​អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវអ្នកប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរតាមផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់

AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — ថ្លែងក្នុងទិវាអន្តរជាតិរម្លឹកដល់ជនរង គ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើក​ទី១៤ ដែលអាជ្ញាធរខេត្តបន្ទាយមានជ័យប្រារព្ធ ធ្វើកាលពីថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក​ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ អភិបាលខេត្តបន្ទាយមានជ័យ​ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និង អ្នកធ្វើដំណើរទាំងអស់តាមផ្លូវ ត្រូវចូល​រួមគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ដើម្បីរួម ចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៍ ឱ្យចុះមកកម្រិតទាបបំផុត​។

ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា ការគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់​​ខ្ជួននេះ គឺជាការឆ្លើយតបចូលរួមអនុវត្តន៍ឱ្យបាននូវអនុសាសន៍របស់សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​នៃព្រះរាជាណាចក្រកម្ពុជាថា «ថ្ងៃនេះថ្ងៃស្អែក កុំឱ្យ មានគ្រោះថ្នាក់ចរាចណ៍» ព្រមទាំងអនុវត្តន៍វិធានការទាំង ៨ចំណុចដោយផ្តោតសំខាន់ទៅលើ ពាក្យស្លោក «មួកសុវត្ថិភាពមួយ ការពារជីវិតម្នាក់» និង «បើពិសាគ្រឿងស្រវឹងកុំបើកបរ បើបើកបរកុំពិសាគ្រឿងស្រវឹង»។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានបន្តទៀតថា ការប្រារព្ធទិវាអន្តរជាតិ​រម្លឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចណ៍ផ្លូវគោកលើកទី ១៤ នាពេលនេះក្នុងគោល​បំណងបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងចូលរួមយ៉ាងសកម្មជាមួយចលនាពិភពលោកតាំងពីឆ្នាំ២០០៦ ដោយបាន ប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រារព្ធទិវានេះជារៀង រាល់ឆ្នាំ នៅតាមទីតាំងដែលមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ បណ្តាលឱ្យមានមនុស្ស ស្លាប់ និងរបួសច្រើន ហើយនៅឆ្នាំ២០១៩នេះសម្រេចប្រារព្ធធ្វើពិធីលើកទី ១៤នេះ នៅទូទាំង ប្រទេស។

ឯកឧត្តមបានថ្លែងឱ្យដឹងទៀតថា ស្របពេលដែលប្រទេសជាតិយើងបានអភិវឌ្ឍន៍  ហេដ្ឋា​រចនាសម្ព័ន្ធផ្លូវថ្នល់ ទាំងក្នុងក្រុងនិងទីជនបទ និងកំណើនមធ្យោបាយធ្វើដំណើរយាន យន្តគ្រប់ប្រភេទនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ មានការ កើនឡើងគួរឱ្យព្រួយបារម្ភផងដែរ ជាពិសេសហានិភ័យអ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿង ស្រវឹង។

​ឯកឧត្តមបានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យអន្តរាយដល់អាយុជីវិតមនុស្ស សត្វបរិស្ថាន និងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនដោយមិនទាន់គិតដល់ការបន្សល់ ទុក​នូវស្ត្រីមេម៉ាយ ក្មេងកំព្រា និងជនពិការឡើយ។ ម្យ៉ាងវិញទៀត ការបាត់បង់ទ្រព្យសម្បត្តិ ដែលមានចំនួនច្រើនលើសលុប ​បានជះឥទ្ធិពល​ផងដែរ ដល់សេដ្ឋកិច្ចជាតិ ដល់គោលនយោ បាយកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់សង្គមជាតិ៕

ដោយ ឈុន សារ៉ាត