​អភិបាលខេត្តបន្ទាយមានជ័យជំរុញសិស្សានុសិស្សឱ្យប្រឹងប្រែង​រៀនសូត្រ យកចំណេះដឹង ជំនាញបច្ចេកទេសវិជ្ជាជីវៈ

AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានក្រើនរម្លឹកដោយជំរុញដល់ សិស្សា នុសិស្ស ត្រូវបន្តការខិតខំប្រឹងប្រែង ព្យាយាមរៀនសូត្រយកចំណេះដឹង ជំនាញ បច្ចេកទេស វិជ្ជា​ជីវៈដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើននៃប្រទេស​ជាតិដែលកំពុងត្រូវការនោះ។

ការថ្លែងជំរុញបែបនេះរបស់ឯកឧត្តម អ៊ុំ រាត្រី បានធ្វើឡើងក្នុងពិធីបើកវគ្គ បណ្តុះបណ្តាលមុខវិជ្ជាអប់រំ បច្ចេកទេស ជូនដល់សិស្ស សហគមន៍ និងចែកវិញ្ញាបនបត្រ ផ្នែកព័ត៌មានវិទ្យា ជូនដល់លោកគ្រូអ្នកគ្រូនៅមជ្ឈមណ្ឌលអប់រំ បច្ចេកទេសក្នុងវិទ្យាល័យ ជប់វារី ស្រុកព្រះនេត្រព្រះក្រោមការជួយឧបត្ថម្ភគាំទ្រដោយអង្គការមជ្ឈមណ្ឌល អប់រំបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍.កម្ពុជា(SEAPC.C)កាលពីព្រឹកថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩នេះ។

ថ្លែងក្នុងពិធីនេះឯកឧត្តម អ៊ុំ រាត្រី បានកោតសរសើរដល់អង្គការមជ្ឈមណ្ឌល អប់រំបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍.កម្ពុជាដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអាជ្ញាធរពាក់ព័ន្ធក្នុងការជួយអភិវឌ្ឍន៍វិស័យអប់រំនៅខេត្តបន្ទាយមានជ័យជាបន្តបន្ទាប់ជាក់ស្តែងសមិទ្ធផលបានជួយទាំងអគារនិងការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះនៅតាមវិទ្យាល័យស្រុកក្រុងវាពិតជាបានឆ្លើយតបទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាជំរុញការអភិវឌ្ឍធនធានមនុស្សដែលក្នុងនោះការងារបណ្តុះបណ្តាលវិជ្ជាជីវៈនេះជាគោលដៅសំខាន់​មួយដែលបាន និងកំពុងផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងសំដៅឆ្លើយតប ទៅនឹងតម្រូវនៃការអភិវឌ្ឍប្រ​ទេសជាតិ​ដែលកំពុងមានការរីកចម្រើននោះ។

ឯកឧត្តមបានបន្តថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈបានដើរតួរនាទី​សំខាន់ណាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសព្រមការបង្កើតនិងទទួលបានការ​ងារធ្វើកាន់តែល្អនិងជំរុញលើកកម្ពស់ជីវភាពកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋម្នាក់ៗ។

អភិបាលខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់ថា ដោយសារប្រទេសជាតិមាន សុខសន្តិភាព ក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានជំរុញដល់ល្បឿនការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យក្នុងនោះវិស័យអប់រំក៏មានការរីកចម្រើនសាលារៀនត្រូវបានកសាងឡើងនៅគ្រប់ទីកន្លែង។ ដោយឡែកខេត្តបន្ទាយមានជ័យនៅតាមស្រុកក្រុងឥឡូវនេះមានអគារថ្មីសម្រាប់អប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដើម្បីបំពេញនូវសេចក្តីត្រូវការដែលជាអនាគតយើងកូនចៅយើងគ្រប់គ្នាដែលស្របគោលនយោបាយរាជរដ្ឋាភិបាលបានខិតខំធ្វើកំណែទម្រង់វិស័យ អប់រំជាវិស័យអាទិភាពដោយបានកសាងនូវសាលារៀនដែលជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្សសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិកាន់តែខិតជិតផ្ទះ ដើម្បីសម្រួលដល់ការរៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋយើងនេះ។​

ជាមួយគ្នានេះឯកឧត្តម អ៊ុំ រាត្រី បានធ្វើការក្រើនរម្លឹកដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រយកចំណេះជំនាញវិជ្ជាជីវៈនេះដើម្បីខ្លួនមានសមត្ថភាពគ្រប់ គ្រាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិដែលកំពុងត្រូវការអ្នកចេះដឹងនោះ​ហើយគប្បីត្រូវ ចៀសឱ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ ពិសេសគ្រឿងញៀនត្រូវគោរពច្បាប់ចរាចរណ៍ ផ្លូវគោកឱ្យបានខ្ជាប់​ខ្ជួន​​គ្រប់ៗគ្នា៕

ដោយ ឈុន សារ៉ាត