អាជ្ញាធរជាតិអប្សរាបិទសវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ISO 14001: 2015

AKP សៀមរាប ថ្ងៃទី​​​២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ — ជាលទ្ធផលនៃការចុះតាមដានភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ នៃសវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ISO 14001: 2015 មកពីគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះទាំង១៦ របស់អាជ្ញាធរជាតិអប្សរា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ យោងតាមការវាយតម្លៃបង្ហាញថាទទួលបានជោគជ័យ ពោលគឺ សូន្យភាពមិនអនុលោម ២ចំណុចតាមសង្កេត ២៥អនុសាសន៍ និង៥ចំណុចប្រសើរ។

លោក អ៊ុន មណីនីតា ប្រធានសវនករនៃអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បានថ្លែង​ក្នុងកម្មវិធីបិទសវនកម្មដែលបានធ្វើឡើងកាលពីថ្ងៃ១១រោចខែកត្តិកឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា សវនកម្មក្នុងលើកនេះ មិនមានភាព​មិនអនុលោមទេ ប៉ុន្តែមានចំណុចតម្រូវឱ្យធ្វើការកែលម្អជាបន្ត និងមានចំណុចប្រសើរ​មួយ​ចំនួន ហើយសវនកម្ម នឹងតាមដានដំណើរនៃការអនុវត្តនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរជាបន្ត​ទៀត។ លោកបានបន្ដថា ការតាមដាននេះដើម្បីរក្សាប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ចំពោះការប្រែប្រួលស្ថានភាព រក្សាប្រសិទ្ធភាព និងការកែលម្អជាប្រចាំនៃ​ប្រព័ន្ធគ្រប់​គ្រង​បរិស្ថាន-អង្គរ ដើម្បីជួយជំរុញការអនុវត្តប្រព័ន្ធទាំងមូលឱ្យប្រសើរឡើង រក្សាលទ្ធផល​សម្រេច​បានតាមគោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា។

ឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ និងតំណាង​ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានកោតសរសើរចំពោះលទ្ធផលការងារ​និងការរីកចម្រើនសមត្ថភាពរបស់សវនករ ជាពិសេសការកើនឡើងនៃចំណុចតាមអង្កេត និង​អនុសាសន៍ ដែលបានមកពីការចូលរួមសហការរួមគ្នាដើម្បីបរិស្ថានអង្គរ មានភាពប្រសើរ​ឡើង។ ឯកឧត្ដមបានបន្ដថា សវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ISO 14001: 2015 គឺមានភាពល្អប្រសើរ ហើយជំរុញឱ្យការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេស​ថ្នាក់ដឹកនាំតាមនាយកដ្ឋាន មេត្តាចូលរួម​និងជំរុញទឹកចិត្តចំពោះកម្មវិធី​ដើម្បីគ្រប់​គ្រងបរិស្ថានរបស់នាយកដ្ឋាន។ ឯកឧត្ដមបានជំរុញដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្ដីតាម​នាយក​ដ្ឋានជំនាញទាំងអស់ សូមបន្តការខិតខំប្រឹងប្រែងថែមទៀតនូវគ្រប់នាយកដ្ឋាន​ដើម្បីទទួល​បាននូវសមត្ថភាពគ្រប់គ្រាន់តាមរយៈការដឹកនាំនិងបង្ហាត់បង្រៀនពីក្រុមលេខាធិការដ្ឋាននៃ​អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ៕

ដោយ ហង្ស សៀក