កូរ៉េសន្យាបង្កើនការបើកផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ឱ្យបានទ្វេដង ដល់បណ្តាប្រទេ​ស​អា​ស៊ានចំនួន៥

AKP ក្រុងប៊ូសាន ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បាន​សន្យា​ប​ង្កើ​ន​ការបើកផ្តល់ហិរញ្ញប្បទានសហ ប្រតិបត្តិការឱ្យបានទ្វេដងដល់បណ្តា​ប្រ​ទេ​ស​អាស៊ា​ន​ចំ​នួ​ន​៥​ ដើម្បីអនុវត្តន៍គោលនយោបាយ ភាគខាងត្បូងថ្មី ដោយផ្តោត​លើ​អា​ទិ​ភាពចំនួន៥។

ការ​សន្យា​ប​ង្កើ​ន​ការបើកផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់រដ្ឋាភិបាល​សាធា​រ​ណ​​​​រ​ដ្ឋ​កូរ៉េនេះ ធ្វើឡើងតាមរយៈការចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហ​ប្រតិបត្តិការ​អ​ភិ​វ​​ឌ្ឍន៍​រវាង​សាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេសអាស៊ានចំនួន៥គឺ៖ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀត​ណា​ម និងប្រទេសហ្វ៊ីលីពីន នារសៀលថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព. ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសានដែលភាគី កម្ពុជាតំណាង​ដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានអញ្ជើ​ញចូ​លរួ​ម​ចុះ​ហ​ត្ថ​លេខានេះ​។

ផ្អែកលើក្របខ័ណ្ឌអនុស្សរណៈនេះ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនឹងផ្តល់ហិរញ្ញ​ប្ប​ទានសហប្រតិបត្តិការឱ្យបានទ្វេដងដល់ បណ្តាប្រទេសអាស៊ានទាំង៥ ដើម្បីអនុវត្តន៍គោល​ន​យោ​បាយភាគខាងត្បូងថ្មី ដោយផ្តោតលើអាទិភាព ៥គឺ៖ ១-ភាពជាដៃគូលើវិស័យឌី​ជីថ​ល​ស​ម្រា​ប់កិច្ចអភិវឌ្ឍន៍ប្រកបដោ​យចីរភាព, ២- ការលើកកម្ពស់គុណភាពអប់​រំថ្នាក់ឧត្តមសិ​ក្សា​ដើ​ម្បី​​​អនាគតប្រកបដោយវិបុលភាព, ៣- អនាគតសហគមន៍សន្តិភាព មេគង្គ – សាធារណ រដ្ឋកូរ៉េ, ៤-​កា​រកសាងទីក្រុងវៃឆ្លាត ដើម្បីប្រជាជន និងភពផែនដី និង ៥- ការសា​ង​ស​ង់​ហេ​ដ្ឋា​រ​ច​នា​ស​ម្ព័​ន្ធប្រ​កបដោយបរិយាប័ន្ន ដើម្បីធានាកំណើនប្រកបដោយតុល្យភាព។

ក្នុងន័យនេះ គណៈ​ក​ម្មា​ធិ​ការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុ​មប្រឹក្សាអភិ​វ​ឌ្ឍ​ន៍​ក​ម្ពុ​ជា នឹងខិតខំ ប្រឹង​ប្រែ​ង​ប​ន្ត​កិ​ច្ចសហប្រតិបត្តិការជាមួយភាគីមិត្ត ដើម្បីធានាឱ្យកម្ពុជាទទួ​ល​បា​​នផលប្រយោជន៍ជាអតិប្បរមា ពីការអនុវត្តអនុស្សរណៈយោគយល់នេះ។

នា​រសៀ​ល​ថ្ងៃ​ដ​ដែ​លនេះ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ក៏បា​នបន្តដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីចូ​ល​រួ​ម​វេទិកាប្រចាំឆ្នាំ២០១៩ ស្តីពីកិ​ច្ចស​ហ​ប្រ​តិ​ប​ត្តិ​ការអភិវឌ្ឍន៍។ ឯ​ក​ឧ​ត្ត​ម​រ​ដ្ឋ​ម​ន្រ្តី​បា​នអញ្ជើញចូលរួមជាវាគ្មិន ដើម្បី​ចែ​ក​រំ​លែ​ក​ប​ទពិសោធ​ន៍​រ​ប​​ស់កម្ពុជាពាក់ព័ន្ធ​នឹងកិ​ច្ច​ស​ហ​​ប្រ​តិ​បត្តិការអភិវឌ្ឍន៍ដើម្បីរក្សាសន្តិភាព៕

ដោយគង់ សិរីរ័ត្ន