រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ច្បាប់​ថវិកាជាតិ ឆ្នាំ២០២០ មានកំណើន ប្រមាណ២២.៧ភាគរយ ធៀបនឹងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋ​កិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ ឬហៅថា ច្បាប់​ថវិកាជាតិ ឆ្នាំ២០២០ ត្រូវបានរាជរដ្ឋាភិបាល គ្រោងនឹងចំណាយ​ចំនួន​៣៣.៣៣៩.៦៣៣ លានរៀល ស្មើប្រមាណ៨.១៩៦លានដុល្លារអាម៉េរិក ត្រូវជា២៨.០១​ភាគរយ នៃផលិត​ផលក្នុងស្រុកសរុប(ផ.ស.ស) គឺមានកំណើន ២២.៧ភាគរយ ធៀបនឹងច្បាប់​ថវិកា​ជាតិ ឆ្នាំ២០១៩។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ ក្នុងការបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ នៃរដ្ឋសភា ដែលបានកំពុង ពិភាក្សា សេចក្តីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដែលគណៈរដ្ឋមន្ត្រីបានប្រជុំ ពិនិត្យ និងអនុម័ត​នេះ ត្រូវបានគ្រោង សម្រាប់ការដំឡើង​បៀវត្សរ៍​​មូលដ្ឋាន ក្នុងអត្រា ៧.០ភាគរយ តាមតម្លៃ ឯកតាសន្ទស្សន៍២.៥០០រៀល ដោយ​អនុវត្តន៍​ចាប់ពីខែមករា ឆ្នាំ២០២០។ សម្រាប់ការដំឡើង​ប្រាក់​បំណាច់មុខងារ នឹងត្រូវអនុវត្តន៍ ចាប់ពីខែមេសា ឆ្នាំ២០២០ ដោយផ្តល់បន្ថែម៣០.០០០ រៀល ជូនមន្ត្រីរាជការស៊ីវិល និងកង​កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលមានប្រាក់បំណាច់​មុខងារក្នុងកម្រិតក្រោម ៩៦០.០០០​រៀល និងចាប់ពីកម្រិត ៩៦០.១០០រៀល ដល់ ១.១១០.​០០០ រៀល នឹងផ្តល់បន្ថែមចំនួន ២០.០០០រៀល។ ក្នុងនោះ ក៏មានការដំឡើងប្រាក់ឧបត្ថម្ភ ប្រចាំខែសម្រាប់មន្ត្រីជាប់កិច្ចសន្យា ពី៦៥០.០០០រៀល ទៅដល់៦៧០.០០០រៀល ដោយ​អនុវត្តន៍​ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២០។ នៅឆ្នាំ២០២០នេះដែរ បៀវត្សរ៍អប្បបរមារបស់​មន្ត្រីរាជការស៊ីវិល និងកងកម្លាំង​ប្រដាប់អាវុធ នឹងមានស្ថានភាពផ្លាស់ប្តូរ ដូចខាងក្រោម៖ បៀវត្សរ៍មន្ត្រីរាជការស៊ីវិល នឹងត្រូវ​បាន​ដំឡើង ចំនួន១.១០០.១០០ រៀល នៅឆ្នាំ២០១៩ ដល់​ប្រមាណ ១.១៤២.៥០០រៀល នៅខែមករា ឆ្នាំ២០២០ ហើយនឹងត្រូវបានដំឡើងដល់ប្រមាណ ១.១៧២.៥០០ រៀល ចាប់ពីខែមេសា ឆ្នាំ២០២០។ បៀវត្សរ៍គ្រូបង្រៀន និងគ្រូពេទ្យ នឹងត្រូវ​បាន​ដំឡើងពីចំនួន ១.២០០.១០០ រៀល នៅឆ្នាំ២០១៩ ដល់ប្រមាណ ១.២៤២.៥០០ រៀល នៅខែមករា ឆ្នាំ២០២០ ហើយនឹងត្រូវបានដំឡើងដល់ប្រមាណ១.២៧២.៥០០រៀល ចាប់ពីខែ​មេសា ឆ្នាំ២០២០។ បៀវត្សរ៍នគរបាល (ពលបាលត្រី) នឹងត្រូវបានដំឡើង​ពីចំនួន​១.១៨៤.​៥៧៧​រៀល (គិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០១៩ ដល់ប្រមាណ ១.២២៦.