មន្ទីរបរិស្ថានខេត្តកំពង់ចាម រៀបចំទិវាអនាម័យបរិស្ថាន ២៣វិច្ឆិកា ២០១៩ ក្រោមប្រធានបទ “ភូមិស្អាត សុខភាពល្អ”

AKP កំពង់ចាម ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃពុធ  ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមន្ទីរបរិស្ថានខេត្តកំពង់ចាម បានរៀបចំទិវាអនាម័យបរិស្ថាន ជាតិ ២៣វិច្ឆិកា ២០១៩ ក្រោមប្រធានបទ “ភូមិស្អាត សុខភាពល្អ” ដោយមានការចូលរួម ពីលោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម និងលោក  នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម ព្រមទាំងអស់លោក លោកស្រីជាមន្ត្រីរាជការ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មកពីវិទ្យាល័យដីដុះ និងវិទ្យាល័យព្រះសីហនុយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាមបាន លើកឡើងថា ការរៀបចំទិវាអនាម័យបរិស្ថានគឺក្នុងគោលបំណងដើម្បីបំផុសស្មារតី និងផ្លាស់ ប្ដូរឥរិយាបថប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថាន គឺបរិស្ថាន ស្អាតនាំមកសុខភាពល្អទាំងអស់គ្នា។ បរិស្ថានស្អាត ផ្តើមចេញពីយើងទាំងអស់គ្នាដោយ ការចូលរួមនិងទទួលខុសត្រូវក្នុងការទុកដាក់កាកសំណល់ ដោយមិនចោលពាសវាលពាស កាលមិនធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ។ ទិវាបរិស្ថាននេះរៀបចំជារៀងរាល់ឆ្នាំ ដើម្បីបំផុស ស្មារតីប្រជាពលរដ្ឋឱ្យចូលរួមក្នុងការងារបរិស្ថានស្អាត សុខភាពល្អ។

ក្នុងពិធីនោះ លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាមបានលើកឡើងថា ទិវាបរិស្ថានជាតិនេះមានគោលបំណងសំខាន់ គឺបំផុសគំនិតប្រជាពលរដ្ឋ និងមហាជន ទូទៅឱ្យយល់ដឹងចេះស្រឡាញ់បរិស្ថាន យល់ដឹងពីការទុកសំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សុខភាពអនាម័យទីក្រុង និងបរិស្ថានតាមលំនៅឋានរបស់ខ្លួន។ ពេលបច្ចុប្បន្ននេះការវេចខ្ចប់ចំណីអាហារ ក៏ដូចជាមុខទំនិញ និងវត្ថុប្រើប្រាស់សុទ្ធតែត្រូវ ប្រើថង់ប្លាស្ទិក។ ការប្រើថង់ប្លាស្ទិកសម្រាប់ដាក់ចំណីអាហារពិតជាបំពុលបរិស្ថានយ៉ាង ធ្ងន់ធ្ង រព្រោះវាជាសារធាតុមិនរលាយ។ ពីមួយថ្ងៃទៅមួយថ្ងៃ កំណើននៃជាតិប្លាស្ទិក កាន់តែច្រើនឡើងៗនៅតាមលំនៅឋាន និងនៅតាមទីសាធារណៈ។ សំណល់ ប្លាស្ទិកនេះវានឹងបំពុលបរិស្ថាននៅគ្រប់ទីកន្លែង ខណៈយើងទាំងអស់គ្នាមិនចេះរក្សា សោភណភាព និងសម្អាតអនាម័យ។

លោក ហាន កុសល បានបញ្ជាក់ថា ដើម្បីធានាឱ្យបាននូវការការពារគុណភាព បរិស្ថានបានល្អ និងសុវត្ថិភាពទីក្រុងបៃតង ឆ្ពោះទៅកាន់សុខដុមរមនីយកម្មនិរន្តរភាពព្រម ទាំងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។ លោកបានសំណូមពរដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់    មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងវិស័យឯកជនទាំងអស់ បន្តការចូលរួមកិច្ចគាំពារចលនាគុណភាពបរិស្ថាន និងអភិរក្សធនធានធម្មជាតិ សំដៅទប់ស្កាត់ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការកើនឡើងកំដៅ ការរងគ្រោះដោយទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗ ដែលបង្កឡើងដោយមនុស្ស និងធម្មជាតិ។ ដូច្នេះ យើងទាំអស់គ្នាចូលរួមការការពារបរិស្ថាន ប្រកបដោយគុណភាព និងការអភិរក្សធម្មជាតិ៕

ដោយ ឆាយ ម៉ុត