អភិបាលរងខេត្តបាត់ដំបង អញ្ជើញចូលរួមក្នុងទិវាអន្តរជាតិរម្លឹកដល់ជនរងគ្រោះ  ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី ១៤

AKP  បាត់ដំបង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងអនុប្រធានគណៈកម្មាធិការសុវត្ថិភាព ចរចរាណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីភាពក្នុងទិវាអន្តរជាតិរម្លឹកដល់ជនរងគ្រោះ ដោយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ នៅមុខសាលាខេត្តបាត់ដំបង និងមាន ការចូលរួមពី ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា ដើម្បីចូលរួម ក្នុងទិវាអន្តរជាតិរម្លឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤នាឆ្នាំនេះ យើងទាំងអស់ត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា មិនមែនគោរព មន្ត្រីនគរបាលចរាចរណ៍នោះទេ រាល់អ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទលើដងផ្លូវ។

លោកអភិបាលរងខេត្តបានបន្តថា ការស្លាប់ដោយសារគ្រោះថ្នាក់ចរារណ៍ បច្ចុប្បន្នមានការកើនឡើង បើតាមស្ថិតិអាត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មាន ការកើនឡើងជាងឆ្នាំមុនៗគឺស្លាប់ ៨នាក់ ក្នុង១ថ្ងៃ។ ព្រោះការស្លាប់របស់ជនរងគ្រោះកើត ឡើងដោយសារកត្តា៣គឺ៖ ១.កត្តាមនុស្ស, ២.កត្តាយានយន្ត និង៣.កត្តាផ្លូវ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត ក៏បានលើកឡើងអំពីសណ្តាប់ ធ្នាប់រៀបចំក្រុងដោយកន្លងមក មានការលើកស្លាកយីហោពាណិជ្ជកម្មបានធ្វើឱ្យបាត់ សោភណភាព និងទិដ្ឋភាពផ្ទះបុរាណក្នុងក្រុងបាត់ដំបងជាដើម។   កត្តាទាំងនេះ បានធ្វើឱ្យ ភ្ញៀទេសចរជាតិ និងអន្តរជាតិ មកទស្សនាមានការថយចុះ ហើយពិសេសទៀតនោះ គឺដើម្បី ត្រៀមរៀបចំបុណ្យទន្លេខាងមុខនេះ និងកសាងទីក្រុងបាត់ដំបងជាទីក្រុងឆ្លាត (Smart City) ខាងមុខនេះផងដែរ។

នាឱកាសនោះ គណៈអធិបតីបានបំពាក់មួកសុវត្ថិភាពដល់សិស្សនិស្សិត ជានិមិត្តរូបមួយចំនួនផងដែរ ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង )