ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍មានចំនួន២១៥ករណី ស្លាប់មនុស្ស​១២៩នាក់ រងរបួសធ្ងន់ ស្រាលចំនួន ៣០៣នាក់ នៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុសហការជាមួយរដ្ឋបាលខេត្ត បានប្រារព្ធ​ទិវាជាតិរម្លឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍លើកទី១៤ ដោយមានការ អញ្ជើញចូលរួមពីតំណាងមន្ត្រីរាជការមកពីមន្ទីរ អង្គភាព សាលាក្រុង ស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្រោមអធិបតីលោកជំទាវ គួច ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត ព្រះសីហនុ លោក គង់ វិតាណៈ អភិបាលរងខេត្ត ជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ខេត្តព្រះសីហនុ ។

លោក នុត លី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុបានឱ្យ ដឹងថា ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ បានកើត ឡើងចំនួន ២១៥ ករណី ក្នុងនោះជនបរទេសចំនួន ២៨ ករណី ជនបង្ក ២៥ករណី ជនរង គ្រោះ ៣ករណី លើ ១៥៧ករណី បើធៀបទៅនឹង ០៩ខែ ឆ្នាំ២០១៨ កើនឡើងចំនួន ៥៨ករណី ។ បង្កឱ្យមានមនុស្សស្លាប់ចំនួន ១២៩នាក់ ស្រី ២៦នាក់ (បរទេស ១០នាក់ស្រី ០១នាក់) លើ ៩៧នាក់ ធៀបទៅនឹង ០៩ខែ ឆ្នាំ២០១៨ កើនឡើង ៣២នាក់ ។ ក្នុងនោះ រងរបួសចំនួន ៣០៣ នាក់ ស្រី ៥៨នាក់ (ជនបរទេស ២៨នាក់ ស្រី ០២នាក់) លើ ២៥៩នាក់  ធៀបនឹង ០៩ខែ ឆ្នាំ២០១៨ កើនឡើង ៤៤នាក់។ របួសធ្ងន់ ១១៥នាក់ ស្រី ២៥នាក់ (បរទេស ១៦នាក់ ស្រី ០១នាក់)។ របួសស្រាល ១៦៧នាក់ ស្រី ២៨នាក់ (បរទេស ១២នាក់ ស្រី ០១នាក់)។ ទន្ទឹមនេះ គ្រោះថ្នាក់ចរាចរណ៍នេះក៏បណ្តាលធ្វើឱ្យខូចខាតរថយន្តចំនួន៣៧៣គ្រឿងផងដែរ។

លោក គង់ វិតាណៈ បានមានប្រសាសន៍ថា ទិវាអន្តរជាតិរម្លឹកដល់ជនរងគ្រោះ ដោយ​គ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុលើកទី១៤ នេះ ក្នុងគោលដៅចូលរួមពង្រឹងការ​អនុវត្ត​ច្បាប់ និងបទបញ្ញត្តិចរាចរណ៍នានា ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់​កាត់បន្ថយ​គ្រោះ​ថ្នាក់ចរាចរណ៍ដែលកើតឡើងនៅកម្ពុជា ក៏ដូចជានៅបណ្ដាប្រទេសនានាលើ​ពិភព​លោក។ លោកអភិបាលរងខេត្ដបានបន្ដថា ដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាព​របស់​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏ដូច​ជាលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបានធ្វើការអប់រំផ្សព្វផ្សាយ ច្បាប់ចរា ចរណ៍ផ្លូវគោកថ្មី និងឯកសារពាក់ព័ន្ធ ជំនាញបើកបរយានយន្តដល់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានចំនួន១៨លើក ដែលមានសិក្ខាកាមចូលរួមចំនួន ១.២៨១នាក់។ លោកបានបន្ថែមថា ចំពោះលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានធ្វើការចែកចាយខិតប័ណ្ណចំណាំងផ្លាត រួមទាំងរូបភាពសុវត្ថិភាពចរាចរណ៍ ដល់ប្រជាពល​រដ្ឋអ្នកបើកបរយានយន្តនៅតាមទីសាធារណៈ សាលារៀន អង្គភាព ស្ថាប័ននានាបានចំនួន ៥លើក ព្រមទាំងចែកមួកសុវត្ថិភាពបានចំនួន២២៤មួកផងដែរ៕

ដោយ ងូ សុមុនី