រដ្ឋសភាកំពុងពិភាក្សាសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និងច្បាប់ចំនួន៣ផ្សេងទៀត

AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩​ — សមាជិក សមាជិការដ្ឋសភាចំនួន១០៨រូប បានកំពុងពិភាក្សាសេចក្តីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ចំនួន៧ជំពូក និង១៥មាត្រា រួមជាមួយនឹងច្បាប់ចំនួន៣ផ្សេង ទៀត ដែលត្រូវបានរដ្ឋសភាកំពុងបើកសម័យប្រជុំពេញអង្គពិភាក្សា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ក្នុងការបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ នៃរដ្ឋសភា ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានការចូល​រួមពី​សមាជិក សមាជិកា រដ្ឋសភាសរុបចំនួន១០៨រូប នៃចំនួនសមាជិកសភាទាំងអស់។

 

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋ​កិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា សេចក្តីព្រាងច្បាប់នេះត្រូវបានរាជរដ្ឋាភិបាលផ្តល់ អាទិភាព​ ​ដល់ក្រសួងចំនួន៣ សំខាន់ៗរួមមាន៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យបាន​បញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ឬហៅថា ច្បាប់​ថវិកាជាតិ ឆ្នាំ២០២០ ត្រូវបានរាជរដ្ឋាភិបាល គ្រោងនឹងចំណាយចំនួន៣៣.៣៣៩.៦៣៣ លាន លានរៀល ស្មើប្រមាណ៨.១៩៦លានដុល្លារអាម៉េរិក ត្រូវជា២៨.០១ភាគរយ នៃផលិត​ផលក្នុងស្រុកសរុប(ផ.ស.ស) គឺមានកំណើន ២២.៧ភាគរយ ធៀបនឹងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩។ ជាមួយគ្នានេះ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដែលគណៈរដ្ឋមន្ត្រីបានប្រជុំ ពិនិត្យ និងអនុម័តនេះ ត្រូវបានគ្រោង សម្រាប់ការដំឡើង​បៀវត្សរ៍​​មូលដ្ឋាន ក្នុងអត្រា ៧.០ភាគរយ តាមតម្លៃឯកតាសន្ទស្សន៍ ២.៥០០ រៀល ដោយ​អនុវត្តន៍​ចាប់ពីខែមករា ឆ្នាំ២០២០៕

ដោយ ប៊ុនរិទ្ធ