អគ្គស្នងការនគរបាលជាតិអនុញ្ញាតឱ្យឯកអគ្គរាជទូតអូស្រ្តាលីដែលបញ្ចប់បេសកកម្មការទូតនៅកម្ពុជាជួបសម្ដែងការគួរសម និងជម្រាបលា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន​អនុញ្ញាតឱ្យ លោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលីបញ្ចប់អាណត្ដិការទូត​នៅកម្ពុជា ជួបសម្ដែងការគួរសម និងជម្រាបលា កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ថ្លែងក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានអំណរ​គុណចំពោះរដ្ឋាភិបាលអូស្ត្រាលី និងប៉ូលិសសហព័ន្ធអូស្ត្រាលី តាមរយៈលោកជំទាវឯកអគ្គ​រាជ​ទូត ដែលបានបញ្ជាក់ការពេញចិត្តជាខ្លាំងចំពោះកិច្ចសហប្រតិបត្តិ​ការជាមួយនឹងប៉ូលិស​សហព័ន្ធអូស្ត្រាលី។ ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត ក៏បានជូនពរលោកជំទាវដែល​បញ្ចប់​អាណត្តិការទូតនៅកម្ពុជា ព្រមទាំងស្វាគមន៍ការអញ្ជើញទស្សនកិច្ចគ្រប់ពេលវេលា​មកកាន់ប្រទេសកម្ពុជា។

លោកជំទាវ Angela Corcoran បានលើកឡើងនូវកិច្ចការមួយចំនួន​ពាក់ព័ន្ធនឹងកិច្ច​សហប្រតិបត្តិការ​រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងដោយឡែកកិច្ចសហប្រតិបត្តិការរវាង​នគរបាល​កម្ពុជាជាមួយនឹងប៉ូលិសសហព័ន្ធអូស្ត្រាលី។ លោកជំទាវក៏បានសម្តែងក្តីរីករាយ​ចំពោះកិច្ចសហប្រតិបត្តិការរវាងនគរបាលនៃប្រទេសទាំងពីរ ជាពិសេសកិច្ចសហ​ប្រតិបត្តិការ​ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលបានធ្វើឱ្យបទល្មើសបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។

លោកជំទាវ​ឯកអគ្គរាជទូតបានលើកឡើងថា ខាងនគរបាលអូស្ត្រាលី មានការប្តេជ្ញា​ចិត្តខ្ពស់ក្នុងការបន្តការអនុវត្តច្បាប់ជាមួយនឹងមន្ត្រីកម្ពុជា ហើយបានជំរុញឱ្យនគរបាលរវាង​ប្រទេស​ទាំងពីរ បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។

សូមជម្រាបជូនថា ទំនាក់ទំនងការទូតរវាងអូស្រ្តាលីជាមួយកម្ពុជា គិតរហូតមក​​ដល់​ពេលនេះ គឺមានរយៈពេល៦៧ឆ្នាំហើយ។ ក្រៅពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង​រវាង​រដ្ឋា​ភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំងពីរផ្នែកកម្លាំងអនុវត្តន៍ច្បាប់ ក៏មានកិច្ចសហ​ប្រតិបត្តិ​ការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាជាមួយនឹងប៉ូលីសសហព័ន្ធអូស្ត្រាលីផងដែរ៕

ដោយ ចាន់ សុធីវង្ស