សម្ដេចក្រឡាហោម ស ខេង ជំរុញដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួមទប់ស្កាត់គ្រោះថ្នាក់​ចរាចរណ៍បណ្ដាលឱ្យស្លាប់ និងមិនឱ្យកើនឡើង នៅឆ្នាំ២០២០ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានជំរុញដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យធ្លាក់មកចំនួនតិចតួច និងបណ្តាលឱ្យស្លាប់មាន​ការ​កើនឡើងលើសពី៣.២០០នាក់ នៅឆ្នាំ២០២០ តាមការព្យាករណ៍របស់អ្នកជំនាញ។  ការលើក​ឡើងរបស់សម្តេចក្រឡាហោមនេះ ក្នុងពិធីប្រារព្ធទិវាអន្តរជាតិរម្លឹកដល់ជនរងគ្រោះដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ផ្លូវគោកលើកទី១៤ ​កាលពីថ្ងៃទី២៤ ​ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល​កោះពេជ្រ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា សម្រាប់ការអនុវត្តផែន​ការសកម្ម​ភាពជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​បានដាក់ចេញក្នុងរយៈពេល១០ឆ្នាំ(២០១០-២០២០) បានខិតខំធ្វើការ​​ទប់ស្កាត់ចំនួនអ្នកស្លាប់​នៅត្រឹមក្រោម២.០០០នាក់ មិនឱ្យកើន ខណៈអ្នកស្លាប់ដូចដែលអ្នកជំនាញសុវត្ថិភាព​ចរា​ចរណ៍​​បានព្យាករណ៍ទុក៣.២០០នាក់ នៅឆ្នាំ២០២០នោះទេ។ សម្តេចក្រឡាហោមក៏បាន​អំពាវ​នាវគ្រប់ភាគីពាក់ព័ន្ធទាំងអស់នាំគ្នាចូលរួមទប់ស្កាត់​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ឱ្យ​មកត្រឹមចំនួនតិច ព្រោះថានៅពេលបច្ចុប្បន្ននេះ ក៏មិនទាន់បានទទួលជោគជ័យនោះទេ​ក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នេះ។ សម្ដេចក្រឡាហោមក៏បានទទួលស្គាល់ថា​កម្ពុជា​មិនទាន់ទទួលជោគជ័យចំពោះការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នោះទេ ដូច្នេះស្នើសុំឱ្យមាន​ការចូលរួមពីមតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងន័យស្ថាបនា ដើម្បីរួមគ្នាកាត់បន្ថយគ្រោះ​ថ្នាក់ចរាចរណ៍។

សម្ដេចក្រឡាហោមបានចាត់ទុកថា នេះជាលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងការ​សង្គ្រោះ​ជីវិតប្រជាពលរដ្ឋ និងជាការរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តផែនការទសវត្សរ៍ របស់អង្គការសហប្រជាជាតិ ស្តីពីសុវត្ថិភាពចរាចរណ៍។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្នុងរយៈ ពេល៩ខែ ក្នុងឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៣.១៥៩ លើក បណ្តាលឱ្យបាត់បង់ជីវិតចំនួន១.៥២១នាក់ និងរបួស៤.៧២១ នាក់ គិតជាមធ្យមគឺស្លាប់ជាង​៥នាក់ និងរបួស១៧នាក់ក្នុងមួយថ្ងៃ។

សម្ដេចក្រឡាហោមបានលើកឡើងដែរថា មូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ ចរាចរណ៍ ភាគច្រើនសើសលប់ដោយសារអ្នកបើកបរយានយន្តមិនគោរពច្បាប់ បង្កគ្រោះថ្នាក់​ដោយការបើកបរលើសល្បឿនកំណត់៣៧ភាគរយ មិនគោរពសិទ្ធិ២៤ភាគរយ មិនប្រកាន់ស្តាំ ១២ភាគរយ វ៉ាជែង៩ភាគរយ បត់៨ភាគរយ ស្រវឹង៦ភាគរយ កត្តាយានយន្ត៣ភាគរយ និង​ងងុយ ១ភាគរយ។ ជាមួយគ្នានេះ ភាគច្រើន នៃជនរងគ្រោះដែលស្លាប់គឺជាអ្នកប្រើប្រាស់​ម៉ូតូ​មានរហូតដល់ទៅ៧៦ភាគរយ ក្នុងនោះមិនពាក់មួកសុវត្ថិភាព ៧៦ភាគរយ។ សម្ដេចក្រឡា ហោមបានបន្ថែមថា គ្រោះថ្នាក់ទាំងនេះ បានកើតឡើងនៅពេលយប់ចំនួន ៥៤ភាគរយ និង​ពេលថ្ងៃចំនួន ៤៦ភាគរយ ហើយបានបង្កឡើងដោយអ្នកបើកបរម៉ូតូចំនួន៥០ភាគរយ អ្នក​បើកបររថយន្តធុនស្រាលចំនួន៣០ភាគរយ និងអ្នកបើកបររថយន្តធុនធ្ងន់ ចំនួន២០ភាគរយ។​ដោយឡែក នៅរាជធានីភ្នំពេញគ្រោះថ្នាក់កើតឡើងនៅពេលយប់មានអត្រាខ្ពស់ដល់ទៅ ៧២​ភាគរយ បណ្តាលឱ្យមានជនរងគ្រោះច្រើនជាងខេត្តនានា និងបង្កឱ្យខូចខាតទ្រព្យសម្បត្តិ   សាធារណៈ ដូចជា របាំងចែកទ្រូងផ្លូវ បង្គោលភ្លើង ផ្លាកសញ្ញាចរាចរណ៍ បង្កាន់ដៃស្ពាន សួនច្បារ របង។ល។

សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់បន្ថែមថា តាមការប៉ាន់ប្រមាណគ្រោះថ្នាក់ចរា​ចរណ៍បានធ្វើឱ្យប្រទេសកម្ពុជាខាតបង់ថវិកា ក្នុងមួយឆ្នាំៗជាច្រើនលានដុល្លារ ដោយមិនគិត​ផលលំបាកនៅក្នុងសង្គមដូចជាការបន្សល់ទុកជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយ និងធ្វើឱ្យ​គ្រួសារមួយចំនួនធ្លាក់ចូលទៅក្នុងភាពក្រីក្រ ដែលបណ្តាលឱ្យប៉ះពាល់ដល់ការ​ខិតខំប្រឹង​ប្រែង របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

បើតាមមន្រ្ដីលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបាន ឱ្យដឹងថា នឹងខិតខំធ្វើការផ្សព្វផ្សាយ អប់រំ និងការប្តេជ្ញាចិត្តក្នុងការជំរុញការរក្សា​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ឱ្យទទួលបានជោគជ័យ ដើម្បីសង្គ្រោះជីវិតមនុស្សធានាមិនឱ្យប្រជាពល រដ្ឋ​ធ្លាក់ទៅក្នុងភាពក្រីក្រ និងធានាឱ្យសង្គមជាតិ មានសន្តិសុខ សន្តិភាព សណ្តាប់ធ្នាប់ និង​ការអភិវឌ្ឍប្រកបដោយចីរភាព៕

ដោយ ប៊ុនរិទ្ធ