រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធទិវាអន្តរជាតិរម្លឹកដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍

AKP កំពង់ឆ្នាំង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តនិងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិ រម្លឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ ដែលបានប្រព្រឹត្តទៅនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងកាលពីថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣​ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលខេត្ត មន្ត្រីជាន់ខ្ពស់ក្រសួងសាធារ ណការនិងដឹកជញ្ជូន សមាជិកសមាជិកានៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ់ាងច្រើនកុះករ។

ឯកឧត្តម កែវ ពៅ បានមានប្រសាសន៍ថា ទិវានេះរៀបចំឡើងក្នុងគោលបំណង សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីរំលែកទុក្ខសោកដល់ក្រុមគ្រួសារ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យយល់ដឹងអំពីផលប៉ះពាល់ដ៏សោកសៅនៃគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយការបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ការបើកបរហួសល្បឿនកំណត់ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការដឹកលើសទម្ងន់កំណត់ ឬសំពីងសំពោង និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ជាពិសេសអ្នកបើកបរយានយន្តនៅទូទាំងខេត្តក៏ដូចជានៅទូទាំងប្រទេសត្រូវឈ្វេងយល់ និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការដែលមានចែងក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសំណូមពរសុំឱ្យបងប្អូនទាំងអស់ជួយផ្សព្វផ្សាយសេចក្តីអំពាវនាវខាងលើទៅដល់បងប្អូន មិត្តភក្ដិឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ ដើម្បីចូលរួមចំណែកជួយសង្គ្រោះជីវិតមនុស្សនៅលើផ្លូវថ្នល់។

ឯកឧត្តមបានថ្លែងបញ្ជាក់ទៀតថា  រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរយកចិត្តទុក ដាក់ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដោះស្រាយជាបន្ទាន់ ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និង ជីវភាពរស់នៅរបស់មន្រ្តីរាជការ កម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាន៍ និងនិន្នាការនយោបាយឡើយ។ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យអាជ្ញាធរ ដែនដីត្រូវសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរក្សាឱ្យបានសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឱ្យបានល្អក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន និងប្រឆាំងដាច់ខាតពួកអគតិដែលចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជាបច្ចុប្បន្ន។

ក្នុងពិធីក៏បាននិមន្តព្រះសង្ឃរាប់បាត្រ ព្រមទាំងបង្សុកូល ដើម្បីឧទ្ទិសជូនដល់ជនរងគ្រោះ ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការបួងសួងដល់ទេវតាឱ្យតាមជួយថែរក្សា និងផ្តល់សេចក្តីសុខ និងជួយបញ្ចៀសគ្រោះថ្នាកចរាចរណ៍ដល់ប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរតាមដងផ្លូវ ៕

ដោយ បៃ ស៊ីថុន