សមា​គមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ បើកវេទិកាប្រមូលមតិល្អៗ សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រគាំទ្រការងាររៀបចំលំនៅឋានមិនរៀបរយ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — តំណាងក្រសួង ស្ថាប័ន ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ សង្កាត់ និងតំណាង សហគមន៍ បានមកចូលរួមវេទិកា ស្តីពី ការរៀបចំយុទ្ធសាស្ត្រ គាំទ្រការងាររៀបចំលំនៅឋាន​មិនរៀបរយ ក្រោមការរៀបចំរបស់អគ្គលេខាធិការដ្ឋានសមា​គមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ ក្រោមជាតិ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារភ្នំពេញ។

ឯកឧត្តម ប៉ុក សុគន្ធដារ៉ា អគ្គលេខាធិការសមា​គមក្រុមប្រឹ​ក្សា​រដ្ឋបាលថ្នាក់ក្រោមជាតិ បានឱ្យដឹងថា វេទិកានេះដើម្បីពិភា​ក្សាប្រមូលនូវគំនិតល្អៗ សម្រាប់ជាមូលដ្ឋានរៀបចំយុទ្ធ សាស្ត្រ​ស្វែងរកការគាំទ្រការងាររៀបចំតំបន់ប្រជុំជន ក្នុងសហគមន៍ក្រីក្រ​។

ឯកឧត្តមបានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រនេះមិនផ្តោតទៅលើតែរាជធានីភ្នំពេញទេ បើសិនជាខេត្ត ក្រុងណាចាប់អារម្មណ៍មើលឃើញថាច្បាប់គោលនេះល្អអាចយកឯកសារ នេះទៅប្រើប្រា​ស់​បាន។ ការកសាងផែនការយុទ្ធសាស្ត្រនេះ ដោយសារមើលឃើញថា ការ ទទួលបានគម្រោងគាំទ្រពីសហគមន៍អឺរ៉ុបក្នុងរយៈពេល៣ឆ្នាំនេះ យើងផ្តោតទៅលើការរៀប ចំតំបន់មិនទាន់រៀបរយ ធ្វើយ៉ាងម៉េចកែលម្អបងប្អូន ដែលរស់នៅក្នុងតំបន់ មិនទាន់រៀប រយនេះឱ្យមានលក្ខណៈកាន់តែប្រសើ​រឡើង ទាំងការរស់នៅការបណ្តុះបណ្តាលជំនាញ ចំណេះដឹងជូនពួកគាត់រស់នៅក្នុងសហគមន៍ក្រីក្រ ឱ្យមានគោល​ដៅច្បាស់លាស់។ ព្រោះថា ក្នុងសហគមន៍របស់ពួកគាត់កំពុងជួបបញ្ហាប្រឈម ដូចជា គ្រួសារប្រជាសហគមន៍មួយចំនួន ចេះតែដោះដូរដីធ្លីលំនៅឋាន ដែលអាជ្ញាធររាជធានីភ្នំពេញបានបែងចែកឱ្យហើយនោះ ដូច្នេះ យើងធ្វើនេះដើម្បីឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង ដើម្បីជួយសម្រួលដល់ពួកគាត់មាន ស្ថិរភាពក្នុងការរស់នៅ កុំឱ្យពួកគាត់ចេះតែដោះដូរទៀតនាំមានបញ្ហា។

ឯកឧត្តមបានបញ្ជាក់ថា និយាយនេះមិនមែនថា កន្លងមកអាជ្ញាធររាជធានីភ្នំពេញមិន បានយកចិត្តទុកដាក់ដល់ពួកគាត់នោះទេ  តាមពិតបញ្ហាប្រ​ឈ​​មទាំងនេះ សាលារាជធានីបាន ដោះស្រាយប្រគល់ដីធ្លីឱ្យពួកគាត់បានរស់សមគួររួចមកហើយ តែពួកគាត់បានដីធ្លីហើយយក ទៅលក់ដោះដូរបន្តទៀត។

ឯកឧត្តមបណ្ឌិត សេង ទូច ទីប្រឹក្សាយុទ្ធសាស្ត្រតស៊ូមតិ បានលើកឡើងថា ក្នុងឆ្នាំ២០១៩នេះ ទីក្រុងភ្នំ​ពេញ​កាន់តែមានវិសាលភាពរហូត១៤ខណ្ឌ និងមានប្រជា ជនសរុបចំនួនជិត ២លាននាក់។ តួលេខនេះអាចកើនឡើងដល់ជិត ៣លាននាក់ នៅឆ្នាំ២០៣៤។ តែចំពោះសហគមន៍លំនៅឋានក្រីក្របានធ្លាក់ចុះពី ៥១៦សហគមន៍ មកនៅ ត្រឹម ២១៥សហគមន៍ ស្មើ ១៧៤៦២គ្រួសារ។ មូលហេតុធ្លាក់ចុះបណ្តាលមកពីការផ្លាស់ទីលំ នៅរបស់គ្រួសារពីដីសាធារណៈ ដូចជាផ្លូវដែក និងប្រឡាយទៅតំបន់ដែលមានសន្តិភាព ដីធ្លីការធ្វើឱ្យជាផ្លូវការ នៃការតាំងទីលំនៅក្រៅផ្លូវការដោយបញ្ចូលទៅក្នុងភូមិដែលមាន ស្រាប់ ឬការចុះឈ្មោះភូមិថ្មី និងការផ្លាស់ប្តូរនៅក្នុងប្រមូលផ្តុំរបស់សហគមន៍លំនៅឋានក្រីក្រ ពីខណ្ឌមួយ ទៅខណ្ឌមួយទៀតជាដើម៕

ដោយ ប៉ាល់ សុង