អាជ្ញាធរជាតិព្រះវិហារ ពិភាក្សាគ្នាពីការគ្រប់គ្រងតំបន់ទេសចរណ៍ប្រាសាទកោះកេរ ដើម្បី​ទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាបានច្រើនដូចប្រាសាទអង្គរវត្ដ

AKP សៀមរាប ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្រុមការងារនៃអាជ្ញាធរជាតិព្រះវិហារបានជួបប្រជុំពិភាក្សាពាក់ព័ន្ធនឹងការគ្រប់គ្រងនៅតំបន់ទេសចរណ៍ប្រាសាទកោះកេរ និងដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងផែនការ​សកម្ម​ភាព​មួយចំនួន​បំពេញចំណុចខ្វះខាត ដោយធ្វើយ៉ាងណាឱ្យវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ប្រែ​ក្លាយ​សក្តានុពលរបស់រមណីយដ្ឋាននេះ ជាគោលដៅទេសចរណ៍ប្រកបដោយនិរន្ដរភាព​ដូច​ប្រាសាទអង្គរវត្ដដែរ។

ថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធស្តីពីផែនការគ្រប់គ្រងទេសចរណ៍ នៅតំបន់ប្រាសាទកោះកេរ នៅខេត្ដសៀមរាប កាលពីថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារបានមានប្រសាសន៍ថា អាជ្ញាធរជាតិព្រះវិហារមានបេសកកម្មសំខាន់ចំនួនពីរដែលត្រូវបានប្រគល់ជូន ដោយរាជ​រដ្ឋាភិ​​បាល សម្រាប់ការអភិរក្សនិងការអភិវឌ្ឍលើតំបន់រមណីយដ្ឋានកោះកេរនិងប្រាសាទព្រះ វិហារដោយ​មានកិច្ចការអភិវឌ្ឍផ្តោតសំខាន់លើការចូលរួមអភិវឌ្ឍន៍ជីវភាពសហគមន៍​ប្រជា​ជន ក្នុងមូលដ្ឋាន និងការអភិវឌ្ឍទេសចរណ៍ ព្រោះវាជាផ្នែកមួយសំខាន់ក្នុងការជួយកសាង សេដ្ឋកិច្ចជាតិ។ ឯកឧត្ដមបានបន្ដថា រមណីយដ្ឋានកោះកេរ ដែលមានសក្តានុពលទេសចរណ៍ សំខាន់ ប៉ុន្ដែនៅ​មានចំណុចខ្វះខាត និងមានបញ្ហាប្រឈមនានានៅក្នុងរមណីយដ្ឋានទាំងមូល រួមទាំងសហ​គមន៍ប្រជាជនដែលនៅជុំវិញរមណីយដ្ឋានផងដែរ។

ឯកឧត្ដមបានបន្ដទៀតថា ការគ្រប់គ្រងទេសចរណ៍តំបន់ទេសចរណ៍ប្រាសាទកោះកេរ ត្រូវ​មានការចូលរួមពីភាគីពាក់ព័ន្ធនានាទាំងក្នុងកម្រិតថ្នាក់ជាតិ និងវិស័យឯកជន ព្រោះពួក​គាត់​ជាអ្នកនាំភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងការទទួលខុស​ត្រូវ​ខ្ពស់ ដោយផ្អែកលើបេតិកភណ្ឌ ធនធានធម្មជាតិ និងសហគមន៍ប្រជាជនក្នុងតំបន់។ ឯកឧត្តមបន្ថែមថា អាជ្ញាធរជាតិព្រះវិហាររំពឹងថា វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ នឹងជួយ​នាំភ្ញៀវ​ទេសចរ ទៅទស្សនារមណីយដ្ឋានប្រាសាទកោះកេរ ដែលជាគោលដៅទស្សនាថ្មីមួយ​ដ៏ពេញ​និយម​នៅពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោក ខៀវ ធី មគ្គុទ្ទេសក៍ទេសចរណ៍ភាសារអង់គ្លេសនៅខេត្តសៀមរាប​បាន​លើក​ឡើងថា ប្រាសាទព្រះវិហារ និង​បា្រសាទកោះកេរ គឺពិតជាគោលដៅទេសចរដ៏សំខាន់ ប៉ុន្តែ កន្លងមកនេះ គឺមាន​បញ្ហាមួយចំនួនដែលពិបាក​ក្នុងការ​នាំភ្ញៀវឱ្យទៅទស្សនា ជាពិសេសផ្លូវ ដែល តភ្ជាប់ពីប្រាសាទព្រះវិហារទៅប្រាសាទកោះកេរ គឺវាងឆ្ងាយពេក។ លោកបានស្នើឱ្យរាជរដ្ឋាភិ បាលគួរស្ថាបនាផ្លូវមួយខ្សែដែលចេញពីប្រាសាទព្រះវិហារឆ្ពោះត្រង់មកប្រាសាទកោះកេរតែម្តងដើម្បីងាយស្រួលក្នុងវង់ទស្សនា គឺភ្ញៀវទេសចរអាចទស្សនាប្រាសាទអង្គរ​ហើយចេញទៅ​ប្រាសាទព្រះវិហារ រួចឆ្ពោះត្រង់ទៅប្រាសាទកោះកេរ ប្រាសាទបេងមាលា និងមកកាន់ខេត្ត​សៀមរាបវិញ។

សូមបញ្ជាក់ថា ប្រាសាទកោះកេរ គឺជាអតីតរាជធានីនៃអាណាចក្រខ្មែរក្នុង​ចន្លោះ​ឆ្នាំ៩២៨ ដល់ឆ្នាំ៩៤៤ ដែលត្រូវបានកសាង និងគ្រប់គ្រងដោយព្រះបាទជ័វរ្ម័នទី៤ ហើយ​បានបន្សល់ទុកនូវស្នាដៃជាច្រើន រួមមាន ប្រាសាទបុរាណ រូបចំលាក់ដ៏ល្អឯក ដែលមាន លក្ខណៈខុសប្លែកពីអង្គរ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត បុរាណដែលត្រូវបាន​អ្នក​ស្រាវជ្រាវវាយតម្លៃថា ជាស្នាដៃដែលបានជះឥទ្ធិពលដល់ការកសាងប្រព័ន្ធ​ធារាសាស្រ្ត​នៅ​ក្នុង​ តំបន់អង្គរ៕

ដោយ ឃុត សៅ