សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចូលជួបសម្តែងការគួរសម

AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្តេចវិបុលសេ នាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ សភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ បានអនុញ្ញាតឱ្យលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ  បានសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាសង្ឃឹមថា បេសកកម្មការទូតរបស់លោក ជំទាវនៅព្រះរាជា ណាចក្រកម្ពុជា  ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង ព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុបកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជា និងប្រជាជននៃសហភាពអឺរ៉ុប ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

នៅក្នុងឱកាសនោះ លោកជំទាវ Carmen Moreno បានថ្លែងអំណរ គុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យលោកជំទាវចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកជំទាវ Carmen Moreno បានសម្តែងនូវសេចក្តីរីករាយដោយមើលឃើញនូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។ តាមរយៈការរីកចម្រើននេះ ប្រទេសកម្ពុជានឹងសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដែលកសាងប្រទេសកម្ពុជា ឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ លោកជំទាវបានកោត សរសើរចំពោះការកំណែទម្រង់ជាច្រើន និងទទួលបានលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់។ លោកជំទាវ Carmen Moreno  បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ជាមួយនឹងសហភាពអ៊ឺរ៉ុបយ៉ាងជិតស្និទ្ធ។ ក្នុងនោះ លោកជំទាវបានប្តេជ្ញាចិត្ត ក៏និងគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាព្រឹទ្ធសភា និងរដ្ឋសភាផងដែរ។ លោកជំទាវបានសន្យាជួយជំរុញឱ្យវិនិយោគិនអឺរ៉ុបបន្ថែមទៀត មកវិនិយោគនៅ ប្រទេសកម្ពុជា។ លោកជំទាវបានកោតសរសើរចំពោះព្រឹទ្ធសភា ដែលបានពិនិត្យ ផ្តល់យោបល់ច្បាប់ជាច្រើន និងបាននាំមុខក្នុងការចុះមូលដ្ឋាន ដើម្បីផ្សព្វផ្សាយច្បាប់ ពន្យល់អំពីច្បាប់ឱ្យប្រជាពលរដ្ឋបានយល់ និងមានជំនឿជឿជាក់លើការអភិវឌ្ឍ និងគោល នយោបាយថ្នាក់ជាតិ។

លោកជំទាវ Carmen Moreno បានបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់ លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវនឹងខិតខំរួមចំណែកធ្វើឱ្យទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ជាមួយនឹងសហភាពអ៊ឺរ៉ុបឱ្យកាន់តែល្អប្រសើរថែមទៀត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ប្រទេសកម្ពុជា និងសហភាពអឺរ៉ុប បានភ្ជាប់ទំនាក់ទំនងការទូត នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩៤។ ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតមក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់។

ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះសហភាពអ៊ឺរ៉ុប ដែលបានផ្តល់ ហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណង លើផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិ វិស័យសេដ្ឋកិច្ច សង្គម សម្របសម្រួលពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខាភិបាល និងវិស័យជាច្រើនទៀត។

ជាមួយគ្នានេះ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុប មានការកើនឡើង។ តាមរយៈជំនួយសហប្រតិបត្តិការអភិវឌ្ឍរបស់សហភាព អឺរ៉ុបសម្រាប់កម្ពុជា និងទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប បានរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា បានស្នើលោកជំទាវ Carmen Moreno ជួយចលនា និងលើកទឹកចិត្តអ្នកវិនិយោគ និងអ្នកទេសចរណ៍សហភាពអឺរ៉ុប មកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍ឱ្យកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា។ ប្រទេសកម្ពុជាបាននឹងកំពុងខិតខំកែសម្រួល និងកាត់ បន្ថយនីតិវិធីផ្ទៃក្នុងរបស់ខ្លួន ដើម្បីសម្រួលដល់អ្នកវិនិយោគឱ្យមានភាពងាយស្រួល។

ទន្ទឹមនេះ ប្រទេសកម្ពុជាមានតំបន់រមណីយដ្ឋានវប្បធម៌ជាច្រើនកន្លែង និងតំបន់អេកូ ទេសចរណ៍ជាច្រើនកន្លែង សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍។ សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធជាមួយ នឹងលោកជំទាវឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងមានផលប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕

ដោយ ប៉ាល់ សុង