រដ្ឋសភាកំណត់យកថ្ងៃទី២៦ បន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦

AKP ភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ — រដ្ឋសភាកំណត់យកថ្ងៃទី២៦ ខែវិច្ឆិកា សប្តាហ៍ក្រោយបន្តសម័យប្រជុំរដ្ឋសភាលើក ទី៣ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តការពិភាក្សា និងអនុម័តច្បាប់ចំនួន៤ ទៀតតាមការស្នើឡើងរបស់រាជរដ្ឋាភិបាល។

តាមលទ្ធផលកិច្ចប្រជុំគណ:កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នេះបានឱ្យដឹងថា ទី១-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២០។ ២- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកា ទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។ ៣- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា១៧មាត្រា២០ មាត្រា ២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា ៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីពដែលត្រូវប្រកាសឱ្យប្រើ ដោយ ព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។ ៤- ការ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តន៍បទបញ្ញត្តិ នៃអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្ស ផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ៕

ដោយ ប៉ាល់ សុង