ក្រសួងទេសចរណ៍ជំរុញឱ្យប្រទេសនៅក្នុងតំបន់មេគង្គ-ឡានឆាង ពង្រឹងសមត្ថភាពមគ្គុ​ទ្ទេសក៍ ក្នុងការបកស្រាយពន្យល់ពីបេតិកភណ្ឌធម្មជាតិ និងវប្បធម៌

AKP សៀមរាប ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងទេសចរណ៍បានលើកឡើងថា មគ្គុទ្ទេសក៍ទេសចរណ៍ គឺមាន​តួនាទី​យ៉ាង​សំខាន់ក្នុងការបកស្រាយពន្យល់ដល់អ្នកទេសចរអំពីបេតិកភណ្ឌធម្មជាតិ វប្បធម៌ និង​តំបន់​រមណីយដ្ឋានទេសចរណ៍ផ្សេងៗនៃបណ្តាប្រទេសនីមួយៗ។

ថ្លែងនៅក្នុងសន្និសីទមេគង្គ-ឡានឆាង ស្តីពីការបកស្រាយបេតិកភណ្ឌធម្មជាតិ និង​វប្បធម៌ ឆ្ពោះទៅរកមគ្គុទេសក៍ប្រកបដោយគុណភាព​ និងទេសចរពេញចិត្ត នៅខេត្តសៀមរាប​ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ហោ មុនីរ័ត្ន រដ្ឋលេខាធិការ​ក្រសួង​ទេស​ចរណ៍បាន​មានប្រសាសន៍ថា ដើម្បីជំរុញឱ្យមានការពេញចិត្តពីអ្នកទេសចរ ​ចាំបាច់ត្រូវពង្រឹង​ការទំនាក់​ទំនង និងពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍ ក្នុងការបស្រាយពន្យល់ពី​បេតិក​ភណ្ឌធម្មជាតិ និងវប្បធម៌ របស់ខ្លួនទៅកាន់ អ្នកទេសចរប្រកបដោយគុណភាព​។ ទន្ទឹមនេះ អ្នកជំនាញ​ខាងទេសចរណ៍និងមគ្គុទ្ទេសក៍ទេសចរណ៍នៃប្រទេសនៅតំបន់មេគង្គ-ឡានឆាង​ទាំង​​៦រួមមាន​ ចិន កម្ពុជា វៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា បានជួបជុំគ្នានៅខេត្តសៀមរាប ដើម្បី​ធ្វើការពិភាក្សារកគន្លឹះធ្វើយ៉ាងណាពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍ នៃប្រទេស​នៅតំបន់មេគង្គ-ឡានឆាងឱ្យកាន់តែមានសមត្ថភាពក្នុងការបកស្រាយពន្យល់ដល់អ្នក​ទេសចរ​ពិសេសអ្នកទេសចរជនជាតិចិន ដែលជាទីផ្សារទេសចរណ៍ដ៏ធំសម្រាប់ប្រទេសតំបន់មេគង្គ-ឡានឆាង។ ឯកឧត្ដមបានបន្ថែមថា ដើម្បីឱ្យអ្នកទេសចរចិនមានការពេញចិត្ត និងចង់មក​ទស្សនាប្រទេស​យើង​មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ត្រូវឈ្វេងយល់ពីចំណង់ចំណូល​ចិត្តពួក​គេ ហើយធ្វើការផ្តល់​សេវា​ជូន​ពួកគេឱ្យចំគោលដៅតែម្តង។

លោក LIU Zhi Jie ប្រធានការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាបបាន​ឱ្យ​ដឹងថា  នេះគឺជាគម្រោងមួយស្ថិតនៅក្នុងគំនិតផ្តួចផ្តើម ផ្លូវមួយ ខ្សែក្រវាត់មួយ ក៏ដូចជា​ទន្លេមួយវាសនាតែមួយដែរ។ លោកចង់ឱ្យប្រទេសនៅតំបន់មេគង្គ-ឡានឆាងទាំង៦ ធ្វើការ ពិភាក្សាគ្នា ផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង ពីគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាង​ណាឱ្យ​ប្រជា​ជនរបស់យើងទទួលបាន​ផលប្រយោជន៍ដូចៗគ្នា។

សូមបញ្ជាក់ថា ចិនជាទីផ្សារទេសចរណ៍ដ៏ធំរបស់ពិភពលោកសម្រាប់កម្ពុជា ដែល​ក្នុងនោះ ក្រសួង​ទេសចរណ៍​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​ទីផ្សារ​ទេសចរណ៍​ចិននិង​អនុវត្តន៍​សៀវភៅ​ស្ដីពី China Ready ដោយ​ផ្តោត​លើ ៤​ចំណុច​សំខាន់ៗ៖ ការ​សម្រួល​ការ​ធ្វើ​ដំណើរ ការ​បញ្ជ្រាប​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​ទីផ្សារ​ចិន​ដល់​ភាគី​ពាក់ព័ន្ធ ការ​ពង្រឹង​គុណភាព​ឧស្សាហកម្ម​ទេសចរណ៍​តា​មរយៈ​ការ​អនុវត្ត​ប្រព័ន្ធ​បញ្ជាក់​គុណភាព(China Ready Accreditation System)ដល់​សេវាកម្ម​ទេសចរណ៍ និង​យន្តការ​គាំទ្រ​គម្រោង​បង្កើត China Ready Center នៅ​កម្ពុជា​។ កត្តាទាំងនេះ បានធ្វើឱ្យអ្នកទេសចរ​ចិន ​មក​ទស្សនា​កម្ពុជា នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​ការ​កើនឡើង​គួរ​ឱ្យកត់​សម្គាល់​៕

ដោយ ឃុត សៅ