រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្ដើមបង្កើតកម្មវិធីភ្នំពេញទីក្រុងស្អាតជាមួយជនជាតិជប៉ុន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយក្រសួងបរិស្ថាន និងគណៈកម្មាធិការប្រតិបត្តិនៃ​គម្រោង Phnom Penh Clean city challenge with Japan ក៏ដូចស្ថានទូតជប៉ុនប្រចាំកម្ពុជា​បានរៀបចំឱ្យមានការជូបជុំក្នុងកម្មវិធីភ្នំពេញទីក្រុងស្អាតដែល បង្កើតឡើងដោយជន​ជាតិ​ជប៉ុន។ ការជួបជុំក្នុងកម្មវិធីនេះបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩​នៅសួន​ច្បារមុខវត្តបុទុមវត្តី ដែលមានអ្នកចូលរួមទាំងជនជាតិជប៉ុន​និងខ្មែរប្រមាណ១.៥០០​នាក់។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា សកម្មភាពរបស់យើង​នាពេលនេះមានគោលបំណងបំផុសឱ្យអ្នកចូលរួម​និងប្រជាពលរដ្ឋនៅក្នុងតំបន់បានយល់​ដឹង​ពីកិច្ចការ ពារបរិស្ថានការសហការគ្នារវាងសាធារណៈ​និងឯកជនរួមគ្នាជាធ្លុងមួយ​ដើម្បីរួម​ចំណែកក្នុងសកម្មភាពសហគមន៍នៅក្នុងតំបន់។ លោកបានបន្ដថា នេះគឺជាសកម្មភាព​ពិសេស​បែបផែនជប៉ុនក្នុងរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំង២​កម្ពុជា-ជប៉ុន តាមរយៈ សកម្មភាពរបស់ថ្នាក់មូលដ្ឋាន។ លោកសង្ឃឹមថា ផ្តើមចេញពីសកម្មភាពទាំងនេះ នឹងមានការ​ខិតខំប្រឹងប្រែងជាបន្តទៀត ហើយសកម្មភាព ការពារបរិស្ថាននេះនឹងត្រូវបានបង្កើតឡើង​ជាបន្តបន្ទាប់ក៏ដូចចូលរួមអបអរសាទរ ខួបលើកទី៦៦​នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុនឱ្យកាន់តែរឹងមាំ។

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ដែរថា ក្រសួងបរិស្ថាន​គាំទ្រចំពោះគម្រោងភ្នំពេញទីក្រុងស្អាតនេះដែល បង្កើតជាឧិកាសជួបជុំមួយក្នុងចំណោមអ្នក​ស្រឡាញ់​បរិស្ថានដើម្បីចូលរួមរើសសំរាមសម្អាតទីក្រុង។ ឯកឧត្ដមបន្តថា នេះជាសកម្មភាព ដ៏មានតម្លៃក្នុងការលើកកម្ពស់​ការយល់ដឹង​ពីបរិស្ថានបណ្តុះស្មារតីស្រឡាញ់បរិស្ថានក្នុង​ចំណោមប្រជាពលរដ្ឋនិងចូលរួមសម្អាតអនាម័យបរិស្ថានក្នុងទីក្រុងរបស់យើងដើម្បីជំរុញចលនាចូលរួមសម្អាតទីក្រុងធ្វើយ៉ាងណាឱ្យទីក្រុងរបស់យើងកាន់តែមានសោភណភាព​បរិស្ថានល្អ​ និងប្រកបដោយផាសុកភាពសម្រាប់ការរស់​នៅក៏ចូចជាំទាក់ទាញភ្ញៀវទេសចរ៕

ដោយ សួស សំរិត