ក្រុមហ៊ុនម៉ូតូហុងដា សាខាខេត្តព្រះវិហារ ឧបត្ថម្ភសម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និង ថវិកាជូនមណ្ឌលកុមារកំព្រាខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និង ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគមូលនិធិ និងសម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និង ថវិកា១២លានរៀល ជូនដល់មណ្ឌលកុមារកំព្រាខេត្តព្រះវិហារ ដែលរៀបចំ និងឧបត្ថម្ភដោយក្រុមហ៊ុនម៉ូតូហុងដាសាខាខេត្តព្រះវិហារ នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមណ្ឌលកុមារកំព្រាខេត្តព្រះវិហារ ដោយមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា កុមារា កុមារី ជាកុមារកំព្រាជាច្រើនរូប ។

ឯកឧត្តម ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថ្លែងអំណគុណដល់ក្រុមហ៊ុន ម៉ូតូហុងដាសាខាខេត្តព្រះវិហារ ដែលបានឧបត្ថម្ភសម្ភារ ថវិកា និងគ្រឿងឧបភោគបរិភោគជាច្រើន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលជួយដល់កុមារកំព្រានៅខេត្តព្រះវិហារ ។ តាមរយៈគោលនយោបាយថែទាំកុមារកំព្រារបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យកុមារទូទាំងប្រទេសទទួលបានសុខុមាលភាព ការរស់រានប្រកបដោយសេចក្តីសុខ សុភមង្គលក្នុងគ្រួសារ និងសង្គម ព្រោះថាកុមារគឺជាទំពាំងស្នងឫស្សីរបស់ជាតិនាពេលអនាគត ។ ជាក់ស្តែងនាឱកាសនេះ យើងបានរៀបចំពិធីចែករំលែកក្តីស្រឡាញ់ជូនដល់កុមារកំព្រាក្នុងមណ្ឌលកុមារកំព្រាខេត្តព្រះវិហារ ។

ឯកឧត្តមបានផ្តាំផ្ញើដល់អ្នកគ្រប់គ្រង ថែទាំកុមារទាំងអស់ ត្រូវគ្រប់គ្រងថែរក្សាកូនៗក្នុងបន្ទុកឱ្យបានល្អប្រសើរ ដោយផ្តល់អាហារូបត្ថម្ភ និងអប់រំ ណែនាំដល់ក្មួយៗទាំងផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ។ ចំពោះក្មួយៗទាំងអស់ត្រូវខិតខំព្យាយាមសិក្សារៀនសូត្រ ធ្វើខ្លួនជាកូនល្អ សិស្សល្អ ស្តាប់ដំបូន្មានអ្នកគ្រប់គ្រង ថែទាំកុមារទាំងអស់ លោកគ្រូ អ្នកគ្រូ និងត្រូវចៀស ឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង ព្រមទាំងអំពើអបាយមុខផ្សេងទៀត និងត្រូវចូលរួមគោរពច្បាប់ឱ្យបានល្អ ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេនក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត ៕

ដោយ ដោយ ទិត ស្រ៊