រដ្ឋបាលខេត្តកំពង់ធំចលនាមន្ត្រីរាជការ ដាំកូនឈើនៅសួនស្ទឹងសែន ក្រុងស្ទឹងសែន

AKP កំពង់ធំ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងមន្ត្រីរាជការ បាននាំយកកូនឈើប្រភេទធ្នង់ ចំនួន៨៣ដើម យកទៅដាំនៅសួនស្ទឹងសែន អមសងខាងតាមដងស្ទឹងសែន ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ ២០១៩ ។

ក្នុងពិធីនេះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់មន្ត្រីជំនាញពាក់ព័ន្ធដែលបានខិតខំរៀបចំកម្មវិធីនេះប្រព្រឹត្តទៅបានល្អ ហើយការដាំដើមឈើនៅតាមសួនស្ទឹងសែននេះបានមកពីការចូលរួមចំណែកថវិកាផ្ទាល់ខ្លួន ពីក្រុមការងារទាំងអស់ដើម្បីលើកសម្រស់សោ  ភណភាពក្រុងស្ទឹងសែន ឱ្យមានពណ៌បៃតងស្រស់បំព្រង និងមានបរិស្ថានល្អ។ ម្យ៉ាងវិញទៀតសួនស្ទឹងសែននេះ ជាកន្លែងកម្សាន្តសម្រាប់លម្ហែកាយដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំយើងនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានសំណូមដល់ប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមដាំដើមឈើ ថែរក្សាដើមឈើ និងសម្អាតបរិស្ថានទាំងអស់គ្នា ដើម្បីទីក្រុងយើងមានទេសភាពបៃតងស្រស់បំព្រង។ ឯកឧត្ដមបានបន្តថា ដើមឈើមានសារៈសំខាន់ណាស់ ចំពោះជីវិតមនុស្ស សត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសម្រាប់បង្កបង្កើនផល ចិញ្ចឹមជីវិតមនុស្សលោក។ ហេតុដូចនេះហើយយើងទាំងអស់គ្នា ដែលជាអ្នកទទួលប្រយោជន៍ពីដើមឈើនេះ គប្បីចូលរួមដាំថែរក្សាការពារ និងស្រឡាញ់ដើមឈើ និងបរិស្ថានធម្មជាតិឱ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ខ្លូនយើងផ្ទាល់ ជីវិតសត្វព្រៃគ្រប់ប្រភេទ និងប្រព័ន្ធជីវៈចម្រុះផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវចៀសឱ្យ ឆ្ងាយពីគ្រឿងញៀន ប្រសិនបើមានមិត្តភក្កិ ឬបងប្អូនណាមួយដែលមានបំណងចង់ឱ្យយើងប្រើប្រាស់គ្រឿងញៀន សូមកុំប្រើវាឱ្យសោះ ត្រូវរាយការណ៍ជូនលោកគ្រូ អ្នកគ្រូ ឬក៏រាយការណ៍ជូនសមត្ថកិច្ច ដើម្បីយកគាត់ទៅមណ្ឌលបន្សាបគ្រឿងញៀន ។ ម្យ៉ាងវិញទៀតត្រូវចៀសឱ្យឆ្ងាយពីអំពើអបាយមុខគ្រប់ប្រភេទ ត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយជាសិស្សល្អ ទំពាំងស្នងឫស្សីដល់សង្គមជាតិ៕

ដោយ ស៊ុម វណ្ណា