រដ្ឋមន្រ្ដីក្រសួងធនធានទឹក៖ យុទ្ធសាស្រ្តគ្រប់គ្រងគ្រោះរាំងស្ងួតឆ្នាំ២០២០-២០២៥ នឹងជួយ​ដោះ​ស្រាយបញ្ហាគ្រោះរាំងស្ងួត និងកាត់បន្ថយហានិភ័យគ្រោះទឹកជំនន់

AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គកម្ពុជា និងជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០១៩បានគូសបញ្ជាក់ និង​បង្ហាញនូវក្តីសង្ឃឹមថា យុទ្ធសាស្រ្តគ្រប់គ្រងគ្រោះរាំងស្ងួត ឆ្នាំ២០២០-២០២៥ បានអនុម័តក្នុង​កិច្ចប្រជុំពិគ្រោះយោ​បល់ជាមួយប្រទេស​ដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌ MRC លើកទី២៤ នៅ​កម្ពុជា នឹងជួយដោះស្រាយបញ្ហាគ្រោះរាំងស្ងួត ក្នុងការគ្រប់គ្រង និងកាត់បន្ថយ​ហានិភ័យ​គ្រោះទឹកជំនន់ដែលនឹងកើតមាន ឱ្យមានប្រសិទ្ធភាព។ ការលើកឡើងរបស់ឯក​ឧត្ដម​ ​​រដ្ឋមន្រ្ដីនេះ គឺនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការគណៈកម្មការទន្លេមេគង្គ (Mekong River Commission-MRC) កម្ពុជា ក្នុងនាមជាប្រធានក្រុមប្រឹក្សា MRC សម្រាប់​ឆ្នាំ២០១៩ បានរៀប​ចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាលើកទី២៦ និងកិច្ចប្រជុំពិគ្រោះយោ​បល់ជាមួយប្រទេស​ដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌ MRC លើកទី២៤ ដែលបានប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ​សណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម។

ឯកឧត្តម លឹម គានហោ តាងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងនូវការស្វាគមន៍​យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងក្នុងនាម​ប្រធាន​ក្រុមប្រឹក្សាMRC បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ និងសមិទ្ធផលដែលMRC សម្រេចបានក្នុងឆ្នាំ២០១៩ តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវផែនការការងារ​របស់ខ្លួនដែលបានដាក់ចេញ ក្រោមការសម្របសម្រួលអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព​របស់​លេខាធិការដ្ឋានMRC។ ជាមួយគ្នានេះ សមិទ្ធផលដែលសម្រេចបានក៏ដោយមានកិច្ចខិតខំ​ប្រឹងប្រែងរួម ការប្តេជ្ញាចិត្តក្នុងចំណោមប្រទេសជាសមាជិក, ការគាំទ្រ ក៏ដូចជាភាពជាដៃគូ​យ៉ាងល្អពី និងជាមួយភាគីពាក់ព័ន្ធ ក្នុងកិច្ចសហប្រតិបត្តិការតំបន់ សម្រាប់ការអភិវឌ្ឍ​ប្រកប​ដោយចីរភាពក្នុងអាងទន្លេមេគង្គ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងនូវបញ្ហាប្រឈមក្នុង អាង​ទន្លេ​មេគង្គ ជាពិសេស គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរដែលធ្វើឱ្យលំហូរទឹកទន្លេមេគង្គ​ក្នុង​ឆ្នាំ២០១៩ ដែលមានកម្រិតទាបបំផុតដែលមិនធ្លាប់ជួបប្រទះនាពេលកន្លងមក។ ឯកឧត្តម បាន​ថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ ដៃគូសន្ទនា និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលបាន​ជួយធ្វើឱ្យ MRC សម្រេចបាននូវសមិទ្ធផលធំៗជាច្រើនរហូតមកដល់ពេលនេះ ក្នុងកិច្ចប្រឹង ប្រែង និងកិច្ចសហប្រតិបត្តិការតំបន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាង​ទន្លេ មេគង្គ។

កិច្ចប្រជុំនេះដែរ ក៏មានចូលរួមពីសមាជិកក្រុមប្រឹក្សា MRC ថ្នាក់រដ្ឋ​មន្រ្តីនៃ​ប្រទេស​ជាសមាជិក MRC រួមមាន៖ កម្ពុជា ឡាវ ថៃ និងវៀតណាម តំណាងប្រទេស​ដៃគូអភិវឌ្ឍន៍ តំណាងប្រទេសដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) តំណាងនៃអង្គការតំបន់​និងអន្តរ​ជាតិ និង​មន្រ្តីលេខាធិការដ្ឋានMRC។ កិច្ចប្រជុំនេះ នឹងពិនិត្យ ពិភាក្សាលើវឌ្ឍនភាព​នៃការអនុវត្ត​យុទ្ធសាស្រ្តអភិវឌ្ឍន៍អាង និងផែនការយុទ្ធសាស្រ្តរបស់ MRC ឆ្នាំ២០១៦-២០២០ និងការរៀប​ចំបន្តសម្រាប់ដំណាក់កាលបន្ទាប់, កិច្ចសហប្រតិបត្តិការតំបន់, ការអនុវត្តនីតិវិធី​ស្តីពីការគ្រប់​គ្រងការប្រើប្រាស់ទឹក, ការតាមដានត្រួតពិនិត្យទន្លេ និងកិច្ចការសំខាន់មួយចំនួន​ទៀត។ កិច្ច​ប្រជុំ ក៏នឹងពិនិត្យ អនុម័តផែនការការងារ MRC សម្រាប់ឆ្នាំ២០២០-២០២១ និង​យុទ្ធសាស្រ្ត​គ្រប់គ្រងគ្រោះរាំងស្ងួត ឆ្នាំ២០២០-២០២៥។

ឯកឧត្តមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ទៀតថា MRC បាននឹងកំពុងរៀបចំយុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​អាង ឆ្នាំ២០២១-២០៣០ និងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ឆ្នាំ២០២១-២០២៥ ក្នុង​គោលបំណងដើម្បី​រួម​ចំណែក និងសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព​ក្នុងអាងទន្លេមេគង្គ ដូច​ដែលបានដាក់ចេញក្នុងសេចក្តីថ្លែងការណ៍ក្រុងសៀមរាបដែល​ប្រមុខ​រដ្ឋាភិបាលនៃប្រទេស​ជាសមាជិក កម្ពុជា ឡាវ ថៃ និងវៀតណាម បានអនុម័តក្នុងកិច្ច​ប្រជុំ​កំពូល​MRC លើកទី៣ ក្នុងខែមេសា ឆ្នាំ២០១៨កន្លងមក នៅខេត្តសៀមរាប។ ឯកឧត្តមក៏ បានស្នើដៃគូ និងភាគីពាក់ព័ន្ធ បន្តជួយគាំទ្រ និងសហការក្នុងដំណើរការឆ្ពោះទៅគោល​ដៅ​នេះ ឱ្យទទួលបានជោគជ័យ៕

ដោយ អ៊ុន រិទ្ធី