សម្ដេចតេជោ៖ តាមរយៈវត្តមានខ្ញុំនៅកូរ៉េនឹងជួយឱ្យលក្ខខណ្ឌការងារ កូនក្មួយពលករកាន់តែល្អប្រសើរឡើង

AKP ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូ​ស​ប​ញ្ជា​ក់ថា តាមរយៈវត្តមានរបស់សម្ដេចនៅសាធារណរដ្ឋកូរ៉េនោះ សម្ដេចសង្ឃឹមថានឹងបានជួប​បង​ប្អូនប្រជាពលរដ្ធ និងកូនក្មួយ សិស្ស​ និស្សិត ព្រមទាំងកូនក្មួយពលករ​ ពលការិនីដែលកំ​ពុ​ង​​​ធ្វើ​ការនៅទីនោះ ហើយតាមរយៈវត្តមានសម្ដេចនៅកូរ៉េនឹងជួយឱ្យលក្ខខណ្ឌការងារកូនក្មួយកា​ន់​តែ​​ល្អប្រសើរឡើង។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេ​ជោ​បានសរសេរថា ពេញមួយសប្តាហ៍នេះ សម្ដេចពិតជារវល់ខ្លាំង ជាមួយកិច្ចការ​ជាតិសំ​ខាន់ៗរួម​ទាំង​ការសម្ពោធរោងចក្រស៊ីម៉ង់ត៍នៅខេត្តកំពត និងបើកការដ្ឋានកសាង​ផ្លូវ​៣៤ខ្សែ​​នៅខេត្ត​ព្រះ​​សីហនុ និងកិច្ចប្រជុំកំពូលអន្តរជាតិអាស៊ីប៉ាស៊ីហ្វិកលើកទី២ ដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ។ សម្ដេចតេជោបានបញ្ជាក់ថា ក្រៅពីនេះ គឺជួបភ្ញៀវព្រឹក ល្ងាចៗរកដក​ឃ្លាសឹងមិនរួច ប៉ុន្តែទោះបីរវល់បែបនេះក្តីគឺសម្ដេច​ពេញ​ចិត្ត ក្នុងការបម្រើប្រទេសជាតិ​ដើម្បីសុខសន្តិភាព និងការរីកចម្រើនរបស់បងប្អូនប្រជាពល​រដ្ឋ​។ សម្ដេចតេជោបន្ដថា នៅថ្ងៃអាទិត្យស្អែកនេះ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា សម្ដេចតេជោនឹងដឹកនាំ​គណៈ​ប្រតិភូចេញ​ទៅ​ប្រ​​ជុំកំពូលអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េជាបន្ត។ សម្ដេចតេជោសង្ឃឹមថា នឹងបានជួបបងប្អូនប្រជាពលរដ្ធ និ​ង​​កូនក្មួយសិស្ស​ និស្សិត ព្រមទាំងកូនក្មួយពលករ​ ពលការិនីដែលកំពុងធ្វើ​ការនៅទីនោះ​ផង​ដែរ​។

ជាមួយគ្នានេះ សម្ដេចតេជោបានលើកឡើងថា តាមរយៈវត្តមានសម្ដេច​នៅសាធារណ​រដ្ឋកូរ៉េ ​នឹងជួយឱ្យលក្ខខណ្ឌការងារកូនក្មួយកាន់តែល្អប្រសើរឡើង។ សម្ដេចតេជោក៏សូម​ជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយសប្បាយរីករាយជួបជុំក្រុមគ្រួសារក្នុងថ្ងៃ​ចុងសប្តាហ៍​គ្រប់ៗ​គ្នា។

គួរបញ្ជាក់ដែរថា បើតាមកម្មវិធីដែលបានគ្រោងទុក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុ​ន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹ​ង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចាក​ចេ​ញ​ពីកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩  ដើម្បីទៅចូលរួម​កិច្ចប្រជុំ​កំពូល​រម្លឹក​ខួប​អនុ​ស្សា​​វរីយ៍​អាស៊ាន​-​សា​ធា​រណរដ្ឋ​កូរ៉េ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១ នៅ​ទីក្រុ​ង​ប៊ូសាន សា​ធា​រ​ណ​រដ្ឋ​កូរ៉េ ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​ ដែលជា​ការតប​តាម​ការអញ្ជើញរបស់ ឯកឧត្ដម មូ​ន ជេ​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​៕

ដោយ ជឹម ណារី