រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធមិទ្ទីងរម្លឹកខួបលើកទី៤១ កំណើតរណសិរ្ស២ធ្នូ 

AKP កំពង់ឆ្នាំង ថ្ងៃទី២៥​ ខែវិច្ឆិកា ឆ្នាំ២០១៩ — កាលពីថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ឆ្នាំង មានរៀបចំមិទ្ទីងអបអរសាទររម្លឹកខួបអនុស្សាវរីយ៍លើកទី៤១ កំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០១៩) ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ គរុសិស្ស សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុប ៩០៤នាក់។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ថ្លែងសុន្ទរកថាក្នុងឱកាសនោះដោយបញ្ជាក់ថា រណសិរ្សថ្ងៃ២ធ្នូ គឺជាប្រវត្តិសាស្រ្តចារឹកជាប់ក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូប មានថ្ងៃ២ធ្នូ ទើបមាន ថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗដូចថ្ងៃនេះ។ ថ្ងៃ២ធ្នូជាថ្ងៃបង្កើតកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានរំដោះជីវិតប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ យើងទាំងអស់គ្នាបានចាត់ទុកថ្ងៃ២ធ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុតចំពោះបុព្វហេតុ នៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា។ រណសិរ្ស២ធ្នូមិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឱ្យរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ប៉ុលពត ប៉ុណ្តោះទេ រណសិរ្ស២ធ្នូ នៅបានជួយស្តារ កសាង និង អភិវឌ្ឍន៍មាតុភូមិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា អ្វីៗដែលប្រជាជនកម្ពុជាទទួលបាននាពេលនេះគឺ ផ្តើមឡើងពីការបូជាសាច់ស្រស់ ឈាមស្រស់ របស់កម្មាភិបាល យុទ្ធជន យុទ្ធនារីជំនាន់មុន។ ​បើគ្មានរណសិរ្ស ២ធ្នូ ១៩៧៨ទេ ក៏គ្មានថ្ងៃជ័យជម្នះ ៧កមរា ១៩៧៩ដែរ ហើយបើគ្មានជ័យជម្នះ ៧មករា ១៩៧៩ទេ ក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ។​ នេះជាសច្ចៈធម៌ប្រវត្តិសាស្រ្ត។

ឯកឧត្តមបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ទទួលបានជោគជ័យ បានបង្រួបបង្រួមជាតិខ្មែរតែមួយឡើងវិញ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានសណ្តាប់ធ្នាប់ក្នុងសង្គមបានល្អប្រសើរ ធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យគួរឱ្យមោទនៈ។ ភាពអំណោយផលខាងនយោបាយនេះ បានរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលទ្រទ្រង់ដល់ការរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមនេះដែរប្រមុខរាជ   រដ្ឋាភិបាលបានយកចិត្តទុកដាក់លុបបំបាត់នូវស្នាមបែកបាក់នៅក្នុងសង្គមជាតិ ធ្វើឱ្យធ្លុងមហាសាមគ្គីជាតិកាន់តែរឹងមាំឡើង ដើម្បីរួមគ្នាដឹកនាំ និងកសាងប្រទេស ឱ្យបានរីកចម្រើនថែមទៀត។

ឯកឧត្តមអភិបាលខេត្ត តំណាងឱ្យសមាជិក សមាជិកាអង្គមិទ្ទីងទាំងមូល បានប្តេជ្ញាថាលើកកម្ពស់ស្មារតីថែរក្សាសុខសន្តិភាព សាមគ្គីភាពផ្ទៃក្នុង ប្រកាន់ភ្ជាប់ប្រពៃណីស្នេហាជាតិផ្សាភ្ជាប់ជាមួយប្រជាជន បម្រើប្រជាជនឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្តន៍ឱ្យបានជោគ ជ័យនូវទិសដៅរបស់ថ្នាក់លើ រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង ។ រួមសាមគ្គីគ្នាដើម្បីពន្យល់ដល់យុវជនជំនាន់ក្រោយឱ្យយល់ និងចងចាំជានិច្ចនូវគុណបំណាច់ថៃ្ង២ធ្នូ និង ថៃ្ងជ័យជម្នះ៧មករា ដែលជាកំណើតទី២ របស់យើងទាំងអស់គ្នា បានឃើញពន្លឺថៃ្ងដូចពេលនេះ។ ប្តេជ្ញាគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីគ្រប់ៗអាណត្តិ និង ចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីអនុវត្តន៍ឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឱ្យបានជោគ ជ័យ កត្តាសំខាន់គឺកាត់បន្ថយឱ្យបាននូវភាពក្រីក្ររបស់ប្រជាជនយើង៕

ដោយ បៃ ស៊ីថុន