សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្អាកការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ នៅទី​ក្រុង​ប៊ូសាន នៃសាធារណរដ្ឋកូរ៉េ 

AKP ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចផ្អាកការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន​នៃ​សាធារណរដ្ឋកូរ៉េ ​ដោយសារតែម្ដាយក្មេកកំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​បានសរសេរថា “ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារ​ម្តាយក្មេក​ជាទីគោរពស្រឡាញ់របស់ខ្ញុំកំពុងស្ថិតនៅសង្រ្គោះបន្ទាន់និងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបាន”។ សម្ដេចតេជោបានលើកឡើងថា ហេតុការណ៍នេះ​បានកើតឡើងចំពេល​ដែល​សម្ដេច​ត្រៀមចាកចេញទៅប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន​នៃសាធារណរដ្ឋ​កូរ៉េ។ សម្ដេចតេជោបានគូសបញ្ជាក់ថា ដោយបំពេញភារកិច្ចជាកូន សម្ដេចគ្មានជម្រើស​អ្វីក្រៅតែពី​​សុំទោសប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន និងឯកឧត្តម ប្រាយុទ្ឋ ចាន់អូចា នាយករដ្ឋ​មន្ត្រីថៃ ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតចំពោះការ​អាក់ខាន​របស់សម្ដេចសម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋ​មន្ត្រី ប្រាក់ សុខុន នឹងតំណាងឱ្យសម្ដេចនៅក្នុងកិច្ចប្រជុំទាំងពីរខាងលើ។

សម្ដេចតេជោក៏សូមការយោគយល់ពីសំណាក់បងប្អូនខ្មែរដែលជានិស្សិត ជាពលករ ជាអាជីវករ និងបងប្អូនដែលមានគ្រួសារជាជនជាតិកូរ៉េដែលត្រៀមខ្លួនមកទទួល និងសំណេះ​សំណាលជាមួយសម្ដេចនៅល្ងាច ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០១៩។

សម្ដេចតេជោក៏បានសុំការយោគយល់សម្រាប់កម្មវិធីការងារមួយចំនួនផ្សេងទៀតដែលនឹងត្រូវលុបចោល ដើម្បីផ្តល់លទ្ធភាពឱ្យសម្ដេច​រួមជាមួយភរិយា​និងក្រុមគ្រួសារដើម្បី​ធ្វើ​បុណ្យ​ជូនអ្នកមានគុណដែលជាការជូនដំណើរចុងក្រោយដែលគ្មានថ្ងៃវិលត្រឡប់​សម្រាប់អ្នក​ម្តាយ​ជាទីគោរពស្រឡាញ់៕

ដោយ រិទ្ធី