ព្រីនស៍រៀល អ៊ីស្ទេតគ្រុប និងក្រុមហ៊ុននាឡិកាស្វ៊ីស សម្ពោធបើកមជ្ឈ មណ្ឌលបណ្ដុះបណ្តាលជំនាញផលិត និងជួសជុលនាឡិកាកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេតគ្រុប សហការជាមួយនឹងក្រុមហ៊ុនផលិតនាឡិការបស់ ស្វ៊ីស វិនិយោគលើគម្រោងមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈលើជំនាញផលិត និងជួលជុល នាឡិកាម៉ាកស្វ៊ីសនៅកម្ពុជា ដើម្បីបំពេញតម្រូវការធនធានមនុស្សក្នុងឧស្សហកម្មនេះ។

លោក ឈ៊ីវ គួរស៊ីង  ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេតគ្រុប បានលើកឡើងកាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះថា ខណៈដែលក្រុមហ៊ុន បានមើលឃើញថាវិស័យឧស្សាហកម្ម បាន និងកំពុងដើរតួរនាទីយ៉ាងសំខាន់ក្នុងការ ជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់នូវឱកាសការងារយ៉ាងច្រើន ដល់ពលរដ្ឋក្នុងស្រុក ព្រីនស៍ ក៏បានងាកមកវិនិយោគបន្ថែមលើការបណ្ដុះបណ្ដាលជំនាញ ធនធានមនុស្សនៅកម្ពុជា ដើម្បីទទួលបាននូវជំនាញ ការងារមួយច្បាស់លាស់ ហើយអាចបម្រើការបានក្នុងឧស្សាហកម្មដែល មានតម្រូវការលើបច្ចេកទេសនេះ។

លោកបន្តថា  កម្ពុជានៅមានកម្លាំងពលកម្ម ដែលជាយុវជន បម្រើការងារក្នុងឧស្សា ហកម្មនេះមានចំនួនច្រើន បើធៀបនឹងប្រទេសជិតខាង ដូចនេះ វត្តមាននៃមជ្ឈ មណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈ លើជំនាញផលិត និងជួលជុលនាឡិកា ម៉ាកស្វ៊ីសនៅកម្ពុជា នេះ នឹងអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹកសមត្ថភាពដល់កម្លាំងពលកម្ម ក្នុងស្រុក ហើយអាចឈានទៅទាក់ទាញឱ្យមាននូវការវិនិយោគកាន់តែច្រើនក្នុងវិស័យ ឧស្សាហកម្មនេះ ព្រោះកម្ពុជា មានអ្នកជំនាញច្រើន ហើយកម្លាំងពលកម្មនៅមានតម្លៃទាប។

លោក ឯក ប៊ុនថា អគ្គនាយករងបច្ចេកទេស និងវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា វត្តមាននៃមជ្ឈមណ្ឌលបណ្ដុះបណ្តាលជំនាញផលិត និងជួសជុលនាឡិកាកម្ពុជានេះ នឹងអាចជួយដល់យុវជនកម្ពុជា ឱ្យមានជំនាញខ្ពស់ក្នុងការជួសជុលនាឡិកាម៉ាកល្បីៗ ហើយអាចឈានទៅប្រកួតប្រជែង ជាមួយនឹងកម្លាំងពលកម្មក្នុងទីផ្សារអន្តរជាតិផងដែរ។

លោកសង្ឃឹមថា មជ្ឈមណ្ឌលនេះ នឹងចូលរួមលើកកម្ពស់សមត្ថភាពយុវជនកម្ពុជា លើជំនាញបច្ចេកទេសមេកានិច ដែលមានកម្រិតគុណភាពខ្ពស់ ហើយទទួលបានការផ្តល់ សិទ្ធិបណ្ដុះបណ្ដាលពីក្រុមហ៊ុននាឡិកាដៃល្បីរបស់ស្វ៊ីស៕

ដោយ ម៉ៅ ចរិយា