អាជ្ញាធរខេត្តបន្ទាយមានជ័យជំរុញការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានលឿន

AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — អាជ្ញាធរខេត្តបន្ទាយមានជ័យបាន និង កំពុងបន្តជំរុញល្បឿនការងារចុះបញ្ជីដីធ្លីមាន​លក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋដើម្បីធ្វើ ឱ្យប្រសើរឡើង ក្នុងការធានាបាននូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ដីធ្លីស្របច្បាប់នោះ។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ​ភូមិរោងគោដើម ​ចំនួន៥៧២ក្បាលដី និងការបិទផ្សាយជាសាធារណៈនូវ ឯកសារ​ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លី​ មានលក្ខណៈជាប្រព័ន្ធ​នៅ ភូមិរោងគោកណ្តាល ចំនួន​ ៧២៩ក្បាលដី ក្នុងឃុំចំណោម​ស្រុកមង្គលបូរី​ ​កាលពីរសៀលថ្ងៃចន្ទ ១៤រោច​ ខែកត្ដិក​ ឆ្នាំកុរ​ ឯកស័ក ​ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥​ ខែវិច្ឆិកា​ ​ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្ត​បន្ទាយមានជ័យ បានជំរុញដល់ក្រុមការងារឱ្យបង្កើនសកម្មភាពរបស់ខ្លួនថែមទៀត ក្នុង ការចុះវាស់វែងដីធ្លីនៅក្នុងតំបន់គោលដៅឱ្យបានលឿន ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ ចាំបាច់​របស់ប្រជាពលរដ្ឋ។

មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋដែលបានចូលរួមសាទរយ៉ាងច្រើននៅក្នុងពិធីនេះឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ ​របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ជំរុញអាជ្ញាធរ រដ្ឋបាលដីធ្លីគ្រប់ជាន់ថ្នាក់ ឱ្យ បន្តប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមាន សារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើន​ក្នុងការធ្វើ​ប្លង់រឹង លើដី​​ធ្លី ​ដើម្បី​ធានា​នូវ​សិទ្ធិ​​ធ្វើជា​ម្ចាស់​​កាន់កាប់ស្របច្បាប់ជា​ឯកសារសំអាងរឹងមាំបើមាន ជម្លោះដី ពិសេសទៀតនោះបានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបាន​កាត់បន្ថយ​យ៉ាងច្រើន។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងថា តាងនាមឱ្យអាជ្ញាធរខេត្តប្រជា ពលរដ្ឋទាំង​អស់ទូទាំងខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានបង្កើតឱ្យមានការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធនេះឡើង។ជាមួយនោះក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាននិងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ។

លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត​បន្ទាយមានជ័យ បានឱ្យដឹងថា បច្ចុប្បន្នក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលកំពុងធ្វើសកម្មភាពវាស់វែងដីធ្លីនេះ ​​ក្នុងតំបន់គោលដៅមាននៅក្រុងសិរីសោភ័ណ,ស្រុក មង្គលបូរី​, ស្រុកព្រះនេត្រព្រះ, ក្រុងប៉ោយប៉ែត និងស្រុកភ្នំស្រុក បាននិងកំពុងរៀបចំបន្ថែម ក្រុមការងារដើម្បីចុះវាស់វែងដីធ្លីនេះ​ ជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់​ស្រុក ក្រុង។

លោកបានប្រាប់ឱ្យដឹងបន្តថា នីតិវិធីនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនេះ ធ្វើតាម​ដំណាក់ គឺការកំណត់​តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូន ដំណឹង ដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរយៈពេល១៥ថ្ងៃដើម្បី​ទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និង ក្បាលដី​របស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាលដីណា ដែលមិន​​មាន​ទំនាស់ចុះបញ្ជី ចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូន​ម្ចាស់ដី។

លោកបានឱ្យដឹងទៀតថា ការចុះបញ្ជី​ដីធ្លី មាន​លក្ខណ​:​ជា​ប្រព័ន្ធ នៅ​ខេត្តបន្ទាយមាន ជ័យ បានដំណើរការ​តាំងពី​ឆ្នាំ២០១២ ​ហើយ​មកទល់ពេលនេះធ្វើបាន ​ប្រមាណ​ជាង ១៥ម៉ឺន ប័ណ្ណជូនដល់ប្រជាពលរដ្ឋ ​៕

ដោយ ឈុន សារ៉ាត