អូស្រ្ដាលី ប្រកាសបន្ដជួយដល់គណៈកម្មការទន្លេមេគង្គ និងពង្រឹងកិច្ចសហប្រតិបត្ដិការជួយ​ដល់កម្ពុជាលើវិស័យធនធានទឹក

AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម Jean Bernard Carrasco ឯកអគ្គរាជទូតអូស្រា្តលី ប្រចាំប្រទេសឡាវ និងបច្ចុប្បន្ន ជាប្រធានក្រុមប្រទេសដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌគណៈកម្មការទន្លេមេគង្គ (MRC) តាងនាម ដៃគូអភិវឌ្ឍន៍ បានបង្ហាញនូវការប្តេជ្ញាចិត្តបន្តជួយដល់ការងារ MRC ឱ្យមានការវិវត្តរីកចម្រើន​ជាបន្ថែមទៀត ជាពិសេសអូស្រ្តាលីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមចំណែកជួយ​សម្រាប់ការអភិវឌ្ឍកម្ពុជាលើវិស័យធនធានទឹកជាបន្តទៀត។​ ការលើកឡើងរបស់ឯកឧត្ដម ឯកអគ្គរាជទូតអូស្រា្តលីនេះ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈ កម្មាធិការជាតិទន្លេ​មេគង្គកម្ពុជា និងជាប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (MRC) សម្រាប់ឆ្នាំ២០១៩ កាលពី​រសៀល ថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា។  នេះបើយោងតាមការផ្សាយ​របស់ក្រសួងធនធានទឹក និងឧតុនិយម។

ឯកឧត្តម Jean Bernard Carrasco បានអរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាម​ជា​ប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០១៩ ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី បានចូលជួបសម្ដែងការគួរសមក្នុងឱកាសមកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រទេស ដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌ MRC លើកទី២៤ នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ឯកអគ្គរាជ​ទូតបានជម្រាបអំពីជំនួយអូស្រ្តាលីដែលបានជួយដល់ការងាររបស់ MRC លើការគ្រប់គ្រងធន​ធាន​ទឹក​ឆ្លងដែន រហូតមកដល់ពេលនេះ។

ឯកឧត្តម លឹម គានហោ បានកោតសរសើរចំពោះឯកឧត្តម ឯកអគ្គរាជទូតអូស្រ្ដាលី​ប្រចាំ​នៅ​ប្រទេសឡាវ ដែលបាន​អញ្ជើញមកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រទេស​ដៃគូ​អភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌ MRC លើកទី២៤ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ តបតាមការ​អញ្ជើញ​​របស់ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមជាប្រធានក្រុមប្រឹក្សា ឆ្នាំ២០១៩ និងជាម្ចាស់ផ្ទះ​នៃកិច្ច​ប្រជុំ។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ក្នុងនាម MRC ក៏សូមអរគុណដល់អូស្រ្តាលី ដែល​ជា​ដៃគូអភិវឌ្ឍន៍មួយដែលបានរួមចំណែកជួយគាំទ្រទាំងហិរញ្ញវត្ថុ និងបច្ចេកទេស ដល់ការ ងារ​​របស់ MRC ជារួម និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអរគុណ តាមរយៈឯកឧត្តម​ឯកអគ្គរាជទូត ជូនដល់រដ្ឋាភិបាលអូស្រ្តាលី ដែលបានរួមចំណែកជួយដល់ការអភិវឌ្ឍកម្ពុជា និងដោយឡែកលើវិស័យធនធានទឹក រហូតមកដល់ពេលនេះ។

ជាមួយគ្នានេះ ភាគីទាំងពីរ បានពិភាក្សាដោយផ្តោតលើវឌ្ឍនភាពការងារ, បញ្ហា​ប្រឈម តម្រូវការ និងអាទិភាពរបស់ MRC ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាង MRC និងដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់កិច្ចសហប្រតិបត្តិការតំបន់ សម្រាប់ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ប្រកបដោយចីរភាព នៃធនធានទឹក និងធនធានពាក់ព័ន្ធក្នុងអាងទន្លេមេគង្គ។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានក្រុមប្រឹក្សា MRC បានថ្លែង​អំណរ​គុណដល់ប្រទេសអូស្រ្តាលី និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដែលនៅតែបន្តជួយ​ដល់កិច្ច​សហប្រតិបត្តិការក្នុងក្របខ័ណ្ឌ MRC ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ក៏ដូចជាការប្តេជ្ញា​ចិត្តរបស់អូស្តា្រលី ក្នុងការបន្តជួយដល់ការអភិវឌ្ឍកម្ពុជា ផងដែរ។

សូមជម្រាបថា គិតរហូតមកដល់ពេលនេះ អូស្ត្រាលី បានជួយ MRC ក្នុងរង្វង់ទឹកប្រាក់ ប្រមាណ២៧ លានដុល្លារអាម៉េរិក លើការងារការកសាងសមត្ថភាពធនធានមនុស្ស និង ស្ថាប័ន, ការគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ, ការរៀបចំផែនការអភិវឌ្ឍន៍អាង, ការរៀបចំ ប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ និងផ្នែកមូលដ្ឋានទិន្នន័យជាដើម៕

ដោយ ឡុង ស៊ីវ៉ាន់