៩៧៧​រៀល (គិតបញ្ចូល ទាំង​របបអង្ករ) នៅខែមករា ឆ្នាំ២០២០ ហើយនឹងត្រូវបានដំឡើងដល់​ប្រមាណ​១.២៥៦.៩៧៧រៀល (គិតបញ្ចូលទាំងរបបអង្ករ) ចាប់ពីខែមេសា ឆ្នាំ២០២០។ បៀវត្សរ៍យោធិន (ពលទោ) នឹងត្រូវបានដំឡើងពីចំនួន១.០៥៥.៩០០រៀល (មិនគិតបញ្ចូល​របប​អង្ករ) នៅ​ឆ្នាំ២០១៩ ដល់​ប្រមាណ១.០៩៣.៥០០រៀល(មិនគិតបញ្ចូលរបបអង្ករ) នៅ​ខែមករា ឆ្នាំ២០២០ ហើយនឹង​ត្រូវដំឡើងដល់១.១២៣.៥០០រៀល ចាប់ពីខែមករា ឆ្នាំ២០២០ បើគិតបញ្ចូលរបប​អង្ករ ត្រូវជា​ប្រមាណ១.១៨១.៩៧៧រៀល។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា សម្រាប់ឆ្នាំ២០២០ រាជរដ្ឋាភិបាល នឹងធ្វើការ​កែសម្រួលនូវកម្រិតអប្បបរមា នៃប្រាក់បៀវត្សរ៍ ត្រូវជាប់ពន្ធ ក្នុងគោលបំណងផ្តល់ការលើក​ទឹកចិត្ត និងលើកកម្ពស់កម្រិតជីវភាពរបស់មន្ត្រីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាល​ជាតិ យោធិន ក៏ដូចជាកម្មករ និយោជិត ដែលទទួលបានប្រាក់បៀវត្សរ៍ ចាប់ពី ១.៣០០.០០០ រៀល ចុះឱ្យរួចផុតពីកាតព្វកិច្ចបង់ពន្ធលើប្រាក់បៀវត្សរ៍។ ក្រៅពីបានដំឡើងប្រាក់បៀវត្សរ៍​ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាលក៏បានគ្រោងថវិកាចំនួន ៤០ប៊ីលាន​រៀល ដោយឡែកផ្សេងទៀត សម្រាប់ផ្តល់លទ្ធភាពដល់ក្រសួង-ស្ថាប័ន អាចជ្រើសរើសមន្ត្រី​មានសមត្ថភាព និងជំនាញខ្ពស់ចូលបម្រើការងាររដ្ឋ ដែលក្របខ័ណ្ឌ និងគោលការណ៍ នឹងត្រូវបានរៀបចំដាក់ឱ្យអនុវត្តន៍នៅក្នុងឆ្នាំ២០២០។ លើសពីនេះទៀត ថវិកាចំនួន៥០ប៊ី​លាន​រៀល ត្រូវបានគ្រោងសម្រាប់មូលនិធិថែទាំសុខភាពជូនមន្ត្រីរាជការស៊ីវិល កងកម្លាំង​ប្រដាប់ អាវុធគ្រប់ប្រភេទ និងនិវត្តន៍ជន។ រាជរដ្ឋាភិបាល ក៏បានបន្តគ្រោងថវិកាចំនួន ៦ ប៊ីលានរៀល ដើម្បីទ្រទ្រង់របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ សម្រាប់មន្ត្រី​សាធារណៈ នៅក្នុង​កញ្ចប់​​ថវិការបស់ក្រសួងសុខាភិបាល។ ចំពោះប្រាក់សោធននិវត្តន៍ ក៏ត្រូវ​បានគ្រោងថវិកាចំនួន៦០ប៊ីលានរៀល សម្រាប់ការដំឡើងរបបសោធនប្រចាំខែទាបបំផុត ជូនដល់និវត្តន៍ជន ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ។

ឯកឧទ្ដមឧបនាយករដ្ឋមន្រ្ដីក៏បានបន្ថែមទៀតថា ជារួម ថវិកាជាតិឆ្នាំ២០២០ ត្រូវបាន រាជរដ្ឋាភិបាល បង្កើនការចំណាយអាទិភាពចាំបាច់ តាមវិស័យទាំង ៤ រួមមាន៖ វិស័យរដ្ឋ​បាល​​ទូទៅ វិស័យការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ វិស័យសង្គមកិច្ច និងវិស័យ​សេដ្ឋកិច្ច។ ក្នុងនោះ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានរាជរដ្ឋាភិបាល គ្រោងនឹងចំណាយ​ច្រើនជាងគេ នៅឆ្នាំ២០២០ មានចំនួន ៣.៧៣៨.