​ឯកឧត្តម អ៊ុំ រាត្រី នាំយកថវិកា២០លានរៀល អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន ​រ៉ានី ហ៊ុនសែន ​ជូន​ដល់ប្រជាពលរដ្ឋ​រង​របួសដោយសារផ្ទុះគ្រាប់មីន​​

AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុម ការងារ​​ចុះសួរសុខទុក្ខ និងនាំយកអំណោយថវិកាមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន២០លានរៀល ជូនដល់ប្រជា ពលរដ្ឋរងរបួសដោយសារផ្ទុះមីន ឈ្មោះ ជ្រុន ធឿន ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិរកុំក្រោម ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្ដបាត់ដំបង ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យស្រុក​អារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។

ក្នុងឱកាសនេះ ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចតែង តែយកចិត្តទុកដាក់ជួយដល់​បងប្អូនប្រជាពលរដ្ឋ ដែលជួបគ្រោះថ្នាក់ ដោយប្រការផ្សងៗ នៅគ្រប់ទីកន្លែងនោះ។

ដោយយោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានឱ្យដឹងថា​ករណីផ្ទុះគ្រាប់មីននេះ​បានកើត​ឡើងកាលពីម៉ោង១៣រសៀល នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមកនេះ នៅចំណុចភូមិជោគជ័យឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ខណៈដែលជនរងគ្រោះកំពុងបញ្ជាម៉ាស៊ីនច្រូតស្រូវ នៅស្រែខាងត្បូង ភូមិចម្ងាយប្រហែល​៨០០ម៉ែត្រ បានប៉ះលើគ្រាប់មីន ដែលសល់ពីសម័យសង្គ្រាមកប់ក្នុងដី បានផ្ទុះឡើងបណ្តាលឱ្យជនរងគ្រោះរងរបួសដោយដាច់ដៃស្តាំត្រឹមដើមដៃ ហើយត្រូវបាន បញ្ជូនមកសង្គ្រោះនៅមន្ទីរ​ពេទ្យស្រុកអារញ្ញ ប្រទេសថៃ ដែលមកដល់ពេលនេះ បានធូរស្រាលហើយ៕

ដោយ ឈុន សារ៉ាត