថ្មី ។ ឯកឧត្តម ក៏បានជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវត្រៀមធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព ក្នុងការហាមឃាត់បងប្អូនប្រជាកសិករដែលធ្វើស្រែប្រាំង ក្រោយពេលប្រមូលផលរួច គឺមិនអនុញ្ញាតឱ្យធ្វើស្រូវប្រាំងម្តងទៀតទេ លើកលែងតែមានប្រភពទឹកដែលអាចផ្គត់ផ្គង់បាន ។ អាជ្ញាធរមូលដ្ឋានត្រូវសហការត្រៀម បង្កា និងស្វែងរកប្រភពទឹកនានាទោះក្នុងរូបភាពណាក៏ដោយ ៕

ដោយជួន សុជាតិ

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន