ឯកឧត្តម អ៊ុន ចាន់ដា៖ យើងរួមគ្នាគោរពច្បាប់ចរាចរណ៍ដើម្បីអាយុជីវិតរបស់ខ្លួនអ្នកនិងក្រុមគ្រួសាររបស់អ្នក

AKP កំពង់ចាម ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ –ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានអំពាវនាវដល់ជនរួមជាតិទាំងអស់ រួមគ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីអាយុជីវិតរបស់ខ្លួននិងក្រុមគ្រួសារ សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមផងដែរ។ ការថ្លែងដូចនេះក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរម្លឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី ១៤កាលពីថ្ងៃអាទិត្យ ១៣រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ឯកឧត្តមអ៊ុន ចាន់ដា បានមានប្រសាសន៍បន្តថា អត្រានៃការគ្រោះថ្នាក់ចរាចរណ៍កើតឡើងតាមការសង្កេតគឺមានប្រមាណ៧០ភាគរយ អ្នកដែលស្លាប់នោះគឺបណ្តាលមកពីមិនគោ រពច្បាប់ចរាចរណ៍ត្រឹមត្រូវ ដោយមិនបានពាក់មួកសុវត្ថិភាព ហើយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងស្ថិតក្នុងកំណើនមួយគួរឱ្យព្រួយបារម្ភផងដែរ គឺហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ ដូចនេះមានតែយើងទាំងអស់គ្នារួមគ្នាគោរពច្បាប់ចរាចរណ៍ដើម្បីអាយុជីវិតរបស់ខ្លួន និងក្រុមគ្រួសារ សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមផង ។

ឯកឧត្តម អភិបាលខេត្តកំពង់ចាមបានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ទាំងស្ថិរភាពនយោបាយ សុវត្ថិភាព សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ។ កម្រិតជីវភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏កាន់តែល្អប្រសើរឡើង ហើយសមិទ្ធផលជាតិនានាមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនា  សម្ព័ន្ធផ្លូវគមនាគមន៍ ជាមួយនោះកំណើនមធ្យោបាយធ្វើដំណើរ យានយន្តគ្រប់ប្រភេទ មានការកើនឡើងយ៉ាងគំហុក ជាមួយនឹងការមិនគោរពច្បាប់ចរាចរណ៍ផងនោះបានធ្វើឱ្យបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ស្ថិតក្នុងកំណើនមួយគួរឱ្យព្រួយបារម្ភ។

ឯកឧត្តម បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បានបន្សល់នូវក្តីអន្តរាយ ការបាត់បង់ដល់អាយុជីវិតមនុស្ស សត្វ បរិស្ថាន និងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន ដោយមិនទាន់គិតពីការបន្សល់ទុកនូវស្ត្រីមេម៉ាយ កុមារកំព្រា និងពិការភាពឡើយ ។ ការបាត់បង់ទ្រព្យសម្បត្តិដែលមានចំនួនច្រើនលើសលុប បានជះឥទ្ធិពលធ្ងន់ធ្ងរផងដែរដល់សេដ្ឋកិច្ចជាតិ គោលនយោបាយកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍរបស់សង្គមជាតិ ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បានបង្ហាញថា ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩នេះ នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៩៨៨ករណីនៅលើដងផ្លូវ បណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៤៨៨នាក់ និងរបួសចំនួន ១.៤៩៤នាក់ ។ ដោយឡែកនៅខេត្តកំពង់ចាម ក្នុងរយៈពេល​១០ខែដើមឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ១៥០ករណី បណ្តាលឱ្យបាត់បង់ជីវិតមនុស្សចំនួន ៩១នាក់ របួសធ្ងន់ចំនួន ១១៥នាក់ និងរបួសស្រាលចំនួន ៧៩នាក់ ។ ទាំងនេះគឺបណ្តាលមកពីកត្តាផ្សេងៗ រួមមាន ៖ កត្តាមនុស្ស កត្តាយានយន្ត កត្តាផ្លូវថ្នល់ ការរំលោភលើច្បាប់ចរាចរណ៍ ការបើកបរស្ថិតនៅក្នុងស្ថានភាពស្រវឹង និងមិនយោគយល់អធ្យាស្រ័យគ្នា ។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានធ្វើការអំពាវនាវដល់គ្រប់បណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ក្នុងទូទាំងខេត្តកំពង់ចាម បង្កើនកិច្ចសហប្រតិបត្តិការ និងសហការគ្នា ចូលរួមអនុវត្តន៍ច្បាប់ចរាចរណ៍ សំដៅប្រែក្លាយផែនការសកម្មភាព សុវត្ថិភាពចរាចរណ៍ របស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ចាម ឱ្យក្លាយទៅជាសកម្មភាពជាក់ស្ដែង និងមានប្រសិទ្ធភាពខ្ពស់ ដោយការអនុវត្ត នូវដំបូន្មាន ១១ចំណុច របស់ច្បាប់ចរាចរណ៍ផ្លូវគោក និងសូមប្រកាន់ខ្ជាប់ខ្ជួនទាំងអស់គ្នានូវអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!» ៕

ដោយ ឆាយ ម៉ុត