ម្ចាស់មេដាយមាសពិភពលោក កែ ឡេង៖ នាងខ្ញុំពិតជាមោទនភាពបំផុត និងអរគុណអ្នក​គាំទ្រទាំងអស់

AKP ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ — វីរកីឡាការិនីដ៏ឆ្នើមរបស់កម្ពុជា អ្នកស្រី កែ ឡេង បានសម្តែងនូវមោទនភាពជាតិ ក្រោយឈ្នះ​មេដាយមាសលើកទី៤ជូនជាតិ ដោយនិយាយទាំងរំភើបចិត្តញាប់ញ័រនៅក្នុងបទសម្ភាសន៍​ជាមួយអ្នកសារព័​ត៌មានថា «នាងខ្ញុំពិតជាមានមោនភាពជាតិបំផុត ហើយសូមថ្លែងអរគុណ​ដ៏ជ្រាលជ្រៅបំផុតជូនសម្តេចសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងប្រិយមិត្តអ្នកគាំទ្រទូទាំងប្រទេស ដែលផ្តល់ការគាំទ្រលើកទឹកចិត្ត​​ជូន​នាងខ្ញុំ ក៏ដូចជាក្រុមកីឡាករ កីឡាការិនីប៉េតង់កម្ពុជា រហូតដល់នាងខ្ញុំប្រជែងបានជោគជ័យ មេដាយមាស ជូនជាតិជាថ្មីម្តងទៀត»។ អ្នកស្រីបានបន្ថែមថា ជ័យជម្នះដ៏ត្រចះត្រចង់នេះ គឺ​កើតចេញពីការរួមផ្តល់កម្លាំចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ប្រិយមិត្តទស្សនិកជន ក្រសួង​​អប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលជំរុញជួយ​ជាកម្លាំង​ចិត្តមិនអាចខ្វះបាន ដែលធ្វើឱ្យស្មារតីអារម្មណ៍ ក្នុងពេលប្រកួតដល់សំខាន់ៗ​នានារហូត​ដល់​វគ្គផ្តាច់ព្រ័ត្រនេះទទួលបានលទ្ធផលផ្លែផ្កា។ អ្នកស្រីបានលើកឡើងថា អ្នកស្រីក៏មិននឹក​ស្មាន​ថា ខ្លួនឯងអាចការពារមេដាយមាសជើងឯកពិភពលោក ជាលើកទី៤ជាប់ៗគ្នា តាមការប្តេជ្ញា​ចិត្តរបស់ខ្លួន មុនពេលប្រកួតនោះដែរ។ អ្នកស្រីបានបញ្ជាក់ថា “ខ្ញុំសូមប្តេជ្ញាចិត្តថានឹងបន្តការ​ខិត​ខំឱ្យអស់ពីសមត្ថភាព ដើម្បីជាតិយើងជាបន្តទៀត ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិ​ការណ៍​ពិភពលោកនេះ ខ្ញុំបានហ្វឹកហាត់ត្រៀមលំបាកខ្លាំងណាស់ ដោយហ្វឹកហាត់រហូតដល់​ម៉ោង​៩យប់ ដើម្បីការពារពេលប្រកួតនៅពេលយប់ជាដើម។ អ្នកស្រីក៏បានបន្ដថា ការតស៊ូខិតខំ​ប្រឹងក្នុងការប្រកួតនេះ គឺដើម្បីកិត្យានុភាពជាតិលើឆាកអន្តរជាតិ ដើម្បីអ្នកគាំទ្រខ្មែរ ទាំងអស់ ដែលផ្តល់ការគាំទ្រ កម្លាំងចិត្តជូនដល់អ្នកស្រី ហើយសូមបន្តការគាំទ្រដល់ក្រុមនារីប៉េតង់​កម្ពុជាលើវិញ្ញាសាក្រុម ៣នាក់ទល់៣នាក់ ដែលកំពុងដំណើរការឈានទៅប្រកួតវគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ចំពោះក្រុមនារីកម្ពុជាទី១ រួមមានវីរកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និងកីឡាការិនី កែវ វណ្ណា បានឡើងទៅកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីវាយបកឈ្នះ​ក្រុមកីឡា​ការិនីវៀតណាម ដោយលទ្ធផលបច្ចេកទេស ពិន្ទុ ១៣ទល់១០ នៅវគ្គ៨ក្រុម​ចុង​ក្រោយលើវិញ្ញាសាវាយជាក្រុម ៣នាក់ទល់នឹង៣នាក់ នាល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩​នេះ។ ដោយឡែកក្រុមនារីកម្ពុជាទី២ មានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី, បង ចន្ថា និងកីឡាការិនី ដួង ឌីណា បានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោយប្រកួតចាញ់ក្រុមនារីឡាវ ដោយលទ្ធផល ៤ទល់១៣ ហើយក្រុមនារីឡាវ ដែលឈ្នះក្រុមនារីកម្ពុជាក្រុមទី២ នឹងត្រូវ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមនារី នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ។ តាមការគ្រោងទុក សម្រាប់កម្មវិធីប្រកួតជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី១៧ នៅកម្ពុជានេះ នឹងបិទបញ្ចប់ជាស្ថាពរ នាពេលល្ងាចថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ៕

ដោយ ហេង ណាលីន