ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរកីឡាការិនី កែ ឡេង ដែលបានឈ្នះ​មេដាយមាសប៉េតង់ពិភពលោកលើកទី៤

AKP ភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​សម្ដែងនូវការអបអរសាទរចំពោះកីឡាការិនី កែ ឡេង ឈ្នះមេដាយមាសប៉េតង់​ពិភពលោ​ក​​លើកទី៤ ជាបន្តទៀត។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេ​ច​តេ​ជោ​នាយករដ្ឋមន្ត្រីបានសរសេរថា សូមអបអរសាទរ វីរកីឡាការិនី កែ ឡេង ដែលបានការ​ពារ​មេ​ដាយមាសពិភពលោកជាលើកទី៣ ដោយបានផ្ដួលកីឡាការិនីឡាវ Bivilak Thepphakan ដោ​យលទ្ធផល ៣៦-២២ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅក្នុងការប្រកួតកីឡា​ប៉េតង់ជើង​ឯក​ពិភព​លោ​ក​​យុវជន និងស្ដ្រី លើកទី១៧ លើវិញ្ញាសារវាយយកពិន្ទុ(Shooting) នារសៀល ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ២០១៩ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

សម្ដេចតេជោគូស​បញ្ជាក់ថា នេះ​ជា​កិត្តិ​យស និងជាមោទនភាពជាតិ ដែលវីរកីឡាការិនី កែ ឡេង ដណ្ដើមបាន មេដា​យមាសពិ​ភ​ព​លោក​ជាលើកទី ៤ ជាប់ៗគ្នា ខណៈមិនទាន់មានកីឡាការិនីប្រទេសណា អាច​ធ្វើបានដូចក​ម្ពុ​ជា​​ឡើយ។ ចំពោះមេដាយមាសពិភពលោក អមជាមួយកំណត់ត្រាប្រវត្តិ​សាស្ដ្រដ៏កម្រនេះ គឺ​ស្រ​បពេលដែលប្រទេសកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្នុងការប្រកួតកីឡា​ប៉េ​តង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧។ សម្ដេចតេជោ​បានលើកឡើងថា កាលពី៣លើកមុន មេដាយមាសដែលអ្នកស្រី កែ ឡេ​ង ដណ្ដើមបាន គឺកាលពីឆ្នាំ​២០១៣ នៅប្រទេសបារាំង, ឆ្នាំ ២០១៥ នៅប្រទេសថៃ និង​ឆ្នាំ​២០​១៧ នៅប្រទេសចិន។ សម្ដេចតេជោក៏សូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមទស្សនា គាំទ្រ និង​លើ​ក​តម្កើងវិស័យកីឡាជាតិរបស់យើង៕

ដោយ ជឹម ណារី