រដ្ឋបាលខេត្តព្រះវិហារប្រារព្ធទិវាអន្តរជាតិរម្លឹកដល់ ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤

AKP ព្រះវិហារ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — រដ្ឋបាលខេត្តព្រះវិហារបានប្រារព្ធទិវាអន្តរជាតិរម្លឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកលើកទី១៤ ក្រោមអធិបតីភាព ឯកឧត្តម តូច វង្ស សមាជិកក្រុមប្រឹក្សាខេត្ត និងលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡខេត្តព្រះវិហារ ដោយ មានការចូលរួមពីមេបញ្ជាការកងកម្លាំងទាំងបីក្នុងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមអ្នកម៉ូតូឌុប ក្នុងខេត្ត និងប្រជាពលរដ្ឋជាច្រើនរូប។

លោក គោស៊ុំ ប៊ុនសឿត បានលើកឡើងពីការនៃកំណើនមធ្យោបាយ យានយន្តគ្រប់ ប្រភេទយ៉ាងគំហុកនាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលទាំងនេះកើតចេញពី ប្រទេសយើងមាន សុខសន្តិភាព មានការអភិវឌ្ឍ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានការធូរធារ ប៉ុន្តែទន្ទឹមនឹងការរីក ចម្រើនពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅកំណើនគួរឱ្យព្រួយបារម្ភធ្វើឱ្យអត្រាបាត់បង់ជីវិត របួស ពិការភាព កុមារកំព្រា មេម៉ាយ ដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គោលនយោបាយ កាត់បន្ថយភាព ក្រីក្ររបស់ រាជរដ្ឋាភិបាល។

លោកបន្ថែមថា ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពាននៅទូទាំងប្រទេស បែរជាប្រជាពលរដ្ឋមួយចំនួនខ្វះការយល់ ដឹងមានភាពធ្វេសប្រហែសក្នុងការបើកបរ ការមិនគោរពច្បាប់ចរាចរណ៍ បើកបរលើស ល្បឿនកំណត់ដែលទាំងនេះបង្កឱ្យមានគ្រោះថ្នាក់រហូតបាត់បង់ជីវិត ស្ទើរតែរៀងរាល់ថ្ងៃការ ប្រារព្ធទិវានេះឡើងគឺដើម្បីពញ្ញាក់ស្មារតីឱ្យប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវសាធារណៈឱ្យ មានការភ្ញាក់រលឹក ផ្លាស់ប្តូរឥរិយាបថមិនគោរពច្បាប់ឱ្យមក គោរព ច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកឆ្ពោះទៅទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យចុះកម្រិតទាបបំផុតដូច ពាក្យស្លោក ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់មន្រ្តីជំនាញ ក៏ដូចប្រជាពលរដ្ឋត្រូវអនុវត្តន៍ និងបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ការទប់ស្កាត់ការកែច្នៃយានយន្តខុសច្បាប់ និងទប់ ស្កាត់ការរំលោភដីចំណីផ្លូវ ដែលទាំងនេះសុទ្ធតែកត្តាដ៏សំខាន់ក្នុងកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍នៅពេលបើកបរ៕

ដោយ ទិត ស្រ៊