រដ្ឋមន្រ្តី​ក្រសួងការពារជាតិកម្ពុជា​ជំរុញឱ្យកងទ័ពជើងទឹកអាស៊ាន រួមគ្នាធានាឱ្យបាននូវសន្តិសុខយូរអង្វែងលើផ្ទៃសមុទ្រ

AKP សៀមរាប ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិបាន មានប្រសាសន៍បើកកិច្ចប្រជុំលើកទី១៣ មេបញ្ជាការកងទ័ពជើងទឹកអាស៊ាន នៅខេត្ត សៀមរាប​ នៅព្រឹក​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ប្រទេសនៃសមាជិកអាស៊ានបានផ្សារ ភ្ជាប់គ្នាដោយសមុទ្រ ហើយយើងក៏បានទទួលស្គាល់ថា បញ្ហាប្រឈមមួយចំនួននៅតែបន្ត កើតមានឡើងនៅលើសមុទ្រទាំងសន្តិសុខ បញ្ហាអធិបតេយ្យភាពលើដែនសមុទ្រចោរកម្ម ប្រដាប់អាវុធ អន្តោប្រវេសន៍ខុសច្បាប់ ការជួញដូរគ្រឿងញៀន ការនេសាទខុសច្បាប់ការ បំពុលបរិស្ថាន គ្រោះមហន្តរាយធម្មជាតិ អំពើភេរវកម្ម ដែលទាមទាឱ្យមាន កិច្ចសហប្រតិ បត្តិការឱ្យបានកាន់តែខ្លាំងរបស់កងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន ក្នុងការដោះ ស្រាយបញ្ហាទាំង​នេះឱ្យកាន់តែមាន​ប្រសិទ្ធភាពខ្ពស់។

សម្តេចបន្តថា សេដ្ឋកិច្ច សង្គមកិច្ច របស់ប្រជាជន នៃប្រទេសនៅតំបន់អាស៊ីមានការ រីកចម្រើនយ៉ាងខ្លាំង គឺអាស្រ័យដោយមានការដឹកជញ្ជូនតាមផ្លូវទឹកយ៉ាងសកម្ម តាមរយៈ កប៉ាល់ សំពៅ ទូកធំៗ ជាដើម។ រហូតមកដល់បច្ចុប្បន្ននេះ ការដឹកជញ្ជូនតាមផ្លូវសមុទ្រ នៅតែជាវិស័យអាទិភាពដ៏សំខាន់ សម្រាប់វិបុលភាព និងវឌ្ឍនភាពក្នុងពិភពលោកទាំងមូល ជាពិសេសតំបន់អាស៊ាន បាន និងកំពុងបន្តវិវត្តន៍រីកចម្រើនទៅមុខប្រកបដោយសុទិដ្ឋិនិយម។ នៅរយៈពេល១៩ឆ្នាំជាបន្តបន្ទាប់មកនេះ មេបញ្ជាការកងទ័ពជើងទឹកអាស៊ាន បានបង្ហាញ នូវសុពលភាព និងសមត្ថភាពដ៏មានសក្តានុពល ដែលជាភស្តុតាងនៃតួនាទីស្នូលរបស់ខ្លួន ក្នុងការរក្សាសន្តិសុខលើសមុទ្រក្នុងតំបន់ និងពិភពលោក។ កិច្ចប្រជុំមេបញ្ជាការកងទ័ពជើង ទឹកអាស៊ាននេះ គឺជាវេទិកាសម្រាប់កងទ័ពជើងទឹកប្រទេសសមាជិកធ្វើការបែងចែកទស្សនៈ នៃការថែរក្សាសុខសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងលើកទឹកចិត្តដល់ កងទ័ព ជើងទឹកតូច ធំ ចូលរួមដោយស្មើសិទ្ធិ ស្មើភាព នៅគ្រប់សកម្មភាពក្នុងកិច្ចការតំបន់ និងពិភពលោក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានជំរុញឱ្យកងទ័ពជើងទឹកអាស៊ានរួមគ្នាធានាឱ្យ បាននូវសន្តិសុខយូរអង្វែងលើផ្ទៃសមុទ្រ​ ដោយត្រូវធ្វើកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់ តែជិតស្នឹទ្ធ និងស៊ីជម្រៅថែមទៀត ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ទៅនឹងការគំរាម កំហែងផ្សេងៗ បញ្ហាប្រឈមខាងផ្នែកសន្តិសុខដែនសមុទ្រ ដែលកំពុងកើតមាននៅក្នុងតំបន់ និងពិភពលោក ទាំងពេលបច្ចុប្បន្ននិងទៅអនាគត។

សម្តេចបានណែនាំ កិច្ចប្រជុំកងទ័ពជើងទឹកអាស៊ាននាពេលនេះពិភាក្សាគ្នាឱ្យបាន ល្អិតល្អន់ផុលផុសថែមទៀតអំពីបញ្ហាប្រឈម ដែលជាគន្លឹះក្នុងការលើកកម្ពស់ការជឿទុកចិត្ត គ្នាក្នុងចំណោមកងទ័ពជើងទឹកអាស៊ាន រួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់រួមគ្នាដោះស្រាយបញ្ហាប្រឈម ក៏ដូចជាស្ថាន ភាពអាសន្ន ប្រកបដោយប្រសិទ្ធភាព ដោយឈរលើគោលការណ៍នៃការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការគោរពឯករាជ្យភាព អធិបតេយ្យភាព និងការគោរពគ្នាទៅវិញ ទៅមកដែលជាធាតុចូលដ៏ សំខាន់ទាក់ទងទៅនឹងប្រធានបទបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខសមុទ្រយូរ អង្វែង” នាពេលនេះ៕

ដោយ ឃុត សៅ