១៣០ លានរៀល ស្មើប្រមាណ ៩១៩ លានដុល្លារអាម៉េរិក។ បន្ទាប់មក ក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន៣.២១៨.២៣២ លានរៀល ស្មើប្រមាណ៧៩១លានដុល្លារអាម៉េរិក។ ក្រសួងការពារជាតិ គ្រោងចំណាយ ២.៥៣៦.៧២៨ លានរៀល ស្មើប្រមាណ ៦២៣ លានដុល្លារអាម៉េរិក។ ក្រសួងសុខាភិ​បាល ២.១០២.៨៩៩ លានរៀល ស្មើប្រមាណ ៥១៧ លានដុល្លារ និងក្រសួងមហាផ្ទៃ. ២ ០៨៣.១០៧ លានរៀល ស្មើប្រមាណ ៥១២ លានដុល្លារ។ ជាមួយគ្នានេះដែរ ថវិកាជាតិ ឆ្នាំ២០២០ ក៏បានបង្កើនការចំណាយដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះ ឧបត្ថម្ភរាជធានី​ខេត្ត ចំនួន៤៧.០២៤លានរៀល ឧបត្ថម្ភមូលនិធិក្រុង ស្រុក ចំនួន ២៣៥.១១៧ លានរៀល មានកំណើន ២២.៤ភាគរយ ធៀបនឹងច្បាប់ ឆ្នាំ២០១៩ និងឧបត្ថម្ភមូលនិធិឃុំ សង្កាត់ ចំនួន ៦០៧.៣៨៦ លានរៀល មានកំណើន ១៦ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០១៩ និងមូលនិធិ​អភិវឌ្ឍន៍​ឃុំ សង្កាត់ ចំនួន១៩៥.៩៣១ លានរៀល ដែលជាការផ្ទេរធនធានបន្ថែមពីថវិការដ្ឋ ចំនួន១ភាគរយ ក្នុង១ឆ្នាំ នៃចំណូលចរន្តថ្នាក់ជាតិ ជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយ​អភិវឌ្ឍន៍មូលដ្ឋាន ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។ ក្នុងនោះ ការឧបត្ថម្ភធនបន្ថែមនេះ នឹងធ្វើឱ្យទំហំមូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ នឹងកើនឡើងទ្វេដង នៅឆ្នាំ២០២០ ពីប្រមាណ ៣៥.០០០ ដុល្លារអាម៉េរិក ជាមធ្យមក្នុង១ឆ្នាំ ទៅប្រមាណជាង ៧០.០០០ ដុល្លារអាម៉េរិក ជាមធ្យម ក្នុង១ឆ្នាំ។

គួរកត់សម្គាល់ថា ការចំណាយថវិកាថ្នាក់ក្រោមជាតិ (ថវិការដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់) ត្រូវបានបង្កើនជាង៤ដង គឺពីប្រមាណតែចំនួន ៧៦៦ ប៊ីលានរៀល នៅឆ្នាំ២០១៣ ឬសមមូលស្មើនឹង១៩០លានដុល្លារអាម៉េរិក ដែលមាន​សមាមាត្រស្មើនឹង ៦.១ភាគរយ នៃចំណាយថវិការដ្ឋសរុប ហើយត្រូវជា១.២៥ភាគរយ នៃ(ផ.ស.ស) ទៅដល់ប្រមាណចំនួន ៣.៣២៩ ប៊ីលានរៀល នៅឆ្នាំ២០២០ ឬសមមូលស្មើនឹង ៨២១លានដុល្លារអាម៉េរិក ដែលមានសមាមាត្រស្មើនឹង ១០ភាគរយ នៃចំណាយថវិការដ្ឋសរុប ហើយត្រូវជា២.៨០ភាគរយ នៃ(ផ.ស.ស)។ ក្នុងច្បាប់ថវិកាជាតិ ឆ្នាំ២០២០ រាជរដ្ឋាភិបាល​កំណត់​ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ សម្រាប់ឆ្នាំ២០២០ ក្នុងកម្រិត១.៤០០ លាន SDR ស្មើប្រមាណ១.៩២៧ លានដុល្លារអាម៉េរិក ខណៈកំណើនសេដ្ឋកិច្ចនឹងថយមកនៅត្រឹម៦.៥ ភាគរយ។ បើតាមការលើកឡើងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការខ្ចីនេះ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌករដល់កម្ពុជាទេ៕

ដោយ ប៊ុនរិទ្ធ