គណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បើកកិច្ច​ប្រជុំត្រួតពិនិត្យគណៈកម្មការជំនាញពិសេសចំនួន៦

AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាអាស៊ី​អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣​ (CAMSOC) បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ​លើគណៈ​កម្មការជំនាញពិសេសជំនាញចំនួន៦ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជា​គណៈកម្មការឈានមុខ ដើម្បីរៀបចំផែនការងាររបស់ខ្លួន ចាប់ពីដើមឆ្នាំ២០២០តទៅ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិ​ការ CAMSOC បានផ្តល់ខ្លឹមសាររួមស្តីពីកិច្ចប្រជុំនេះថា គណៈកម្មការជំនាញចំនួន៦​នេះ​មានរចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួនរួចរាល់អស់ហើយ ដើម្បីរៀបចំផែនការសកម្មការងារ និង​គម្រោងថវិកា សម្រាប់ដំណើរការ។ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងនូវ​ការ ណែនាំ​របស់ឯកឧត្តម ថោង ខុន ដោយបែងចែកការងារជូនដល់គណៈកម្មការជំនាញទាំងនេះ និង​ត្រួត​ពិនិត្យសកម្មភាពការងារជាប្រចាំ។ ឯកឧត្ដមបានបន្ដថា កិច្ចប្រជុំនេះផ្តោតសំខាន់លើការ​កំណត់លើប្រភេទកីឡា ការកំណត់លើហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំគ្រោងឆ្អឺងពិធីបើក-បិទ ការអប់រំផ្សព្វផ្សាយសង្គមទាក់ទងទៅនឹងយុទ្ធនាការមួយចំនួន ហើយត្រូវយកទៅឆ្លងថ្នាក់​ដឹកនាំ ដោយត្រូវចាប់ដំណើរការពីឆ្នាំ២០២០ ដើម្បីឆ្ពោះទៅទទួលរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ។

ឯកឧត្តមអគ្គលេខាធិការបានបន្ថែមទៀតថា នៅក្នុងកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួង អប់រំយុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឯកភាព​គ្នាលើកិច្ច​ការជួយជំរុញអភិវឌ្ឍន៍ប្រភេទកីឡាជាតិទាំងអស់ឱ្យមានមានការរីកចម្រើន ដើម្បីដើរឱ្យទាន់​គ្នា ស្របតាមផែនការមេស៊ីហ្គេម ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ប្រភេទកីឡាទាំងអស់ដែលត្រៀមនោះ មិនប្រាកដបញ្ចូលក្នុងស៊ីហ្គេម ២០២៣ទាំងអស់​នោះ​ទេ ដោយត្រូវឆ្លងកាត់ការពិនិត្យវាយតម្លៃពីការដឹកនាំ គ្រប់គ្រងរបស់សហព័ន្ធកីឡាជាតិនានា បូករួមទាំងស្តង់ដារបច្ចេកទេស គុណផលកីឡាមានភាពច្បាស់លាស់។ ដូច្នេះក្រោយស៊ីហ្គេម ២០១៩នេះទៅ ចំពោះប្រភេទកីឡាណាខ្លះ ដែលមិនទាន់មានការអភិវឌ្ឍ ឬមានបញ្ហាមិន​ប្រក្រតី នៅក្នុងការគ្រប់គ្រងដឹកនាំនឹងត្រូវចាត់ចូលក្នុងប្រភេទកីឡាបម្រុង ដោយនឹងទទួល​បាន​ការជួយជ្រោមជ្រែងបន្ថែមល្បឿន ដោយធ្វើយ៉ាងឱ្យមានការរីកចម្រើនសម្រាប់ប្រភេទ​កីឡាចន្លោះពី ៣០ដល់៣៥ប្រភេទកីឡា៕

ដោយ ហេង ណាលីន