អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង UNAIDS ចាប់ផ្ដើមអនុវត្ដន៍ផែនការនៅក្នុងទី​ក្រុង ចំនួន៤ សម្រាប់បញ្ចប់ការចម្លងរាលដាលមេរោគអេដស៍ឆាប់រហ័សនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំនៅ​ព្រះរាជាណាចក្រកម្ពុជា(UNAIDS)បានប្រកាសចាប់ផ្ដើមផែនការ និងការអនុវត្ដនៅក្នុងទីក្រុង ចំនួន៤ រួមមាន៖ រាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងបាត់ដំបង និងក្រុងបន្ទាយមានជ័យ ដើម្បីធ្វើជាគំរូសម្រាប់បញ្ចប់ការចម្លងរាលដាលមេរោគអេដស៍យ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត Vladanka ANDREEVA នាយក​អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា (UNAIDS) ខណៈជួបពិភាក្សាការងារឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ​នឹង​ជំងឺ​​អេដស៍ កាលពីព្រឹកថ្ងៃអង្គារ ១៥ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ ទី២៦ ខែវិច្ឆកា ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

លោកស្រីវេជ្ជបណ្ឌិត Vladanka ANDREEVA បានលើឡើងថា ចំណុចសំខាន់ដែល មានកិច្ចសហប្រតិបត្តិការលើគំនិតផ្តួចផ្តើមផែនការនៅទីក្រុងក្នុងការបញ្ចប់ការចម្លងរាលដាលមេរោគអេដស៍ឆាប់រហ័ស(Fast Track Cities) ដែលនឹងផ្តួចផ្តើមអនុវត្តន៍ពីក្រុងសំខាន់ៗដូចជា រាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងបាត់ដំបង និងក្រុងបន្ទាយមានជ័យ។ លោកស្រីវេជ្ជ​បណ្ឌិត​បានបន្ដថា  ក្រុងទាំងបួននេះ ​ត្រូវរៀបចំកិច្ចព្រមព្រៀងអនុស្សរណៈក្នុងការអនុវត្ត​ស្តីអំ​ពី​បញ្ចប់ការចម្លងរាលដាលមេរោគអេដស៍ឆាប់រហ័សក្នុងអំឡុងពេលអញ្ជើញចូលរួមប្រជុំនៅ រាធានីភ្នំពេញ ហើយរាល់ការចំណាយផ្សេងៗនៅលើអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺ​អេដស៍។ លោកស្រីវេជ្ជបណ្ឌិតបានបន្ដថា ទន្ទឹមនេះ កម្ពុជា នឹងមានរៀបចំការប្រជុំ​ពិភាក្សា​ស្តីអំពី​ប្រទេសនិយាយភាសាបារាំង នឹងប្រារព្ធធ្វើនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារ​សុខា រាជធានីភ្នំពេញ នឹងមានអ្នកចូលរូមចំនួន៣០០នាក់ អញ្ជើញមកពីប្រទេស​ជុំវិញ​ពិភព​លោក ដែលផ្តោតសំខាន់ទៅលើមធ្យោបាយជាក់លាក់របស់ប្រទេសដែលឆ្ពោះ​ទៅសម្រេច​គោលដៅឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥ និងកំណត់ពីបញ្ហាប្រឈមរបស់ប្រទេសនីមួយៗ​ក្នុងការ​ផ្តល់សេវាកម្មពីការឆ្លើយតបប្រយុទ្ធនឹងជំងឺអេដស៍។ លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា ក្នុង​នោះ ការផ្តល់ថវិកាដើម្បីឱ្យ​សហគមន៍​ចូលរួម និងមាននិរន្តរភាព លើសពីនេះទៅទៀត​ត្រូវ​មានដំណោះស្រាយគោលនយោបាយ និងតម្រូវឱ្យមានអ្នកជំនួយបច្ចេកទេសដែលពាក់​ព័ន្ធ​ចូល​រួមតាម​កម្មវីធីនីមួយៗ។ លោកស្រីវេជ្ជបណ្ឌិតបានស្នើសុំឱ្យមានការចុះទស្សនកិច្ចសិក្សា​នៅតាមគ្លីនិកដែលបានធ្វើតេស្តឈាមរកមេរោគអេដស៍ ព្យាបាល និងផ្តល់ប្រឹក្សាចំពោះអ្នក​ដែលមានផ្ទុកមេរោគអេដស៍ ពិសេសស្នើសុំចុះទៅខេត្តតាកែវ។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា អាជ្ញាធរជាតិប្រយុទ្ធ​នឹង​ជំងឺអេដស៍ បានឯកភាពក្នុងកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម និងមានយន្តការប្រកបដោយ​សក្តានុពលក្នុងការអនុវត្តកាតព្វកិច្ចជាមួយនឹងក្រសួង ស្ថាប័ន ព្រមទាំងអង្គការដៃគូនានា ដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ ការការពារកុំឱ្យមានជំងឺនេះរីករាលដាលដោយអនុវត្តន៍ តាមសូចនាករ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានរម្លឹកថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មាន​គោលបំណង ឆន្ទៈ ដ៏មុតមាំដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នា ច្បាស់លាស់ជាមួយការចូល​រួម​ចំណែករបស់​អ្នកផ្ទុក​មេរោគអេដស៍ ប្រជាពលរដ្ឋរងផលប៉ះពាល់ និងអង្គការសង្គមស៊ីវិល​បាន​ជំរុញឱ្យយើងអាចប្រយុទ្ធទប់ស្កាត់ ការចម្លង រាលដាលមេរោគអេដស៍។ ឯកឧត្ដមទេស​រដ្ឋ​មន្រ្ដី​ក៏បានសង្កត់​ធ្ងន់​លើសរសស្តម្ភ​ទាំងបីនៃជោគជ័យរបស់យើងក្នុងការទប់ស្កាត់ការការ​ពារ​រីករាលដាល​មេរោគ​អេដស៍ ជំងឺអេដស៍គឺទាក់ទងនឹង ១). ភាពជាអ្នកដឹកនាំ និង ភាពម្ចាស់ការ (Leadership and Ownership), ២). ភាពជាដៃគូ (Partnership) និង ៣). ការវិនិយោគ (Investment)៕

ដោយ ឡុង ស៊ីវ៉ាន់