ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍កម្ពុជា នឹង​ចាកចេញទៅសិក្សានៅប្រទេសនូវែលសេឡង់

AKP ភ្នំពេញ ថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ — ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យ​ដឹងថា​ កាល​ពី​ថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្ដម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ​និស្សិតជ័យលាភីអាហារូបករណ៍កម្ពុជា ចំនួន១៦នាក់ ដែល​នឹង​ចាកចេញទៅសិក្សានៅតាមបណ្ដាសាកលវិទ្យាល័យនានាក្នុងប្រទេសនូវែលសេឡង់ ចូល​ជួប​សម្តែង​ការ​គួរ​សម​ ដើម្បី​ផ្ដល់ពុទ្ធិបន្ថែមទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន។

នៅក្នុង​ឱកាសនោះ​ ឯកឧត្ដមរដ្ឋលេខាធិការ បានមាន​ប្រសាសន៍អំពីការ​រីកចម្រើន​ខាងវិស័យសាធារណការ និងដឹកជញ្ជូន ដោយរួមមានសមិទ្ធផលនានា គម្រោងកំពុងអនុវត្តន៍ ដូចជា៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងពង្រីកនិងធ្វើទំនើបកម្មកំពង់ផែស្វយ័ត គម្រោងពង្រីកនិងលើកកម្ពស់ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិផ្សេងៗទៀត ព្រមទាំងគម្រោងដែលនឹងត្រូវអនុវត្តន៍នាពេលអនាគត ដូចជា៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងក្រុង គម្រោងផ្លូវរថភ្លើងភ្នំពេញ-បាវិត គម្រោងផ្លូវរថភ្លើងសៀមរាប-ប៉ោយប៉ែត និងគម្រោងអភិវឌ្ឍន៍ផ្លូវ ស្ពាន និងកំពង់ផែជាដើម។

ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា​ ក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើកំណែទម្រង់ស៊ីជម្រៅលើសេវាសាធារណៈ តាមរយៈការប្រើប្រាស់យន្តការបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីបង្ខិតសេវាសាធារណៈឱ្យជិតបងប្អូនប្រជាពល រដ្ឋ សំដៅឱ្យការផ្ដល់សេវាសាធារណៈ ប្រព្រឹត្តទៅបានលឿន ចំណាយតិច និងចំណេញពេលវេលា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី “ មន្ត្រី គឺជាខ្ញុំបម្រើរាស្ត្រ” ដូចនេះត្រូវបម្រើរាស្ត្រឱ្យបានលឿន ឱ្យមានប្រសិទ្ធភាព និងតម្លាភាព។

ទន្ទឹមនឹងនេះ ឯកឧត្ដម ប៉ាល់ ចន្ទតារា បានផ្ដាំផ្ញើឱ្យក្រុមនិស្សិតជ័យលាភីទាំងអស់ ខិតខំយកចិត្តទុកដាក់រៀនសូត្រ សិក្សាស្រាវជ្រាវ ពង្រីកទំនាក់ទំនងល្អ សហការសាមគ្គីរឹងមាំ ប្រព្រឹត្តតែអំពើល្អ និងប្រកាន់ឥរិយាបថថ្លៃថ្នូរ ជាពិសេសត្រូវចាំទុកថា និស្សិតម្នាក់គឺជារាជទូតម្នាក់របស់កម្ពុជា ក្នុងការផ្សព្វផ្សាយពីឯករាជ្យភាព សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍឥតឈប់ឈររបស់ប្រទេសទៅសកលលោក៕

ដោយ ទេស ច័ន្ទសុធារី (រូបភាព៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន)